(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអាទិត្យ ៥កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញចុះទៅជួបសំណេះសំណាលជាមួយគ្រូៗ យុវនារី និងកុមារី រងគ្រោះនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប ទុំឌី។
ការអញ្ជើញទៅកាន់មជ្ឈមណ្ឌលខាងលើរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដើម្បីពិនិត្យដោះស្រាយនៅបញ្ហាមួយចំនួននៅក្នុងមជ្ឈមណ្ឌលនេះ ដូចជាការសាងសង់អគារសិក្សា ស្នាក់នៅរបស់គ្រូៗ យុវនារី និងកុមារីរងគ្រោះ ក៏ដូចជាការឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ ដើម្បីទ្រទ្រង់ដំណើរការមជ្ឈមណ្ឌលមួយនេះ។
មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប ទុំឌី ស្ថិតនៅភូមិ២៤ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ មជ្ឈមណ្ឌលនេះ គឺជាកន្លែងជួយសង្គ្រោះ ជួយព្យាបាលផ្លូវចិត្ត និងផ្តល់ជំនាញវិជ្ជាជីវៈផ្សេងៗដល់កុមារី និងយុវនារី ដែលរងគ្រោះដោយការរំលោភសេពសន្ថវៈ។ មជ្ឈមណ្ឌលនេះមានគ្រូ បុគ្គលិក អ្នកស្ម័គ្រចិត្តចំនួន ៤៤នាក់ និងមានកុមារី យុវនារីរងគ្រោះកំពុងស្នាក់នៅ និងទទួលការបណ្តុះបណ្តាលផ្សេងៗ ៨៩នាក់។
ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមានវិប្បដិសារីដែលបានមើលរំលងក្រុមយុវតីរងគ្រោះនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្តារនីតិសម្បទា អាហ្វាស៊ីប ទុំឌី។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជាបានយល់នូវការឈឺចាប់របស់កុមារី និងយុវតី។
* សម្តេចតេជោ បានថ្លែងថា នៅពេលបានស្តាប់ពីភាពព្រៃផ្សៃទៅលើកុមារីរងគ្រោះ, សម្តេចតេជោ ហ៊ុន សែន ចង់កែរដ្ឋធម្មនុញ្ញបើកឲ្យមានទោសប្រហារជីវិត ចំពោះជនបានរំលោភបំពានរូបរាងកាយកុមារ មានដូចជា ជីតារំលោភចៅ ឪពុករំលោភកូន ឪពុកមារំលោភក្មួយ បងរំលោភប្អូន។ សម្តេចថ្លែងថា បើមានការកែរដ្ឋធម្មនុញ្ញនេះមែន គឺត្រូវមានការធ្វើប្រជាមតិរបស់ប្រជាពលរដ្ឋទូទាំងប្រទេស ដោយសម្តេចមិនស្នើនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថ្ងៃនេះជាខួប២១ឆ្នាំ នៃមរណភាពម្តាយរបស់សម្តេច។ តាមធម្មតាសម្តេចមិនធ្វើការងារនៅថ្ងៃនេះទេ តែដោយសារការអាណិតអាសូរចំពោះកុមារី យុវតីរងគ្រោះ សម្តេចក៏បានចុះមកជួបពួកគេតែម្តង។
* សម្តេចតេជោ បានថ្លែងអំណរគុណដល់លោកស្រី ម៉ម សុម៉ាលី ក៏ដូចជាសប្បុរសជនទាំងអស់ដែលបានជួយទ្រទ្រង់ដល់មជ្ឈមណ្ឌល និងជួយសង្គ្រោះដល់កុមារី និងយុវតីរងគ្រោះ។
* សម្តេចតេជោ ហ៊ុន សែន បានប្រកាសធ្វើជាបង្អែករបស់មជ្ឈមណ្ឌល ដោយធានាមិនឲ្យមជ្ឈមណ្ឌលនេះដួលរលំនោះឡើយ។ តែទោះជាយ៉ាងណាសម្តេចនៅតែបន្តអំពាវនាវដល់សប្បុរសជនទាំងអស់បន្តជួយដល់មជ្ឈមណ្ឌលនេះ។
