(ស្វាយរៀង)៖ យ៉ាងហោចមនុស្ស៣នាក់ម្តាយ និងកូនបានស្លាប់បាត់បង់ជីវិត ដោយសាររថយន្តធុនយក្សមួយគ្រឿង បើកចូលផ្ទះទាំងកណ្តាលអាធាត្រ កាលពីវេលាម៉ោង២៖០៤នាទី រំលងអាធាត្រឈានចូលថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិត្របែកប្រហោង ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
យោងតាមសេចក្តីរាយការណ៍ បានឲ្យដឹងទៀតថា នៅព្រឹកព្រលឹមថ្ងៃទី១០នេះ សមត្ថកិច្ចកំពុងចុះអន្តរាគមន៍ ទាញយកសាកសពស្ត្រីនិងកូនពីរនាក់ ក៏ដូចជានាំយកបុរសជាប្តី មកកាន់មន្ទីរពេទ្យខេត្ត ដើម្បីសង្គ្រោះផងដែរ។ ចំណែករថយន្តបង្ក ត្រូវបានសមត្ថកិច្ច ស្ទួចយកទៅការិយាល័យជំនាញចរាចរណ៍ ដើម្បីដោះស្រាយទៅតាមផ្លូវច្បាប់។
បើតាមសាក្សីដែលឃើញហេតុការណ៍ បានប្រាប់សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះជាប្តីមានឈ្មោះតា អាយុជាង៤០ឆ្នាំ រស់នៅភូមិឃុំខាងលើ និងមានប្រពន្ធនិងកូនពីនាក់។ ម្ចាស់ផ្ទះដែលរងគ្រោះនេះ មានមុខរបរជាជាងជួសជុលម៉ូតូ។
នៅមុនពេលកើតហេតុមានរថយន្តយីភ្លៅ៥ បើកបរពីលិចមកកើត ស្រាប់តែមកដល់ចំណុចកើតហេតុ ដែលត្រូវបានសង្ស័យអ្នកបើកបរងងុយដេក ក៏រេចង្កូតបុកផ្ទះ លាន់ដូចរន្ទះផ្អើលដល់អ្នកភូមិតែម្តង។
បច្ចុប្បន្នសាកសពជនរងគ្រោះម្តាយនិងកូន ត្រូវបានសាច់ញាត្តិចាត់ចែងធ្វើបុណ្យតាមប្រពៃណី រីឯប្តីកំពុងសង្គ្រោះនៅមន្ទីរពេទ្យខេត្ត។ ចំណែករថយន្តបង្ក ត្រូវបានសមត្ថកិច្ចអូសទៅរក្សាទុក នៅការិយាល័យចរាចរណ៍ខេត្ត។
សូមបញ្ជាក់ថា ស្ត្រីដែលស្លាប់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ ទើបតែឆ្លងទន្លេបានមួយខែប៉ុណ្ណោះ ដែលនេះពិតជាការសោកសង្រេងខ្លាំងណាស់ សម្រាប់គ្រួសារនេះ។
លោក ពិន អាន អធិការនគរបាលស្រុកស្វាយជ្រំ បានឲ្យដឹងថា នៅម៉ោង៣ទៀបភ្លឺនេះ លោកទទួលបានព័ត៌មានថា មានករណីគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តបុកចូលផ្ទះប្រជាពលរដ្ឋឈ្មោះ នាង ពូតា អាយុ៤៧ឆ្នាំ នៅភូមិត្របែកប្រហោង ឃុំតាសួស ស្រុកស្វាយជ្រំ។ កម្លាំងរបស់លោក បានសហការណ៍ជាមួយកម្លាំងជំនាញខេត្ត ចុះអន្តរាគមន៍ដល់កន្លែងកើតហេតុភ្លាមៗផងដែរ ដោយក្នុងនោះ បានទាញយកសាកសពទាំងបីនាក់ម្តាយនិងកូន ព្រមទាំងបានបញ្ជូនបុរសជាប្តី ទៅកាន់មន្ទីពេទ្យខេត្ត។
លោក ពិន អាន បានបញ្ជាក់ថា ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ សង្ស័យតៃកុងរយន្តងងុយដេក៕