(ពោធិ៍សាត់)៖ លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន បានដឹកនាំប្រតិភូគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ចុះត្រួតពិនិត្យ និងកំណត់ទីតាំងសាងសង់ សំណង់ហេដ្ឋារចនាសម្ព័ន្ធរដ្ឋបាល នៅច្រកទ្វារព្រំដែនអន្តរជាតិថ្មដា ខេត្តពោធិ៍សាត់ ទល់មុខច្រកបានថាសេន ខេត្តត្រាត (ថៃ) ដែលស្ថិតក្នុងភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ការចុះត្រួតពិនិត្យព្រំដែននេះ បានធ្វើឡើងនៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៩ ដោយមានការចូលរួមពីលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ រដ្ឋលេខាធិការក្រសួងទេសចរណ៍ ក្រុមការងារគណៈកម្មាធិការចម្រុះព្រំដែន អាជ្ញាធរខេត្ត ស្រុក អង្គភាពវរៈការពារព្រំដែនគោកទាំង៣ ក្រុមការងារទំនាក់ទំនងព្រំដែន និងតំណាងក្រុមហ៊ុនអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសថ្មដា (MDS) ផងដែរ។
បន្ទាប់ពីបានពិនិត្យផ្ទៀងផ្ទាត់ លើប្លង់ផែនទីស្នើសុំសាងសង់ សំណង់ហេដ្ឋារចនាសម្ព័ន្ធរដ្ឋបាល នៅច្រកទ្វារព្រំដែនអន្តរជាតិថ្មដារួចមក លោក វ៉ា គឹមហុង បានអនុញ្ញាតឲ្យក្រុមការងារជំនាញ ចុះពិនិត្យប៉ុស្តិ៍ប្រចាំការច្រកថ្មដា របស់វរៈការពារព្រំដែនគោកលេខ៨២៥ និងបន្តចុះពិនិត្យស្ថានភាពភូមិសាស្ត្រ ដោយកំណត់ចំណុចនិយាមការបរិវេណ សាងសង់សំណង់ច្រកទ្វារព្រំដែន ក្នុងទំហំផ្ទៃដី ១៤ហិកតា (ដប់បួនហិកតា) ហើយដែលត្រូវអនុវត្តន៍ឡើង ក្នុងពេលឆាប់ៗខាងមុខ។
លោក ហេង សុភាណា អភិបាលស្រុកវាលវែង បានឲ្យដឹងថា តំបន់នេះពីដើមឡើយ ជាជម្រករបស់ខ្មែរក្រហម មានការប្រយុទ្ធគ្នាស្ទើររាល់ថ្ងៃ ហើយមួយវិញទៀត គ្មានផ្លូវដូច្នេះមិនសូវមានប្រជាពលរដ្ឋ ណាគេមករស់នៅនោះទេ។
លោកបន្តថា ក្រោមគោលនយោបាយ ធ្វើឲ្យតំបន់អតីតសមរភូមិសង្គ្រាម ក្លាយជាតំបន់អភិវឌ្ឍន៍នោះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានចាប់ផ្តើមដាក់ចេញផែនការ ក្នុងការអភិវឌ្ឍស្រុកវាលវែងជាបន្តបន្ទាប់។ ដំបូងឡើយបានដាក់ កងកម្លាំងបោសសំអាតមីន ដើម្បីយកដីជូនប្រជាពលរដ្ឋ បង្កបង្កើនផល និងបញ្ចៀសគ្រោះថ្នាក់ សម្រាប់ការរស់នៅ។
បន្ថែមពីលើនោះរាជរដ្ឋាភិបាលរបស់សម្តេចតេជោ ហ៊ុន សែន ក៏បានកសាងផ្លូវមួយខ្សែបន្ថែមទៀត គឺផ្លូវជាតិលេខ៥៥ តភ្ជាប់ពីផ្លូវជាតិលេខ៥ ទីរួមខេត្តពោធិ៍សាត់ ឆ្ពោះទៅតំបន់សមរភូមិសង្គ្រាមមួយនេះ រហូតដល់ច្រកព្រំដែនថ្មដា ជាប់ប្រទេសថៃ។ ការកសាងផ្លូវមួយខ្សែនេះមានផលលំបាកជាខ្លាំងដោយត្រូវធ្វើឆ្លងកាត់ជួរភ្នំទើបអាចភ្ជាប់ទៅកាន់តំបន់ព្រំដែនថ្មដាបាន។
សូមបញ្ជាក់ថា កាលពីដើមខែមករា ឆ្នាំ២០១៩កន្លងទៅ រដ្ឋបាលខេត្តពោធិ៍សាត់ និងរដ្ឋបាលខេត្តត្រាត បានបើកកិច្ចប្រជុំពង្រឹង កិច្ចសហប្រតិបត្តិការរួមគ្នាមួយ ដើម្បីជំរុញការបើកច្រកទ្វារអន្ដរជាតិថ្មដា ដែលត្រូវធ្វើឡើងនៅសាលប្រជុំផ្លយដែង ជាន់ទី៤ នៃសាលាខេត្តត្រាត ប្រទេសថៃ។ ក្នុងកិច្ចប្រជុំនោះ ភាគីថៃបានសន្យា នឹងពន្លឿននីតិវិធី នៃការតំឡើងច្រកព្រំដែនអន្តរជាតិ ជាមួយនឹងការប្រើប្រាស់ប័ណ្ណព្រំដែន កម្ពុជា-ថៃ សម្រាប់ជាប្រយោជន៍ដល់ប្រជាជន និងការអភិវឌ្ឍតំបន់ព្រំដែន នៃប្រទេសទាំងពីរ៕