(ភ្នំពេញ)៖ ជាទូទៅនៅគ្រប់វិស័យការងារទាំងអស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា មិនថាវិស័យឯកជន ឬក្របខណ្ឌក្នុងមន្ត្រីរាជការស៊ីវិលនោះទេ សុទ្ធតែមានលក្ខខណ្ឌនៃកាតព្វកិច្ចជួយគ្នា ក៏ដូចជាបំពេញឱ្យគ្នា ឬហៅថាដោះដូរគ្នាទៅវិញទៅមក ដោយម្នាក់ៗសុទ្ធតែទទួលបាននូវផលប្រយោជន៍រៀងៗខ្លួន ដោយក្នុងនោះគឺ គេបានយកច្បាប់ការងារមកអនុវត្តក្នុងការបំពេញដែលគេហៅថា «កិច្ចសន្យាការងារ» គេបង្កើតកិច្ចសន្យានេះឡើងគឺដើម្បីការពារ ឬជៀសវាងមានវិវាទរឺការមិនពេញចិត្តណាមួយដោយភាគីជានិយោជក និងភាគីជានិយោជិត។
តែក្នុងកិច្ចសន្យានោះអាចនឹងបង្កើតជាវិវាទណាមួយនៅពេលភាគីទាំងពីរមិនបានបំពេញកាតព្វកិច្ចឬបំពាននៃកិច្ចសន្យាក្រោយពេលចុះកិច្ចសន្យាព្រមព្រៀងគ្នារួចក៏ដោយ ដោយហេតុដូចនេះទើបក្នុងច្បាប់ការងារឆ្នាំ១៩៩៧ ក៏ចែងពីការដោះស្រាយវិវាទការងារផងដែរ នោះគឺ «វិវាទការងារ» ។
ដោយកាលពីសប្តាហ៍កន្លងទៅកម្មវិធីយល់ដឹងផ្នែកច្បាប់ របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ បានលើកយកប្រធានបទស្ដីពី «កិច្ចសន្យាការងារ» និង «ការរំលាយកិច្ចសន្យាការងារ» មកធ្វើការបង្ហាញជូនសាធារណៈជនឲ្យបានជ្រាបរួចមកហើយ ដោយបានលើកយកអំពីនិយមន័យនីមួយៗ លក្ខខណ្ឌនៃកិច្ចសន្យា និងការរំលាយកិច្ចសន្យាការងារដែលមានចែងនៅក្នុងច្បាប់ស្ដីពីការងារ មកធ្វើការឆ្លុះបញ្ចាំង ។
សម្រាប់សប្តាហ៍នេះ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់យើងខ្ញុំ សូមលើកយកប្រធានបទស្ដីពី «វិវាទការងារ» មកធ្វើការបង្ហាញជូនសាធារណៈជនឲ្យបានជ្រាបវិញម្ដង៖ វិវាទការងារ ជាវិវាទដែលទាក់ទងទៅនឹងសិទ្ធិស្របច្បាប់ និងជាវិវាទដែលទាក់ទងទៅនឹងផលប្រយោជន៍នាពេលអនាគត រវាងនិយោជក ឬនាយកសហគ្រាស ជាមួយនឹងកម្មករនិយោជិត ឬជនដែលស្ថិតនៅក្រោមច្បាប់ស្ដីពីការងារ ឆ្នាំ១៩៩៧ ។ យោងទៅតាមច្បាប់ស្ដីពីការងារឆ្នាំ១៩៩៧ វិវាទការងារត្រូវបានបែងចែកចេញជា ០២(ពីរ) ករណីគឺ៖ វិវាទបុគ្គល និងវិវាទការងាររួម ។
១: វិវាទបុគ្គល៖
