(ភ្នំពេញ)៖ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩នេះ បានចេញមកពន្យល់អំពីទិដ្ឋភាពផ្លូវច្បាប់ ជុំវិញករណីវិវាទការងារ នៅរោងចក្រ W&D ជាមួយកម្មករដែលទាមទារឲ្យរោងចក្រទូទាត់ប្រាក់បំណាច់អតីតភាពការងារជាកញ្ចប់ នៅក្នុងពេលតែមួយ និងឈានដល់ការបញ្ឈប់កម្មករផងដែរ។
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានអះអាង និងបង្ហាញភស្ដុតាងថា ការបញ្ឈប់កម្មករដែលមិនចូលធ្វើការ នៅរោងចក្រ W&D គឺជារឿងត្រឹមត្រូវតាមផ្លូវច្បាប់ ក្រោមហេតុផលថាកម្មករបានប្រព្រឹត្តកំហុសធ្ងន់ធ្ងរ មិនអនុវត្តតាមដីកាសម្រេចចាត់ចែងបណ្ដោះអាសន្ន ចុះថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩។
ការចេញមកបញ្ជាក់របស់ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានធ្វើឡើងក្នុងសន្និសីទសារព័ត៌មានមួយ នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩នេះ ស្ដីពីវិវាទការងារនៅរោងចក្រ W&D (Cambodia) Co.,Ltd.។ សន្និសីទនេះ មានការចូលរួមពីលោកខេន លូ អគ្គលេខាធិការ GMAC លោក កាំង ម៉ូនីកា អគ្គលេខាធិការរង GMAC និងលោក ជីមី នាយកគ្រប់គ្រងទូទៅរោងចក្រ W&D និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
លោក កាំង ម៉ូនីកា បានបញ្ជាក់យ៉ាងដូច្នេះថា «ជាការពិត ការបញ្ឈប់កម្មករនិយោជិតដែលមិនចូលធ្វើការ គឺធ្វើតាមនីតិវិធីត្រឹមត្រូវ៖
*នីតិវិធី នៃក្រុមប្រឹក្សាអាជ្ញាកណ្តាល៖ កម្មករដែលបានធ្វើកូដកម្មខុសនីតិវិធីនោះ មិនព្រមចូលធ្វើការ តាមសេចក្តីបញ្ហារបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល ដែលឈានដល់ការស្នើសុំដីការក្សាការពារពីតុលាការ។
*នីតិវិធីតុលាការ ក្រោយពីទទួលបានដីកា រក្សាការពារពីតុលាការ កម្មករនិយោជិតនៅតែបន្តកូដកម្មមិនព្រមចូលធ្វើការ ដែលការប្រព្រឹត្តដូច្នេះត្រូវចាត់ទុកជាកំហុសធ្ងន់»។
គួរជម្រាបថា វិវាទការងារនៅរោងចក្រ W & D (Cambodia) Co., Ltd. បានកើតឡើងតាំងពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ រហូតដល់បច្ចុប្បន្ន ដែលកម្មករនិយោជិតចំនួន១៧២៩នាក់ បាននាំគ្នាធ្វើកូដកម្ម ដើម្បីទាមទារឲ្យរោងចក្រទូទាត់ប្រាក់បំណាច់អតីតភាពការងារ មុនឆ្នាំ២០១៩ ជាកញ្ចប់នៅក្នុងពេលតែមួយ និងគណនាប្រាក់បំណាច់អតីតភាពការងារមុនឆ្នាំ២០១៩ ឲ្យដូចនឹងឆ្នាំ២០១៩។
ក្នុងករណីវិវាទនេះ ខាងរោងចក្រ ក៏ដូចជាកម្មករ បានដោះស្រាយ និងព្យាយាមសម្របសម្រួលគ្នាជាបន្ដបន្ទាប់ទៅតាមនីតិវិធីដែលកំណត់ដោយច្បាប់ នៅក្នុងប្រទេសកម្ពុជា។ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីការក្សាការពារ ដោយសម្រេចបង្គាប់ឲ្យកម្មករ ជាកូដករទាំងអស់ចូលបម្រើការងារឲ្យបានទៀងទាត់ តាមវេន តាមក្រម តាមតួនាទី និងភារកិច្ចរៀងៗខ្លួន ក្នុងរយៈពេល៤៨ម៉ោង គិតចាប់ពីថ្ងៃចេញដីកាសម្រេចនេះ ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមមាត្រា៣៣៧ នៃច្បាប់ស្តីពីការងារ។
នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩ រោងចក្របានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការបញ្ឈប់កម្មករចំនួន១១០៤នាក់ ដែលបានប្រព្រឹត្តកំហុសធ្ងន់ ដោយសារការមិនអនុវត្តតាមដីកាសម្រេចចាត់ចែងបណ្តោះអាសន្នចុះថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩ ដែលនៅក្នុងសេចក្តីប្រកាសព័ត៌មាននោះ ក៏មានការជូនដំណឹងដល់កម្មករ ដែលត្រូវបានបញ្ឈប់ទាំងអស់ មកបើកប្រាក់ឈ្នួលចុងក្រោយនៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ផងដែរ។
ដោយមានការសម្របសម្រួលពី មន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានស្នើឲ្យរោងចក្រមានការយោគយល់ទទួលកម្មករនិយោជិត ចូលធ្វើការវិញ នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩រោងចក្រក៏យល់ព្រមតាមសំណើនោះ ដោយប្រកាសបើកចំហ ហើយប្រជុំផ្សព្វផ្សាយដល់បងប្អូន កម្មករដែលកំពុងធ្វើការព្រមទាំងបិទប្រកាសជាសារធារណៈឲ្យកម្មករនិយោជិត ចូលធ្វើការជាធម្មតា លើកលែងតែកម្មករមួយចំនួនតូចដែលធ្វើការបិទផ្លូវ និងរារាំងកម្មករដទៃទៀត មិនឲ្យចូលធ្វើការប៉ុណ្ណោះ។
រហូតមកដល់បច្ចុប្បន្ននេះ រោងចក្រនៅតែប្រកាសស្វាគមន៍កម្មករទាំងអស់ ចូលមកធ្វើការវិញ លើកលែងតែកម្មករមួយចំនួនតូច ដែលបិទផ្លូវសារធារណៈ និងបង្កការរារាំងកម្មករឯទៀតមិនឲ្យចូលធ្វើការប៉ុណ្ណោះ ហើយឥឡូវនេះក្នុងចំណោមកម្មករនិយោជិតចំនួន១,៧២៩នាក់ ដែលបានធ្វើកូដកម្មនោះ មានកម្មករនិយោជិត ចំនួន៨១៤នាក់ បានត្រឡប់ចូលធ្វើការវិញ។
យ៉ាងណាក៏ដោយ សម្រាប់វិវាទការងារមួយនេះ លោក ជីមី នាយកគ្រប់គ្រងទូទៅរោងចក្រ W&D បានអះអាងថា ក្នុងរយៈពេល២ខែ ពោលខែមករា និងខែកុម្ភៈ ខាងភាគីរោងចក្រខាតបង់ទឹកប្រាក់ប្រមាណជាជិត២លានដុល្លារ ដោយបូកបញ្ចូលទាំងការយឺតយ៉ាវក្នុងការដឹកជញ្ជូន និងបាត់បង់អ្នកបញ្ជាទិញនៅក្រៅប្រទេស ចំនួន៣នាក់ ក្នុងចំណោមអ្នកបញ្ជាទឹកសរុប១០នាក់។
នាយកគ្រប់គ្រងរូបនេះ បានគូសបញ្ជាក់ថា រោងចក្រ W&D បានបើកដំណើរការនៅប្រទេសកម្ពុជា តាំងពីឆ្នាំ១៩៩៨ ពោលបានបោះទុនវិនិយោគនៅកម្ពុជា រយៈពេល២២ឆ្នាំមកហើយ ដោយចាប់ផ្ដើមពីកម្មករប្រមាណ៦០០នាក់ រហូតឡើងដល់ជាង១,៧០០នាក់ ហើយរោងចក្រតែងតែគោរព និងអនុវត្តត្រឹមត្រូវនៅតាមច្បាប់ការងារកម្ពុជា និងបទដ្ឋានអន្ដរជាតិនានាផងដែរ មិនដែលមានបញ្ហាអ្វីកើតឡើងនោះទេ ទើបតែពេលនេះប៉ុណ្ណោះ៕