(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩នេះ បានប្រកាសថា សម្ដេចចង់កែរដ្ឋធម្មនុញ្ញកម្ពុជា ឲ្យមានទោសប្រហារជីវិត ចំពោះជនដែលមានសណ្តានជាសត្វតិរច្ឆាន ទៅប្រព្រឹត្តអំពើរំលោភបំពានលើរូបរាងកាយរបស់កុមារ ប៉ុន្ដែត្រូវធ្វើឡើងតាមប្រជាមតិរបស់ប្រជាពលរដ្ឋទូទាំងប្រទេស។
ការប្រកាសបែបនេះ របស់សម្ដេចប្រមុខនៃរាជរដ្ឋាភិបាល ធ្វើឡើងបន្ទាប់ពីសម្ដេចបានស្តាប់ពីភាពព្រៃផ្សៃទៅលើកុមារីរងគ្រោះ ក្រោយពួកគេត្រូវបានជីតា ឪពុក ឪពុកមា និងបងរំលោភជាដើម ក្នុងឱកាសសម្ដេច និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញសំណេះសំណាល ជាមួយគ្រូ និងកុមារីរងគ្រោះ នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប ទុំឌី។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ដោយអារម្មណ៍ក្ដុកក្ដួលយ៉ាងដូច្នេះថា «តាបាននិយាយជាមួយយាយ ថាចង់មានគំនិតផ្ដួចផ្ដើម ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ បើកឲ្យមានទោសប្រហារជីវិតឡើងវិញ ចំពោះជនណាដែលរំលោភទៅលើកូនខ្លួនឯង ជីតារំលោភចៅខ្លួនឯង គួរកម្រិតទោសប្រហារជីវិត តែនេះគ្រាន់តែជាការគិតរបស់តាទេ»។
សម្ដេចតេជោ ហ៊ុន សែន ក៏បានឲ្យដឹងថា ការស្នើវិសោធនកម្មរដ្ឋធម្មនុញ្ញកំណត់ឲ្យមានទោសប្រហារជីវិតឡើងវិញនេះ មិនមែនធ្វើតាមសំណើរបស់ នាយករដ្ឋមន្ដ្រី ឬសមាជិករដ្ឋសភានោះឡើយ ពោលត្រូវតែដើរធ្វើប្រជាមតិថា «តើគួរមានទោសប្រហារជីវិតឡើងវិញឬអត់?»។ សម្ដេចបានបន្ថែមថា ទោសប្រហារជីវិតនេះ កំណត់ត្រឹមជីតារំលោភចៅខ្លួនឯង ឪពុករំលោភកូន ឪពុកមារំលោភក្មួយ។
លើសពីនេះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏បានគូសបញ្ជាក់ ដោយមិនចង់ឃើញការមើលស្រាលចំពោះកុមារី និងយុវតីរងគ្រោះ ដោយទង្វើរំលោភបំពានលើរូបរាងកាយនោះឡើយ ហើយសម្ដេច និងឧត្តមភរិយា ពិតជាបានយល់នូវការឈឺចាប់របស់កុមារី និងយុវតីដែលរងគ្រោះដោយអំពើដ៏ព្រៃផ្សៃមួយនេះ។
ទន្ទឹមគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានសង្កត់ធ្ងន់ថា កុមារី និងយុវតីនៅក្នុងមជ្ឈមណ្ឌលនេះ ជានារីរងគ្រោះដោយអំពើរំលោភបំពាន មិនមែនជានារីស្ម័គ្រចិត្ត ក្នុងការប្រកបរបររកស៊ីផ្លូវភេទនោះទេ ដែលថ្ងៃមុខនឹងក្លាយជាភរិយា ជាម្តាយគេដ៏ល្អ ដូច្នេះមិនត្រូវរើសអើងចំពោះពួកគេនោះឡើយ ហើយសម្ដេច បានផ្តាំផ្ញើដល់កុមារី និងយុវតីរងគ្រោះក្នុងមជ្ឈមណ្ឌលទាំងអស់ មិនត្រូវបណ្តោយខ្លួនរហូតឈានទៅប្រព្រឹត្តទង្វើខុស ពីសីលធម៌សង្គមនោះឡើយ៕