(តាកែវ)៖ លោក អ៊ូច ភា អភិបាលខេត្តតាកែវ និងព្រះតេជគុណ ស៊ី ជីងឈីង ប្រធានសមាគមអប់រំព្រះពុទ្ធសាសនាពិភពលោក ក្រុងហុងកុង បានចុះកិច្ចព្រមព្រៀងលើកិច្ចសហការជួយជំរុញវិស័យកសិកម្មក្នុងស្រុកត្រាំកក់ ខេត្តតាកែវ នៃប្រទេសកម្ពុជា ចិន ជប៉ុន និងប្រទេសកូរ៉េ លើគម្រោងផ្លូវមួយខ្សែរក្រវ៉ាត់មួយ នាថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៩។
ពិធីនេះមានការចូលរួមពីសំណាក់ តំណាងក្រុមហ៊ុនទាំង៣ប្រទេស ក្រុមប្រឹក្សាស្រុក ប្រធាន អនុការិយាល័យជុំវិញរដ្ឋបាលស្រុក លោកមេឃុំទាំង១៥ និងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទផងដែរ។
លោក អ៊ូច ភា បានឲ្យដឹងថា តាមរយៈកិច្ចព្រមព្រៀងលើកិច្ចសហការជួយជំរុញវិស័យកសិកម្មក្នុងស្រុកត្រាំកក់ ខេត្តតាកែវ នៃប្រទេសកម្ពុជា ចិន ជប៉ុន និងប្រទេសកូរ៉េ លើគម្រោងផ្លូវមួយខ្សែរក្រវ៉ាត់មួយខាងលើនេះ វិស័យកសិកម្មក្នុងស្រុកត្រាំកក់ នឹងកាន់តែរីកចម្រើនខ្លាំងក្លាជាងមុនថែមទៀត។
ជាមួយគ្នានោះ លោកក៏បានថ្លែងអំណរគុណដល់ ព្រះតេជគុណ ស៊ី ជីងឈីង ប្រធានសមាគមអប់រំព្រះពុទ្ធសាសនាពិភពលោក ក្រុងហុងកុង និងគណៈប្រតិភូទាំងអស់ ដែលបានចូលរួមសហការ និងធ្វើទស្សនកិច្ចក្នុងស្រុកត្រាំកក់ ខេត្តតាកែវ ជាមួយការចែករំលែកនូវបទពិសោធន៏យ៉ាងច្រើនពាក់ព័ន្ធវិស័យព្រះពុទ្ធសាសនា និងកសិកម្មផងដែរ។
សូមជម្រាបថា មុនចុះកិច្ចព្រមព្រៀងជាមួយអភិបាលខេត្តតាកែវ ប្រធានសមាគមអប់រំ ព្រះពុទ្ធសាសនាពិភពលោកទីក្រុងហុងកុង និងគណៈប្រតិភូចិន ជប៉ុន និងកូរ៉េ ក៏ត្រូវបានទទួលស្វាគមន៍ពីសំណាក់ លោក ច័ន្ទ សារុន អ្នកតំណាងរាស្រ្តមណ្ឌលខេត្តតាកែវ ផ្លាស់ប្តូរយោបល់ ក៏ដូចជាបទពិសោធន៍ជាមួយគ្នាផងដែរ នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩។
ការជួបសំណេះសំណាល ផ្លាស់ប្តូរបទពិសោធន៏ រវាងរដ្ឋបាលស្រុកត្រាំកក់ និងសមាគមអប់រំពុទ្ធសាសនាពិភពលោកក្រុងហុងកុង ប្រទេសចិន ខាងលើនេះ គឺមានគោលដៅផ្តោតលើវិស័យសំខាន់ៗនានា ក្នុងការអភិវឌ្ឍស្រុកត្រាំកក់ឲ្យមានការរីកចម្រើនកាន់តែប្រសើរឡើងថែមទៀត។
ជាមួយគ្នានេះ លោក ច័ន្ទ សារុន បានស្នើឲ្យភាគីសមាគមអប់រំពុទ្ធសាសនាពិភពលោក ក្រុងហុងកុង ប្រទេសចិន ជួយបណ្តុះបណ្តាលធនធានមនុស្ស នៅក្នុងស្រុកត្រាំកក់ពាក់ព័ន្ធវិស័យនានា ជាពិសេសវិស័យកសិកម្ម ព្រោះថានៅក្នុងស្រុកត្រាំកក់កំពុងតែខ្វះខាតធនធានមនុស្ស ខណៈដែលប្រទេសចិន គឺជាប្រទេសដែលមានការជឿនលឿនលើគ្រប់វិស័យ ហើយថែមទាំងជាប្រទេសមយក្សសេដ្ឋកិច្ចផងដែរ។
លោកក៏បានថ្លែងអំណរគុណដល់ ប្រធានសាមាគមអប់រំពុទ្ធសាសនាពិភពលោក ក្រុងហុងកុង ប្រទេសចិន ព្រះតេជគុណ ស៊ី ជីឈីង រួមទាំងសមាជិក សមាគមជនជាតិចិន និងកូរ៉េទាំងអស់ ដែលបានធ្វើទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៏ក្នុងស្រុកត្រាំកក់ ហើយលោកសង្ឃឹមថាភាគីចិន កូរ៉េ នៅតែបន្តផ្តល់បទពិសោធន៍ល្អៗ បន្តទៀត ដើម្បីឲ្យកម្ពុជាកាន់តែមានភាពរីកចម្រើនយ៉ាងឆាប់រហ័ស ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន៕