(ភ្នំពេញ)៖ លោក អារីស្តូត (៣៨៤-៣២២ មុនគ.ស.) ជាទស្សនវិទូបុរាណក្រិចម្នាក់ក្នុងចំណោម៣នាក់ ដែលទទួលបានការចងចាំថាជាកំពូលទស្សនវិទូក្នុងយុគបុរាណ។ លោកគឺជាសិស្សរបស់បា្លតុង (Plato) និងជាគ្រូរបស់ព្រះចៅអធិរាជអាឡិចសង់ដឺ (Alexander)។
អារីស្តូត គឺជាកំពូលទស្សនវិទូពហុជំនាញមួយរូប ពោលគឺ លោកមានទេពកោសល្យច្រើនយ៉ាងទាំងតក្កវិទ្យា វិទ្យាសាស្ត្រនយោបាយ បរិមត្ថវិទ្យាជាដើម។
ហេតុនេះហើយបានជាអង្គភាពព័ត៌មាន Fresh News សូមលើកយកទស្សនវិជ្ជារបស់អារីស្តូតមកបង្ហាញ ក្នុងថ្ងៃចុងសប្ដាហ៍ថ្មីនេះ។
ខាងក្រោមនេះ គឺជាការដកស្រង់សង្ខេបពីទស្សនៈរបស់អារីស្តូត៖
១. ទស្សននយោបាយ និងគ្រប់គ្រងរដ្ឋ៖ វិទ្យាសាស្ត្រនយោបាយ គឺជាកិច្ចការរបស់រដ្ឋ ឬសង្គម។
២. ទស្សនៈស្តីពីសុភមង្គល៖ សុភមង្គល គឺអាស្រ័យលើខ្លួនយើងប៉ុណ្ណោះ។
៣. ទស្សនៈស្តីពីភាពល្អប្រពៃនៃចរិតរបស់មនុស្ស៖
មនោសញ្ចេតនាទាំងឡាយមានចំណង់ដល់ការសប្បាយ កំហឹង នឹងការភ័យខ្លាច។
៤. ទស្សនៈស្តីពីសកម្មភាពច្របូកច្របល់៖ ការគំរាមកំហែង ឬការដាក់សម្ពាធនានា មានឥទ្ធិពលដល់ការសម្រេចចិត្តរបស់អ្នកប្រព្រឹត្ត។
៥. ទស្សនៈស្តីពីភាពល្ងង់ខ្លៅ៖ បុគ្គលដែលស្រវឹងនឹងកំហឹង គេចាត់ទុកថាជាបុគ្គលល្ងង់។
៦. ទស្សនៈស្តីពីការជ្រើសរើស៖ ការជ្រើសរើស មិនមែនជាសកម្មភាពប្រកបដោយស្ម័គ្រចិត្តទេ ការជ្រើសរើសត្រូវប្រកបដោយគុណធម៌។
៧. ទស្សនៈស្តីពីគុណធម៌៖ គុណធម៌កើតពីទម្លាប់ ហើយបញ្ញាកើតពីការហាត់រៀន។
៨. ទស្សៈស្តីពីទ្រឹស្តីភាវៈ និងទ្រឹស្តីពុទ្ធិ៖ ជំហានដំបូងដើម្បីទទួលបានពុទ្ធិ គឺត្រូវពិសោធន៍ដោយទ្បែកពីគ្នា តាមរយៈអង្គវិញ្ញាណទាំងទ្បាយរបស់យើង។
៩. ទស្សនៈស្ដីពីយុត្តិធម៌៖ យុត្តិធម៌ គឺត្រូវតែមានលក្ខណៈស្របនឹងគុណធម៌។
១០. ទស្សនៈស្ដីពីនរវិទ្យា និងសង្គមវិទ្យា៖ មនុស្សគឺជាសត្វ ដែលចេះធ្វើនយោបាយ។ មានន័យថា មនុស្សចេះគ្រប់គ្រង ចេះរៀបចំដំណើរការប្រព្រឹត្តទៅ ដើម្បីឈានទៅរកការអភិវឌ្ឍ៕