(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩នេះ បានប្រកាសធ្វើជាបង្អែកដ៏រឹងមាំរបស់មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប ទុំឌី ដោយធានាអះអាងថា សម្តេច នឹងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មិនឲ្យមជ្ឈមណ្ឌល អាហ្វេស៊ីប ទុំឌីនេះ ដួលរលំនោះឡើយ បើទោះបីថ្ងៃក្រោយសប្បុរសជនបានដកខ្លួនក៏ដោយ។
តែទោះជាយ៉ាងណា សម្ដេចតេជោ ហ៊ុន សែន ក៏នៅតែបន្ដអំពាវនាវទៅដល់សប្បុរសជន ក្នុងស្រុក ឬក្រៅទាំងអស់ បន្ដជួយដល់មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប ទុំឌីនេះ។
ការប្រកាសបែបនេះបានធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញចុះទៅជួបសំណេះសំណាលជាមួយគ្រូៗ យុវនារី និងកុមារី រងគ្រោះ នៅមជ្ឈមណ្ឌល បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប ទុំឌី នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩នេះ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «តាពិតជាបង្អែកដ៏រឹងមាំមួយសម្រាប់ចៅៗ បើទោះបីថា មជ្ឈមណ្ឌលនេះថ្ងៃក្រោយសប្បុរសជនបានដកខ្លួន ក៏តាមិនទុកឲ្យមជ្ឈមណ្ឌលមួយនេះ ត្រូវបិទនោះទេ ក៏ប៉ុន្ដែខ្ញុំនៅតែអំពាវនាវ នៅសប្បុរសជនទាំងឡាយដែលបានជួយរួចមកហើយនោះ បន្ដជួយតទៅទៀត»។
នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ទៀតថា «នៅពេលណាដែលគេមិនអាចជួយបាន យើងនឹងដោះស្រាយធ្វើយ៉ាងម្ដេច ឲ្យអង្គការក្រៅរដ្ឋាភិបាលមួយនេះបន្ដ ដែលជាការរួមចំណែកដ៏ធំ ក្នុងការដោះស្រាយបញ្ហា»។
សម្ដេចតេជោ ហ៊ុន សែន បានសម្លឹងឃើញថា ទីកន្លែងស្នាក់នៅរបស់ក្មេងៗនៅទីនេះ មានការលំបាក ប៉ុន្ដែមិនលំបាកខ្លាំង ដូចជាកន្លែងរស់នៅដែលក្មេងៗរងគ្រោះទាំងនោះ រស់នៅពីមុននោះទេ។ សម្ដេចតេជោ បានថ្លែងថា សម្ដេចមកទីនេះ គឺដើម្បីដោះស្រាយបញ្ហាមួយចំនួន ក្នុងគោលបំណងឲ្យក្មេងៗទាំងនោះបន្ដស្នាក់នៅធ្វើការ ក្នុងរយៈពេលវែង។
ជាមួយគ្នានោះសម្តេចតេជោ ហ៊ុន សែន ក៏បានសម្រេចឲ្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាន ទទួលយកបុគ្គលិកក្នុងមជ្ឈមណ្ឌល៣២នាក់ ចូលក្នុងក្របខណ្ឌរបស់ក្រសួង និងសម្រេចផ្តល់អគារ មួយខ្នង៣ជាន់ចំនួន ២១បន្ទប់ សម្រាប់ការស្នាក់នៅ កន្លែងសិក្សា កន្លែងសមាធិ និងកន្លែងពិនិត្យ ព្យាបាលជំងឺផងដែរ។
សូមបញ្ជាក់ថា មជ្ឈមណ្ឌល អាហ្វេស៊ីប ទុំឌី ស្ថិតនៅភូមិ២៤ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ មជ្ឈមណ្ឌលនេះ គឺជាកន្លែងជួយសង្គ្រោះ ជួយព្យាបាលផ្លូវចិត្ត និងផ្តល់ជំនាញវិជ្ជាជីវៈផ្សេងៗដល់កុមារី និងយុវនារី ដែលរងគ្រោះ ដោយការរំលោភសេពសន្ថវៈ។ មជ្ឈមណ្ឌលនេះ មានគ្រូ បុគ្គលិក អ្នកស្ម័គ្រចិត្តចំនួន ៤៤នាក់ និងមានកុមារី យុវនារីរងគ្រោះកំពុងស្នាក់នៅ និងទទួលការបណ្តុះបណ្តាលផ្សេងៗ ៨៩នាក់៕