យោងតាមមាត្រា ៣០០ នៃច្បាប់ការងារឆ្នាំ១៩៩៧ បានបញ្ញត្តិថាៈ វិវាទបុគ្គលគឺ ជាវិវាទដែលកើតមានឡើងរវាងនិយោជក និងកម្មករនិយោជិតម្នាក់ ឬច្រើននាក់ ឬអ្នករៀនធ្វើការម្នាក់ ឬច្រើននាក់តាមរឿងរៀងៗខ្លួន ហើយទាក់ទងនឹងការបកស្រាយ ឬការអនុវត្តបទប្បញ្ញត្តិនៃកិច្ចសន្យាការងារ ឬកិច្ចសន្យាហ្វឹកហ្វឺនកម្មករនិយោជិត ឬបទបញ្ញត្តិការងារ នៃអនុសញ្ញារួមព្រមទាំងច្បាប់បញ្ញត្តិជាធរមានផង ។ ពោលវិវាទបុគ្គល សំដៅទៅលើវិវាទដែលកើតមាន ចំពោះតែបញ្ហារៀងៗខ្លួន របស់បុគ្គលតែប៉ុណ្ណោះ ។ ឧទាហរណ៍៖ បុគ្គលិក គាត់បានប្រព្រឹត្តកំហុស ដោយបានលួចសម្ភារៈក្រុមហ៊ុន ឬគាត់បានធ្វើឲ្យខូចខាតដល់សម្ភារៈរបស់ក្រុមហ៊ុនជាដើម ។
២: វិវាទការងាររួម៖
យោងតាមមាត្រា ៣០២ នៃច្បាប់ស្ដីពីការងារបានបញ្ញត្តិថាៈ វិវាទការងាររួមគឺ ជាវិវាទដែលកើតឡើងរវាងនិយោជកម្នាក់ ឬច្រើននាក់ នឹងបុគ្គលរបស់ខ្លួនមួយចំនួនអំពីរឿងល័ក្ខខ័ណ្ឌការងារ ការប្រើប្រាស់សិទ្ធិដែលប្រគល់ឲ្យអង្គការវិជ្ជាជីវៈ ការត្រូវទទួលស្គាល់អង្គការវិជ្ជាជីវៈក្នុងសហគ្រាស បញ្ហានៃការទាក់ទងរវាងនិយោជក និងកម្មករនិយោជិត ហើយការវិវាទនេះអាចបណ្ដាលអោយសហគ្រាសប្រព្រឹត្តទៅពុំបានស្រួល ឬធ្វើអោយខូចសន្តិភាពសង្គម ។ បើនិយាយឲ្យខ្លីវិវាទការងាររួមគឺ ជាវិវាទដែលកើតឡើងរវាងបុគ្គលិកមួយក្រុម ជាមួយនឹងក្រុមហ៊ុន ។ ឧទាហរណ៍៖ ក្រុមហ៊ុនឲ្យកម្មករធ្វើការក្នុងមួយសប្តាហ៍ ៤៨ម៉ោង តែពេលខ្លះក្រុមហ៊ុនមិនព្រមឲ្យបុគ្គលិកឈប់សម្រាកថ្ងៃបុណ្យជាតិ ឈប់សម្រាកថ្ងៃអាទិត្យ ទាមទារតម្លើងប្រាក់ខែ ទាមទារប្រាក់ធ្វើការបន្ថែមម៉ោង និង ទីកន្លែងធ្វើការងារ ជាអាទិ៍ ។
បញ្ហាទាំងនេះគឺ ពាក់ព័ន្ធទៅនឹងលក្ខខណ្ឌទូទៅរបស់បុគ្គលិក ហើយបុគ្គលិកគាត់នឹង ទទួលបានប្រយោជន៍ពីការតវ៉ាទាំងអស់នោះ ។ ជារួមដូចយើងដឹងហើយថា ជាទូទៅវិវាទការងារគឺ កើតមានចំពោះ និយោជក ជាមួយនឹងកម្មករនិយោជិត ដែលពាក់ព័ន្ធទៅនឹងការមិនអនុវត្តកិច្ចសន្យា ពាក់ព័ន្ធនឹងការអនុវត្តច្បាប់ការងារ ឬពាក់ព័ន្ធទៅនឹងលិខិតបទដ្ឋានគតិ យុត្តផ្សេងៗទៀត ទាំងនេះគឺជាចំណុចដែលតែងតែកើតមានវិវាទព្រោះថា នៅក្នុងកិច្ចសន្យាការងារ បង្កើតឡើងគ្រាន់តែចង កាតព្វកិច្ចរបស់គូភាគី និងបញ្ចៀសនូវវិវាទមួយចំនួនប៉ុណ្ណោះ ដូច្នេះឲ្យតែមានទំនាក់ទំនងកើតឡើងគឺ ជៀសមិនផុតពីការមានវិវាទនោះឡើយ ។
រៀបរៀងដោយ៖ កញ្ញាមេធាវី មាស រ៉ាវីន និងកញ្ញា យ៉េ នីតា ជាជំនួយការច្បាប់ និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០១២ ៥២០ ០៣៨, អ៊ីម៉ែល៖[email protected] គេហទំព័រ៖ www.ciclg.com, ហ្វេបុកផេក៖ ក្រុមមេធាវី កម្ពុជា សហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