(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៨លើក បណ្ដាលឲ្យមនុស្សស្លាប់២នាក់, របួសស្រាល៦នាក់ និងរបួសធ្ងន់៦នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង៨លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន៨គ្រឿង, រថយន្តតូច៣គ្រឿង,យានផ្សេងៗ១គ្រឿង និងរថយន្ដធុនធំ៣គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមា៖ ល្មើសល្បឿន, បត់គ្រោះថ្នាក់, មិនប្រកាន់ស្ដាំ។
សូមបញ្ជាក់ថា រយៈពេល០៩ថ្ងៃចាប់ពីថ្ងៃទី១ដល់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង១០៨លើក, បណ្ដាលឲ្យមនុស្សស្លាប់ចំនួន៥៦នាក់ របួសធ្ងន់៨៤ និងរបួសស្រាល៦៣នាក់៕