(ប៉ៃលិន)៖ នាព្រឹកថ្ងៃទី១០ ខែមិនា ឆ្នាំ២០១៩ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន អមដំណើរដោយ លោកស្រី ជា លាភ អភិបាលរងខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការមួយចំនួនទៀត បានចុះសួរសុខទុក្ខអ្នកទោស ក្នុងពន្ធនាគារខេត្តប៉ៃលិន ដែលមានទីតាំងស្ថិតក្នុងភូមិទឹកចេញ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
លោក ផាន់ ចាន់ធុល បានលើកឡើងថា «កន្លងមកយើងធ្វើខុស ទើបយើងមានទោស ដូចជាការលួច ឆក់ប្លន់ ការកាប់សំលាប់មនុស្ស ការជួញដូរគ្រឿងញៀនជាដើម។ ជាការពិតណាស់បងបងប្អូន អ្នកលក់ និងចែកចាយគ្រឿងញៀន យើងបានលុយ តែទង្វើរបស់យើងនេះ បានធ្វើឲ្យក្រុមគ្រួសារដែលមានកូន មានចៅ សមាជិកគ្រួសារសេពគ្រឿងញៀន ជួបនូវភាពវឹកវរ ភាពអន្តរាយក្នុងគ្រួសារ បង្ករអំពើហឹង្សារ អំពើរចោរកម្ម ដែលជាបន្ទុករបស់អាជ្ញាធរ និងរាជរដ្ឋាភិបាលទៀតផង»។
លោកបន្តថា «ដូច្នេះសូមឲ្យទណ្ឌិតទាំងអស់ ត្រូវមានស្មារតីភ្ញាក់រលឹកចេះកែខ្លួន ឈប់ប្រព្រឹត្តនូវអំពើខុសឆ្គងដូចកាលកន្លងទៅ ព្រោះថាបើយើងធ្វើខុស យើងនឹងទទួលទោស ទទួលកម្មពារដែលយើងបានសាង មិនអាចគេចផុតឡើយទាំងបច្ចុប្បន្នជាតិ និងអនាគត់ជាតិ»។
លោកអភិបាលខេត្ត បានកោតសសើរដល់ថ្នាក់ដឹកនាំពន្ធនាគារ ដែលបានយកចិត្តទុកដាក់ រៀបចំកែលម្អកន្លែងធ្វើការ ឱ្យមានរបៀបរៀបរយល្អ ជាពិសេសកន្លែងឃុំឃាំង មានសណ្តាប់ធ្នាប់ និងមានសោភ័ណភាព ផាសុខភាព ព្រមទាំងការផ្តល់សេវាបានសមស្រប ជូនមន្រ្តីអនុរក្សក្រោមឱវាទ និងទណ្ឌិតដែលកំពុងជាប់ឃុំ។
ជាមួយនេះ លោកអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំពន្ធនាគារ ត្រូវបន្តការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នបន្ថែមទៀត ទៅលើសន្តិសុខសណ្តាប់ធ្នាប់ ក្នុងមណ្ឌលអប់រំកែប្រែមួយនេះ ដើម្បីកុំឲ្យមានថ្លោះធ្លោយ ដោយប្រការណាមួយ ជាហេតុធ្វើឱ្យ បាត់បង់ជំនឿទុកចិត្តពីថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ ដោយគ្រប់វិនាទី ត្រូវមានការប្រុងប្រយ័ត្នជាប់ជានិច្ច តាមដានគ្រប់សកម្មភាព ទាំងនៅក្នុងមន្ទីរឃុំឃាំង និងនៅក្រៅ ហើយចំពោះមន្រ្តីអនុរក្ស ដែលមានក្រមសីលធម៌ល្អ បំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ មានសាមគ្គីភាព ឯកភាពផ្ទៃក្នុង គឺត្រូវរៀបចំ ឬស្នើសុំដំឡើងឋានៈបំពេញរចនាសម្ព័ន្ធ ព្រមទាំងពិនិត្យ និងរៀបចំកាំប្រាក់បៀវត្សរ៍មន្រ្តី ឱ្យស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី។
បើតាមការបញ្ជាក់របស់ លោក លឹម វាសនា ប្រធានពន្ធនាគារខេត្តប៉ៃលិន បានឱ្យដឹងថា បច្ចុប្បន្ននៅក្នុងពន្ធនាគារខេត្តប៉ៃលិន មានអ្នកទោសសរុបចំនួន ២៥១នាក់ ស្រី១៩នាក់ ក្នុងនោះជនត្រូវចោទ ៤៥នាក់ ស្រី០៣នាក់ ជនជាប់ចោទ ៥៣នាក់ ស្រី០៣នាក់ ពិរុទ្ធជន៥៥នាក់ ស្រី០៦នាក់ ទណ្ឌិត ៩៨នាក់ ស្រី០៧នាក់ ជនបរទេស០៤នាក់ អនីតិជន១៦នាក់ កូនតាមម្តាយ០១នាក់ និងស្ត្រីមានផ្ទៃពោះ០២នាក់៕