(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអាទិត្យ ៥កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញចុះទៅជួបសំណេះសំណាលជាមួយគ្រូៗ យុវនារី និងកុមារី រងគ្រោះនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប ទុំឌី។

ការអញ្ជើញទៅកាន់មជ្ឈមណ្ឌលខាងលើរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដើម្បីពិនិត្យដោះស្រាយនៅបញ្ហាមួយចំនួននៅក្នុងមជ្ឈមណ្ឌលនេះ ដូចជាការសាងសង់អគារសិក្សា ស្នាក់នៅរបស់គ្រូៗ យុវនារី និងកុមារីរងគ្រោះ ក៏ដូចជាការឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ ដើម្បីទ្រទ្រង់ដំណើរការមជ្ឈមណ្ឌលមួយនេះ។

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប ទុំឌី ស្ថិតនៅភូមិ២៤ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ មជ្ឈមណ្ឌលនេះ គឺជាកន្លែងជួយសង្គ្រោះ ជួយព្យាបាលផ្លូវចិត្ត និងផ្តល់ជំនាញវិជ្ជាជីវៈផ្សេងៗដល់កុមារី និងយុវនារី ដែលរងគ្រោះដោយការរំលោភសេពសន្ថវៈ។

មជ្ឈមណ្ឌលនេះ មានគ្រូ បុគ្គលិក អ្នកស្ម័គ្រចិត្តចំនួន ៤៤នាក់ និងមានកុមារី យុវនារីរងគ្រោះកំពុងស្នាក់នៅ និងទទួលការបណ្តុះបណ្តាលផ្សេងៗ ៨៩នាក់។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញចុះទៅម្តងរួចមកហើយកាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩កន្លងទៅនេះ។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានស្វែងយល់យ៉ាងច្បាស់ពីទុក្ខវេទនារបស់កុមារី និងយុវនារីរងគ្រោះនៅក្នុងមជ្ឈមណ្ឌល ព្រមទាំងបានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើដ៏ព្រៃផ្សៃរបស់ឪពុក ជីតា និងជនល្មោភកាមទាំងឡាយ ដែលបានធ្វើទៅលើកុមារី និងយុវនារីទាំងអស់នោះ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិតថែមទាំងបានអំពាវនាវឲ្យអាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ច ត្រូវតែស្វះស្វែងរកចាប់ក្រុមជនល្មោភកាមទាំងអស់នោះឲ្យខាងតែបាន ដើម្បីយកមកផ្តន្ទាទោស។

ក្នុងពិធីសំណេះសំណាលជាមួយអ្នកប្រកបរបរធាក់ស៊ីក្លូនៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានបង្ហាញពីស្ថានភាពរបស់មជ្ឈមណ្ឌលមួយនេះទាំងទឹកភ្នែក ព្រោះតែការអានិតអាសូររបស់កុមារ និងនារីរងគ្រោះនៅក្នុងមជ្ឈមណ្ឌលនោះ។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សម្តេចត្រូវតែជួយដល់មជ្ឈមណ្ឌល ដើម្បីធានាដល់និរន្តរភាពរបស់មជ្ឈមណ្ឌលក្នុងការជួយដល់កុមារ និងនារីរងគ្រោះពីការរំលោភសេពសន្ថវៈ៕