(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចផ្តល់អគារមួយខ្នង ចំនួន៣ជាន់ចំនួន មាន២៤បន្ទប់ សម្រាប់ការស្នាក់នៅ កន្លែងសិក្សា កន្លែងសមាធិ និងកន្លែងពិនិត្យ ព្យាបាលជំងឺជាដើម ដល់មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៉ីប ទុំឌី។
ការសម្រេចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានធ្វើឡើងក្នុងឱកាសដែលសម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញចុះទៅជួបសំណេះសំណាលជាមួយគ្រូៗ យុវនារី និងកុមារី រងគ្រោះនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៉ីប ទុំឌី នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩នេះ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា៖ «ឥឡូវតាចាប់ផ្តើមពីការស្នាក់នៅសិន យើងបានពិនិត្យឃើញថា អគារទាំង១១ខ្នងដែលមាននេះ យើងត្រូវវាយអគារចំនួន៧អគារចេញ ប៉ុន្តែជំនួសមកវិញនូវអគារមួយខ្នង ៣ជាន់ ២៤បន្ទប់ តែម្តង។ នៅក្នុងបរវេណនេះ ត្រូវចាក់បេតុង ធ្វើរបង ខ្លោងទ្វារ និងដងទង់ជាតិឲ្យបានត្រឹមត្រូវ»។
សម្តេចតេជោ ហ៊ុន សែន បានណែនាំដល់សាលារាជធានីភ្នំពេញ ឲ្យរៀបចំធ្វើផ្លូវនៅជុំវិញមជ្ឈមណ្ឌលនេះផងដែរ ហើយសម្តេចបានសម្រេចជួលវីឡាមួយកន្លែង សម្រាប់ឲ្យកុមារី យុវតី និងបុគ្គលិកក្នុងមជ្ឈមណ្ឌល ដើម្បីស្នាក់នៅបណ្តោះអាសន្ន ក្នុងពេលដំណើរការសាងសង់អគារថ្មី។ សម្តេចតេជោ ហ៊ុន សែន ក៏បានសម្រេចឲ្យមាន ការរៀបចំបណ្ណបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ជូនដល់កុមារី យុវតី និងបុគ្គលិកបម្រើការងារ នៅក្នុងមជ្ឈមណ្ឌលផងដែរ។
សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍បន្តថា៖ «ប៉ុន្តែដើម្បីឲ្យចៅៗ ស្នាក់នៅដោយគ្មានការរំខានក្នុងពេលសាងសង់ ហើយដំណើរការសាងសង់ ត្រូវប្រើពេលវេលាមួយហើយមិនអាច គិតបណ្តោយឲ្យចៅៗនៅទីកន្លែងនេះ។ អញ្ចឹងឥឡូវនេះ បានជួលផ្ទះនៅខាងក្រៅ សម្រាប់ចៅៗនិងអ្នកទទួលខុសត្រូវស្នាក់នៅ។ មានវីឡាមួយត្រូវបានជួលដោយឧកញ៉ា ហោម រ៉ន គាត់ចូលរួមជួយនៅក្នុងការជួលរយៈពេល១២ខែ»។
ទន្ទឹមនឹងនេះ សម្តេចតេជោ ក៏បានសម្រេចផ្តល់ប្រាក់ឧបត្ថម្ភដល់កុមារី និងយុវតីរងគ្រោះក្នុងមជ្ឈមណ្ឌលចំនួន ៨៩នាក់ ដោយក្នុងម្នាក់ៗ ១០ម៉ឺនរៀលក្នុងមួយខែ ស្មើនឹងប្រមាណ ៣០០ដុល្លារអាមេរិកក្នុងមួយឆ្នាំ។ សម្រាប់ថ្ងៃនេះផងដែរ ក្រៅពីនាំមកនូវគ្រឿងឧបភោគ បរិភោគ សម្តេចតេជោ ហ៊ុន សែន បានឧបត្ថម្ភថវិកា ៣០លានរៀលដល់មជ្ឈមណ្ឌល និងឧបត្ថម្ភថវិកាដល់កុមារី និងយុវតីរងគ្រោះម្នាក់ៗ ១០ម៉ឺនរៀល។
សម្តេចតេជោ ហ៊ុន សែន បានសម្រេចឧបត្ថម្ភអង្ករ១តោន ២០០គីឡូ និងថវិកា ១០លានរៀលក្នុងមួយខែ ដល់មជ្ឈមណ្ឌលនេះផងដែរ។ ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានសម្រេចឧបត្ថម្ភរថយន្តមួយគ្រឿង ដល់មជ្ឈមណ្ឌលសម្រាប់ដឹកកុមារី និងយុវតីទៅសិក្សាទៀតផង ហើយរថយន្តនេះ ជាប្រភេទរថយន្តថ្មីសុទ្ធតែម្តង។
សម្តេចតេជោ ហ៊ុន សែន រំពឹងថា មជ្ឈមណ្ឌលផ្សេងៗ នឹងមិនច្រណែនជាមួយកុមារី និងយុវតីនៅក្នុងមជ្ឈមណ្ឌល បណ្តុះបណ្តាលវិជ្ជាជីវៈ និងស្តារនីតិសម្បទាយុវនារី អាហ្វាស៊ីប ទុំឌី នោះទេ។ សម្តេចតេជោ ចាត់ទុកការជួយដល់មជ្ឈមណ្ឌលនេះ ជាករណីពិសេសជាងគេ ហើយក៏ដូចជាការប៉ះប៉ូវលើកំហុសឆ្គងដែលសម្តេច មិនបានចុះមកដល់មជ្ឈមណ្ឌលនេះ អស់ជាច្រើនឆ្នាំ។
ជាថ្នូរនឹងការជួយឧបត្ថម្ភនានានោះ សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យកុមារី និងយុវតីរងគ្រោះទាំងអស់ ត្រូវសន្យារៀនឲ្យចប់ថ្នាក់ទី១២ ហើយបើបន្តដល់មហាវិទ្យា គឺទទួលបានអាហារូបករណ៍ ពីសម្តេចនាយករដ្ឋមន្ត្រីដោយផ្ទាល់៕