(ភ្នំពេញ)៖ នៅថ្ងៃចន្ទ ៦កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញប្រគល់សញ្ញាបត្រជូនិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULES) ជាង ៣ពាន់នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ។
ពិធីនេះនឹងធ្វើឡើងនៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។ លោកបណ្ឌិត លុយ ចណ្ណា សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានឲ្យ Fresh News ដឹងថា និស្សិតដែលទទួលសញ្ញាបត្រនៅថ្ងៃស្អែកនេះ មានចំនួនសរុប ៣,០៤៣នាក់ ក្នុងនោះមានស្ត្រី ១,៤១២នាក់។
លោកបណ្ឌិត លុយ ចណ្ណា បានឲ្យដឹងផងដែរថា និស្សិតដែលទទួលសញ្ញាបត្រនេះ មានថ្នាក់បរិញ្ញាបត្រ ២,៥០១នាក់ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៥៤២នាក់។
បើតាមលោកបណ្ឌិត លុយ ចណ្ណា ចាប់តាំងពីការបើកបណ្តុះបណ្តាលឡើងក្រោយការដួលរលំនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត សាកលវិទ្យាល័យបានផ្តល់សញ្ញាបត្រជូននិស្សិតចំនួន១៩លើករួចមកហើយ។ ក្នុងនោះនិស្សិតដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យមួយនេះមានជាង ៥ម៉ឺននាក់៕