(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃអាទិត្យ ១០កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ លោកទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងប្រធានក្រុមការ ងាររាជរដ្ឋាភិបាលថ្នាក់ជាតិចុះជួយស្រុកបរសេដ្ឋ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី លើកទី១០៨ ក្រោមប្រធានបទ "លើកកម្ពស់សមភាពយេនឌ័រ និងគាំពារសង្គម ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស" នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីលោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកបរសេដ្ឋ លោកជាប្រធាន អនុប្រធានក្រុមការ ងារចុះជួយឃុំ ស្រ្តីជាគ្រូបង្រៀន គ្រូពេទ្យ ថ្នាក់ ដឹកនាំភូមិ ឃុំ និងមន្រ្តីសាលា ស្រុក ការិយាល័យជុំវិញស្រុកបរសេដ្ឋជាង២០០នាក់។
បន្ទាប់ពីការធ្វើរបាយការណ៍ស្វាគមន៍ដោយលោក ឈឺន សុធន អភិបាល និងជាប្រធានស្ដីទីគណៈ កម្មាធិការបក្សស្រុកបរសេដ្ឋ និងការអានប្រវត្តិទិវា អន្តរជាតិនារី ៨មីនា ដោយលោកស្រី សន ស្រីមុំ ប្រធានការិយាល័យកិច្ចការនារីស្រុកបរសេដ្ឋមក លោកទេសរដ្ឋមន្ត្រីបានមានប្រសាសន៍ថ្លែង អំណរគុណបងប្អូនប្រជាជន និងជាពិសេសនារីនៅស្រុកបរសេដ្ឋដែលបានទៅបោះឆ្នោត និងបានគាំទ្រគណបក្សប្រជាជនកម្ពុជា។ ការដែលបងប្អូនប្រជាពលរដ្ឋបានទៅបោះឆ្នោត គឺដើម្បីថែរក្សាសន្តិភាព សុវត្ថិភាព និងសន្តិសុខ។ បើគ្មានសន្តិសុខ សុវត្ថិភាព និងសន្តិភាពទេ យើងក៏មិនអាចធ្វើការអភិវឌ្ឍស្រុកបានដែរ។ ការបន្តគាំទ្រគណបក្សប្រជាជនកម្ពុជាគឺយើងចង់រក្សានូវសុខសន្តិភាព ដើម្បីបន្តការអភិវឌ្ឍ។
លោកទេសរដ្ឋមន្ត្រីបានបន្តថា យើងមិនអាចលេង សើចក្នុងការឱ្យគណបក្សផ្សេងមកកាន់អំណាចបានទេ។ កន្លងមកយើងបានឆ្លងកាត់ហើយ គឺការឡើងមកកាន់អំណាចដោយគ្មានបទពិសោធន៍របស់ពួក ប៉ុល ពត បាននាំឱ្យប្រទេសជួបនូវគ្រោះមហន្តរាយ។ ការបន្តគាំទ្រគណបក្សប្រជាជនកម្ពុជាយូរអង្វែង គឺដើម្បីឱ្យយើងបន្តផែនការអភិវឌ្ឍន៍បន្តទៅទៀត។ ពួកប្រឆាំងថា ស្រុកខ្មែរកាន់តែក្រទៅៗ ប៉ុន្តែពិភពលោកទទួលស្គាល់ថា ខ្មែរយើងលែងជាប្រទេសក្រីក្រហើយតាំងពីឆ្នាំ២០១៦។ យើងនឹងក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ ហើយនឹងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ដើម្បីបានទៅដល់ការអភិវឌ្ឍកម្រិតខ្ពស់នោះ យើងត្រូវមានស្ថិរភាពនយោបាយ។ សព្វថ្ងៃនេះយើងមានការរីកចម្រើនជានិច្ច។ ដោយសារកំណើនកម្រិតជីវភាព និងទេសចរយើងបានកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើន។ យើងនឹងបើកការដ្ឋានស្ថាបនាផ្លូវល្បឿនលឿនទៅខេត្តព្រះសីហនុ និងមាន ព្រលានយន្តហោះថ្មីផងដែរ។ ដូច្នេះ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការជ្រើសរើសដ៏ត្រឹមត្រូវ។
ពេលបោះឆ្នោតហើយគេថា រាជរដ្ឋាភិបាលមិនស្របច្បាប់គ្មានគេទទួលស្គាល់ទេ។ ពេលសម្តេចតេជោទៅប្រជុំនៅអាម៉េរិក ចិន អឺរ៉ុប គេទទួល និងថែមទាំងឱ្យយើងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំអាស៊ីអឺរ៉ុបនៅឆ្នាំ២០២០ទៀត ផង។ បរទេសនៅតែបន្តគាំទ្រយើង ហើយរាជរដ្ឋាភិបាលទៅណាក៏គេទទួលដែរ។ សព្វថ្ងៃសភាពការណ៍ស្រុកខ្មែរមានសុខសន្តិភាព មិនមានបញ្ហាអ្វីទាំងអស់។ បញ្ហាដែលគេលើកឡើងថាមានវិបត្តិនយោបាយនោះ គឺជារឿងអ្នកនយោបាយមានវិបត្តិទៅវិញទេ។ រាជរដ្ឋាភិបាលមិនអនុញ្ញាតឱ្យគណបក្សសង្គ្រោះជាតិរស់ឡើងវិញទេ នេះជាការសម្រេចរបស់តុលាការ ដែលជាធិបតេយ្យភាព និងឯករាជ្យជាតិ។
មុននឹងបញ្ចប់ លោកទេសរដ្ឋមន្ត្រីបានបន្តថា សម្តេចតេជោបានមានប្រសាសន៍ថា យើងមិនយកជំនួយប្តូរជាមួយអធិបតេយ្យភាពជាតិទេ។ ការដកចេញការមិនយកពន្ធលើទំនិញដែលកម្ពុជាយើងនាំចូលទៅអឺរ៉ុប (EBA) មិនបង្កនូវបញ្ហាធ្ងន់ធ្ងរនោះទេ។ យើងត្រូវកែប្រែស្ថានភាពពីគេទារឱ្យបង់ពន្ធ ទៅជាពង្រឹងសមត្ថភាពប្រកួតប្រជែង។ រាជរដ្ឋាភិបាលកំពុងគិតគូរអំពីការបន្តនិរន្តរភាពរោងចក្រកាត់ដេរ ដើម្បីឱ្យនៅតែបន្តដំណើរការ និងមានផលចំណេញ។ យើងក៏មានទុនបម្រុងដើម្បីបន្តដំណើរការការងារទៅមុខផងដែរ៕