(ត្បូងឃ្មុំ)៖ នៅក្នុងឱកាសអញ្ជើញជាអធិបតីភាព សម្ពោធឧបដ្ឋានសាលានិងសមិទ្ធផលនានា នៅក្នុងវត្តឧត្តម្មុនី ហៅវត្តតានី ស្ថិតនៅភូមិតានី ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានថ្លែងថា វត្តអារាមមិនគ្រាន់តែជាទីសក្ការៈ សម្រាប់គោរពបូជាតាមផ្លូវជំនឿសាសនាប៉ុណ្ណោះទេ តែជាថ្នាលបណ្តុះបណ្តាលចំណេះដឹង បញ្ញាញាណ តម្លៃសីលធម៌ និងស្មារតី រួមរស់សាមគ្គីគ្នាតាមផ្លូវពុទ្ធចក្រ និងអាណាចក្រទៀតផង។
សម្តេចបានបន្តថា វត្តអារាមជាច្រើនបានផ្តល់ជាទីតាំងសាលារៀន កន្លែងផ្តល់សេវាសុខាភិបាល មណ្ឌល សង្គ្រោះក្មេងកំព្រា មនុស្សអនាថាគ្មានទីពឹង និងជាកន្លែងជួយអប់រំកែប្រែដល់អ្នកញៀនគ្រឿងញៀនជាដើម។ ដូចនេះ វត្តអារាម ព្រះពុទ្ធសាសនា មានតួនាទីយ៉ាងសំខាន់ក្នុងសង្គមកម្ពុជា។
ថ្លែងក្នុងពិធីដែលមានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទ្ធរាប់រយនាក់នេះ សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាបានកំណត់ថា ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ហើយប្រជាជនខ្មែរភាគច្រើន បានគោរពប្រតិបត្តិព្រះពុទ្ធសាសនា។ ដោយមើលឃើញនូវតួនាទីដ៏សំខាន់ របស់ព្រះពុទ្ធសាសនា និងព្រះសង្ឃនៅក្នុងសង្គមជាតិ ទើបរដ្ឋសភា រាជរដ្ឋាភិបាល យកចិត្តទុកដាក់ក្នុងការពង្រឹងវិស័យនេះ ឱ្យបានរឹងមាំទូលំទូលាយ នៅទូទំាងប្រទេស ចាប់ពីឆ្នាំ១៩៧៩មក។
សម្តេចពញាចក្រី ហេង សំរិន បានលើកឡើងថា រាជរដ្ឋាភិបាល ក្នុងអាណត្តិទី៦ បានប្តេជ្ញាយ៉ាងមុតមាំ ក្នុងការពង្រឹងពង្រីកនូវសាមគ្គីប្រជាជាតិ ដោយមិនបែងចែកអំពីនិន្នាការនយោបាយ អតីតកាល ភេទ ជំនឿ សាសនា ដើមកំណើតជាតិ និងឋានៈក្នុងសង្គមឡើយ សំដៅធានាបាននូវសុខសន្តិភាព ស្ថិរភាព និងវឌ្ឍនភាពជូនសង្គមជាតិ តែប្រឆាំងដាច់ខាតចំពោះឧបាយកល និងសកម្មភាពឧទ្ទាមរបស់មជ្ឈដ្ឋានណាក៏ដោយ ទោះជាបុគ្គល ជាក្រុម ឬជាអង្គកានយោបាយ ដែលព្យាយាមបំផ្លាញឯកភាពជាតិ បង្កអស្ថិរភាពក្នុងសង្គម បំផ្លាញលទ្ធិប្រជាធិបតេយ្យ ប៉ុនប៉ងធ្វើឱ្យមានការផ្លាស់ប្តូរណាមួយ ដែលផ្ទុយពីរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន។
សម្តេចប្រធានរដ្ឋសភា បានផ្តាំផ្ញើដល់អាជ្ញាធរ មូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវបន្តខិតខំយកចិត្តទុកដាក់អនុវត្តន៍គោល នយោបាយភូមិ-ឃុំមានសុវត្ថិភាព ឱ្យមានប្រសិទ្ធភាពខ្ពស់ បម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋឱ្យបានល្អ។ សម្តេចបានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់គ្នា ចៀសឱ្យឆ្ងាយពីគ្រឿងញៀន គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីកាត់បន្ថយគ្រោះថ្នាក់លើដងផ្លូវ ដែលជាឃាតករលាក់មុខ សម្លាប់ពលរដ្ឋជារៀងរាល់ថ្ងៃ។
ឆ្លៀតឱកាសនោះ សម្តេចក៏បានអំពាវនាវដល់ពលរដ្ឋទំាងអស់ សហការចូលរួមធ្វើជំរឿនទំាងអស់គ្នា ដែលយុទ្ធនាការធ្វើជំរឿននេះ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩។ សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ជំរឿនជាការចុះស្រង់ទិន្នន័យស្ថិតិប្រជាពលរដ្ឋ សម្រាប់រៀបចំផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍ប្រទេសជាតិ ឲ្យបានត្រឹមត្រូវ សំដៅសម្រេចឱ្យបាននូវយុទ្ធសាស្រ្ត កាត់បន្ថយភាពក្រីក្រ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ព្រមទាំងលើកស្ទួយជីវភាពរស់នៅប្រជាពលរដ្ឋ៕