(ភ្នំពេញ)៖ ការិយាល័យមេធាវីតម្រាច្បាប់ នឹងចូលរួមសកម្មភាពមនុស្សធម៌ តាមរយៈការចូលរួមផ្តល់ជាជំនួយផ្នែកច្បាប់ ទៅកាន់ប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រ ដោយឥតគិតថ្លៃ នៅក្នុងការការពារសិទ្ធិ និងផលប្រយោជន៍របស់ខ្លួន ហើយនេះក៏ជាអ្វីដែល ស្របទៅនឹងទឹកចិត្ត មនុស្សធម៌ដ៏ខ្ពស់ខ្ពស់បំផុតផងដែរ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
លោក មួន សៀងលី ស្ថាបនិកការិយាល័យមេធាវីតម្រាច្បាប់ ការលើកឡើងបែបនេះ នៅក្នុងឪកាសបើកសម្ពោធការិយាល័យមេធាវីតម្រា
ច្បាប់ ដែលមានការចូលរួមពីភ្ញៀវកត្តិយស ដែលជាតួរអង្គនៃវិជ្ជាជីវៈច្បាប់ជាច្រើន ជាអាទិ៍ ចៅក្រម ព្រះរាជអាជ្ញា មេធាវី សារការី អាជ្ញាសាលា ក្រឡាបញ្ជី និងអាជ្ញាធរពាក់ព័ន្ធផ្សេងទៀត។
លោកមេធាវី មួន សៀងលី បានថ្លែងបន្តថា នៅក្នុងការប្រកបវិជ្ជាជីវៈមេធាវីនេះ សមាជិកនៃការិយាល័យមេធាវីតម្រាច្បាប់ មានឆន្ទៈ និងស្មារតីខ្ពស់ នៅក្នុងការចូលរួមគោរពច្បាប់ ធានាឲ្យមានការអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ និងយុត្តិធម៌ ប្រកបដោយភាពសុចរិត ស្មោះត្រង់ មនុស្សធម៌ និងស្របតាមសតិសម្បជ្ជញ្ញៈយ៉ាងខ្ចាប់ខ្ចួន។
លើសពីនេះទៀត មេធាវីតម្រាច្បាប់ នឹងចូលរួមសកម្មភាពមនុស្សធម៌ តាមរយៈការចូលរួម ចែករំលែកចំណេះដឹងផ្នែកច្បាប់ ដោយឥតគិតថ្លៃផងដែរ ទៅកាន់ប្រជាពលរដ្ឋ សិស្ស និស្សិត ដើម្បីឲ្យមានការយល់ដឹងអំពីទិដ្ឋភាពច្បាប់នៅកម្ពុជា ក្នុងគោលដៅអភិវឌ្ឍន៍សង្គម នីតិរដ្ឋមួយឲ្យកាន់តែភាពជោគជ័យ។ ជាក់ស្តែង នៅក្នុងការអបអរសាទរពិធីសម្ពោធការិយាល័យមេធាវីតម្រាច្បាប់ កន្លងទៅ ការិយាល័យមេធាវីតម្រាច្បាប់ មានការចែកជូនសៀវភៅមេរៀនច្បាប់ ទៅកាន់សាធារណៈជន ដោយឥតគិតថ្លៃផងដែរ។ ជាការពិត សកម្មភាពមនុស្សធម៌នេះ លោកមេធាវីបានធ្វើជាច្រើនរួចមក នៅក្នុងការប្រកបវិជ្ជាជីវៈមេធាវីកន្លងទៅ ដូចនេះ ឆន្ទៈរបស់លោក គឺតែបន្តទៅមុខទៀត ជាមួយនឹងដំណើរដ៏ជោគជ័យនៃការិយាល័យមេធាវីតម្រាច្បាប់។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋក្រីក្រ និងពលរដ្ឋទូទៅ អាចស្វែងរកសេវាពីការិយាល័យមេធាវីតម្រាច្បាប់ ដែលស្ថិតនៅ អាគារេលខ ១៨១ ផ្លូវ ១៥០សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោករាជធានីភ្នំពេញ (ខាងលិច ក្រោយសាលាសន្ធម៉ុក)៕