(កំពត)៖ ថ្លែងក្នុងពិធីបិទជំរំសន្តិភាពឋានសួគ៌បូកគោ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) និងជាប្រធានដឹកនាំកម្មវិធីបោះជំរំ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមីនា បានថ្លែងបញ្ជាក់ថា ជំរំសន្តិភាពឋានសួគ៌បូកគោ ថ្វីត្បិតតែមានរយៈពេលខ្លី ប៉ុន្តែបានបញ្ចប់ទៅ ប្រកបដោយជោគជ័យ ដោយបានបន្សល់ទុកនូវអនុស្សាវរីយ៍ យូរអង្វែងជាអមតៈ។

លោក ស សុខា បានបន្តថា៖ «នេះជាស្មារតីមួយធ្វើឲ្យយើងទាំងអស់គ្នាចងចាំរក្សា ក៏ដូចជារឹតចំណងសាមគ្គី រួបរួមគ្នា ក្នុងនាមជាគ្រួសារខ្មែរ ក្នុងនាមជាម្ចាស់ប្រទេសខ្មែរតែមួយ ប្តេជ្ញាការពារសន្តិភាពឲ្យបាន ដើម្បីបន្តការអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែរីកចម្រើនថែមទៀត ស្របតាមប្រធានបទរបស់យើងគឺ "រួមគ្នាដើម្បីកម្ពុជារុងរឿង"»

គួរំលឹកថា ជំរំសន្តិភាពឋានសួគ៌បូកគោ ក្រោមប្រធានបទ «រួមគ្នាដើម្បីកម្ពុជារុងរឿង» ដែលដឹកនាំដោយ លោក ស សុខា បានបិទបញ្ចប់ហើយ នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩នេះ ដោយមានការចូលរួមរាប់រយនាក់ ជាយុវជន ស.ស.យ.ក មកពីខេត្តព្រៃវែង បាត់ដំបង បន្ទាយមានជ័យ កំពត ព្រះសីហនុ តាកែវ កំពង់ស្ពឺ និងខេត្តកែប៕