(តាកែវ)៖ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ នៅក្នុងបរិវេណវិទ្យាល័យ១មិថុនា ស្ថិតក្នុងឃុំពារាម ស្រុកបាទី ខេត្តតាកែវ លោក កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៉ីវិល និងលោក Wang​Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា អមដំណើរដោយ លោក លី សាវ៉េត អភិបាលរងខេត្តតាកែវ ព្រមទាំងថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងរដ្ឋបាលស្រុកបាទី បានអញ្ជើញពិនិត្យវឌ្ឍនភាព នៃការសាងសង់អណ្តូងទឹកស្អាត ចំនួន២០០ គិតជាទឹកប្រាក់ចំនួន ៤៤០,០០០ដុល្លារអាមេរិក ដែលជាជំនួយរបស់ប្រជាជនចិន តាមរយៈមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ដែលកំពុងដំណើរការសាងសង់ ជូនប្រជាជននៅស្រុកបាទី និងស្រុកបូរីជលសារ។

ថ្លែងក្នុងពិធីសំណេះសំណាល ជាមួយប្រជាពលរដ្ឋអ្នកទទួលផល និងសិស្សានុសិស្ស ប្រមាណ៥០០នាក់ លោក​ កឹមរ័ត្ន វិសិដ្ឋ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រជាជនចិន និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ដែលបានផ្តល់ជំនួយដ៏ថ្លៃថ្លានេះ ឆ្លើយតបយ៉ាងទាន់ពេលវេលា ទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ដែលកំពុងជួបប្រទះ នូវការខ្វះខាតទឹកស្អាតប្រើប្រាស់។ កាយវិការដ៏ថ្លៃថ្លានេះ ជាសក្ខីភាពនៃកិច្ចប្រឹងប្រែង រឹតចំណងមិត្តភាពរវាងប្រជាជន និងប្រជាជនដែលជាផ្នែកមួយ​ នៃយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៃទំនាក់ទំនងកម្ពុជា និងចិន។

លោកបានកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំខេត្តតាកែវ និងរដ្ឋបាលស្រុកបាទី ក៏ដូចជារដ្ឋបាលស្រុកបូរីជលសារ ដែលតែងតែផ្តល់ការសហការ និងការគាំទ្រយ៉ាងយកចិត្តទុកដាក់ ដល់ដំណើរការរៀបចំ និងអនុវត្តន៍គម្រោងនេះ និងបានផ្តាំផ្ញើឱ្យប្រជាពលរដ្ឋអ្នកទទួលផល ព្រមទាំងអាជ្ញាធរភូមិ ឃុំ ខិតខំថែរក្សាសមិទ្ធផលអណ្តូងទឹកស្អាតទាំងនេះ ឱ្យប្រើបានយូរអង្វែង។

បន្ទាប់ពីពិធីសំណេះសំណាលបានបញ្ចប់ គណៈប្រតិភូបានអញ្ជើញទៅពិនិត្យមើលអណ្តូងទឹកស្អាត មិត្តភាពនៅលើផ្លូវសូត្រ កម្ពុជា-ចិន ដែលកំពុងសាងសង់ នៅក្នុងទីធ្លាវិទ្យាល័យ១មិថុនា និងអណ្តូង ដែលបានសាងសង់រួច ស្ថិតនៅភូមិប្រមូលសុខ ឃុំដូង ស្រុកបាទី​ ខេត្តតាកែវ៕