* សម្តេចតេជោ ហ៊ុន សែន បានសម្រេចឲ្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានទទួលយកបុគ្គលិកក្នុងមជ្ឈមណ្ឌល ៣២នាក់ ចូលក្នុងក្របខណ្ឌរបស់ក្រសួង។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មិនចង់ឃើញការមើលស្រាលចំពោះកុមារី និងយុវតីរងគ្រោះដោយទង្វើរំលោភបំពានលើរូបរាងកាយនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន សម្រេចផ្តល់អគារមួយខ្នង៣ជាន់ចំនួន ២១បន្ទប់ សម្រាប់ការស្នាក់នៅ កន្លែងសិក្សា កន្លែងសមាធិ និងកន្លែងពិនិត្យ ព្យាបាលជំងឺជាដើម។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា កុមារី និងយុវតីនៅក្នុងមជ្ឈមណ្ឌលនេះ ជានារីរងគ្រោះមិនមែនជានារីស្ម័គ្រចិត្តក្នុងការប្រកបរបររកស៊ីផ្លូវភេទនោះទេ ដែលថ្ងៃមុខនឹងក្លាយជាភរិយា ជាម្តាយដ៏ល្អ ដូច្នេះមិនត្រូវរើសអើងចំពោះពួកគេនោះឡើយ
* សម្តេចតេជោ ហ៊ុន សែន បានសម្រេចជួលវីឡាមួយកន្លែងសម្រាប់ឲ្យកុមារី យុវតី និងបុគ្គលិកក្នុងមជ្ឈមណ្ឌលស្នាក់នៅបណ្តោះអាសន្ន ក្នុងពេលដំណើរការសាងសង់អគារថ្មី។
* សម្តេចតេជោ ហ៊ុន សែន ក៏បានសម្រេចឲ្យមានការរៀបចំបណ្ណបេឡាជាតិរបបសន្តិសុខសង្គមជូនដល់កុមារី យុវតី និងបុគ្គលិកបម្រើការងារនៅក្នុងមជ្ឈមណ្ឌលផងដែរ។
* សម្តេចតេជោ ហ៊ុន សែន ក៏បានសម្រេចផ្តល់ប្រាក់ឧបត្ថម្ភដល់កុមារី និងយុវតីរងគ្រោះក្នុងមជ្ឈមណ្ឌលចំនួន ៨៩នាក់ ក្នុងម្នាក់ ១០ម៉ឺនរៀលក្នុងមួយខែ ស្មើនឹងប្រមាណ ៣០០ដុល្លារក្នុងមួយឆ្នាំ។
* សម្តេចតេជោ ហ៊ុន សែន រំពឹងថា មជ្ឈមណ្ឌលផ្សេងៗនឹងមិនច្រណែនជាមួយកុមារី និងយុវតីនៅក្នុងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្តារនីតិសម្បទាយុវនារី អាហ្វាស៊ីប ទុំឌី នោះទេ។ សម្តេចតេជោ ចាត់ទុកការជួយដល់មជ្ឈមណ្ឌលនេះ ជាករណីពិសេសជាងគេ ហើយក៏ដូចជាការប៉ះប៉ូវលើកំហុសឆ្គងដែលសម្តេច មិនបានចុះមកដល់មជ្ឈមណ្ឌលនេះអស់ជាច្រើនឆ្នាំ។
* សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំដល់សាលារាជធានីភ្នំពេញ ឲ្យរៀបចំធ្វើផ្លូវនៅជុំវិញមជ្ឈមណ្ឌលផងដែរ។
* សម្រាប់ថ្ងៃនេះក្រៅពីនាំមកនូវគ្រឿងឧបភោគ បរិភោគ សម្តេចតេជោ ហ៊ុន សែន បានឧបត្ថម្ភថវិកា ៣០លានរៀលដល់មជ្ឈមណ្ឌល និងឧបត្ថម្ភថវិកាដល់កុមារី និងយុវតីរងគ្រោះម្នាក់ៗ១០ម៉ឺនរៀលផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានសម្រេចឧបត្ថម្ភអង្ករ១តោន ២០០គីឡូ និងថវិកា ១០លានរៀលក្នុងមួយខែដល់មជ្ឈមណ្ឌលនេះផងដែរ។
* សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានសម្រេចឧបត្ថម្ភរថយន្តមួយគ្រឿងដល់មជ្ឈមណ្ឌលសម្រាប់ដឹកកុមារី និងយុវតីទៅសិក្សា។
* ជាថ្នូរនឹងការជួយឧបត្ថម្ភនានានោះ សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យកុមារី និងយុវតីរងគ្រោះទាំងអស់ត្រូវសន្យារៀនឲ្យចប់ថ្នាក់ទី១២ ហើយបើបន្តដល់មហាវិទ្យា គឺទទួលបានអាហារូបករណ៍ពីសម្តេច។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើទោះបីអត់ពីសម្តេច មន្ត្រីគណបក្សប្រជាជនកម្ពុជា និងកូនៗរបស់សម្តេចនៅតែបន្តទទួលខុសត្រូវទៅលើមជ្ឈមណ្ឌលមួយនេះ។
* សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តាំផ្ញើដល់កុមារី និងយុវតីរងគ្រោះក្នុងមជ្ឈមណ្ឌលទាំងអស់មិនត្រូវបណ្តោយខ្លួនរហូតឈានទៅប្រព្រឹត្តទង្វើខុសពីសីលធម៌សង្គមនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសំណេះសំណាលជាមួយនៅវេលាម៉ោង ៩៖៣០នាទីព្រឹកថ្ងៃអាទិត្យនេះ។ សូមអរគុណចំពោះការទស្សនាផ្សាយផ្ទាល់តាមរយៈ ទូរទស្សន៍ព័ត៌មាន Fresh News៕