(ភ្នំពេញ)៖ ជំនួបមិត្តភាពអន្ដរជាតិ រវាងក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ដែលប្រជុំដោយកីឡាករយុវជនក្រោមអាយុ ២២ឆ្នាំ ប៉ះក្រុមជម្រើសជាតិបង់ក្លាដេស នៅលើ ទីលានពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ បានបញ្ចប់ការប្រកួតពេញម៉ោង ៩០នាទីហើយ ដោយជ័យជម្នះបានទៅក្រុមភ្ញៀវបង់ក្លាដេស ជាមួយនឹងលទ្ធផល ១-០ ។
ជាមួយនឹងការប្រកួតមិត្តភាព ក្រោយខកខានជួបគ្នារយៈពេល ១០ឆ្នាំនេះ ក្រុមទាំងពីរ សុទ្ធតែបង្ហាញទម្រង់លេងល្អរៀងៗខ្លួន ដោយតង់ទី១ ក្រុមទាំងពីរ បានការពារមិនឲ្យរបូតគ្រាប់បាល់នោះទេ ។ ប៉ុន្ដែគួរឲ្យសោកស្ដាយ សម្រាប់ក្រុមរហស្សនាមគោព្រៃកម្ពុជា ត្រូវបានក្រុមភ្ញៀវ ស៊ុតបំប៉ោងសំណាញ់ទី ១គ្រាប់ ដោយប់ពីកីឡាករ Mohammad Rabiul Hasan នៅនាទី៨៣ ដែលជាគ្រាប់បាល់ជ័យជម្នះតែម្ដង ។
យ៉ាងណាមិញ គេសង្កេតឃើញក្រុមជម្រើសជាតិកម្ពុជា នៅតែធ្វើបានល្អ ត្បិតមិនអាចទទួលបានជ័យជម្នះក៏ដោយ ស្របពេលលោក Felix Dalmas បានប្រើប្រាស់កីឡាករយុវជនក្រោមអាយុ ២២ឆ្នាំទាំងអស់តែម្ដង ដើម្បីស្វាគមន៍ក្រុមធំបង់ក្លាដេសនេះ ដែលជាការរពិសោធន៍មួយ សម្រាប់ត្រៀមបើកទ្វារផ្ទះ ទទួលការប្រកួតជម្រុះពានរង្វាន់ AFC U23 Championship 2020 ប្រចាំពូល H នាចុងខែមីនាខាងមុខ ។
គួរបញ្ជាក់ថា គិតពីជំនួបមិត្តភាពរវាងក្រុមជម្រើសជាតិ និងក្រុមជម្រើសជាតិ ក្រុមទាំងពីរ បានខកខានជួបគ្នារយៈពេល ១០ឆ្នាំមកហើយ បើគិតតាំងពីឆ្នាំ២០០៩ រហូតមកទល់បច្ចុប្បន្ន ។ ចំណែកលទ្ធផលធ្លាប់ជួបគ្នា ៣លើកមុន រួមមានឆ្នាំ២០០៦ ជួបគ្នាក្នុងពាន Asian Challenge Cup បង់ក្លាដេស បានឈ្នះកម្ពុជា ២-១, ឆ្នាំ២០០៧ ជួបគ្នាក្នុងពាន Nehru Gold Cup ក្រុមទាងពីរ បានស្មើគ្នា ១-១ និងជួបគ្នាក្នុងឆ្នាំ២០០៩ នៃពាន Asian Challenge Cup បង់ក្លាដេស បានយកឈ្នះកម្ពុជា ១-០៕