(ភ្នំពេញ)៖ កម្លាំងចលករសម្រាប់ធ្វើសេដ្ឋកិច្ចពិភពលោកងើបឡើងវិញកំពុងត្រូវកាត់បន្ថយ តែការបើកទូលាយកម្រិតខ្ពស់ជុំថ្មីមួយដែលប្រទេសចិនប្រតិបត្តិអនុវត្តដើម្បីសម្រេច ការអភិវឌ្ឍដោយគុណភាពខ្ពស់មិនបានត្រូវបញ្ឈប់ទាល់តែសោះ។
បច្ចុប្បន្នតំណាងប្រជាជនចិនជាង២៩០០រូបកំពុងពិនិត្យពិភាក្សាពង្រាងច្បាប់ស្តីពីវិនិយោគរបស់ពាណិជ្ជករបរទេសនៅក្រុងប៉េកាំង ប្រទេសចិន មានក្តីបំណងឆ្លងតាមរយៈច្បាប់មួយនេះ ដើម្បីជំរុញការវិនិយោគពីពាណិជ្ជករបរទេស ការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ពាណិជ្ជករបរទេស ព្រមទាំងបង្កើតបរិយាកាសប្រកបអាជីវកម្មដែលប្រកបដោយនីតិរដ្ឋ អន្តរភាវូបនិយកម្មនិងកិច្ចសម្រួល។
ក្នុងការគ្រោងធ្វើពង្រាងច្បាប់ស្តីពីវិនិយោគរបស់ពាណិជ្ជករបរទេស ប្រទេសចិនបានគោរពតាមគោលការណ៍ស្តីពីការបើកទូលាយ និងប្រកបដោយតម្លាភាព ឈរលើភាពជាក់ស្តែងរបស់សភាពការណ៍ជាតិ និងការតភ្ជាប់ជាមួយនិងច្បាប់កំណត់អន្តរជាតិ ការវិនិយោគក្នុងនិងក្រៅប្រទេសដូចគ្នា។
ពង្រាងច្បាប់ស្តីពីវិនិយោគរបស់ពាណិជ្ជករបរទេសរួមមាន៦ជំពូក គឺលក្ខណៈទូទៅ ការជំរុញការបណ្តាក់ទុន ការការពារការបណ្តាក់ទុន ការគ្រប់គ្រងការបណ្តាក់ទុនទំនួលសុខត្រូវខាងខាងច្បាប់ និងសេចកី្តបន្ថែមជាដើម ដែលបានឆ្លើយតបនឹងការផ្តោតសំខាន់របស់មជ្ឈដ្ឋានខាងក្រៅ ហើយក៏បានបង្ហាញឲ្យឃើញនូវការបើកទូលាយនិងជំនឿចិត្តលើខ្លួនរបស់ប្រទេសចិនផងដែរ។
អ្នកវិភាគបានលើកឡើងថា ការដាក់ចេញច្បាប់ស្តីពីវិនិយោគរបស់ពាណិជ្ជករបរទេស គឺមានគោលបំណងកំណត់ក្របខណ្ឌ និងក្បួនច្បាប់ជាមូលដ្ឋានសម្រាប់អនុញ្ញាតឲ្យពាណិជ្ជករបរទេស មកបណ្តាក់ទុន ក៏ដូចជាជំរុញ គាំពារនិងគ្រប់គ្រងការបណ្តាក់ទុនរបស់ពាណិជ្ជករបរទេសផងដែរ ហើយនៅពេលអនាគត បើសិនជាពាណិជ្ជករបរទេសជួបប្រទះនឹងបញ្ហាពាក់ព័ន្ធ សុទ្ធតែអាចត្រូវបានដោះស្រាយដោយយុតិ្តធម៌ សមភាពនិងមានតម្លាភាពតាមច្បាប់ពាក់ព័ន្ធរបស់ប្រទេសចិន។
ពង្រាងច្បាប់ស្តីពីវិនិយោគរបស់ពាណិជ្ជករបរទេសមានសង្ឃឹមនឹងត្រូវបានអនុម័តក្នុងមហាសនិ្នបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិនលើកនេះ ប្រការនេះនឹងក្លាយជាសញ្ញាសំខាន់ដែលបង្ហាញ ឲ្យឃើញថា ប្រទេសចិនកាន់តែផ្តោតសំខាន់ទៅលើការបើកទូលាយលើវិស័យរបប និងក្បួនច្បាប់ជាដើម។ អាចរំពឹងថាច្បាប់វិនិយោគរបស់ពាណិជ្ជករបរទេស នឹងដើរតួនាទីគាំពារនិងជំរុញយ៉ាងខ្លាំង ក្នុងការអភិវឌ្ឍប្រកបដោយគុណភាព និងការបើកទូលាយប្រកបដោយកម្រិតខ្ពស់វគ្គថ្មីមួយរបស់ប្រទេសចិន៕