(ភ្នំពេញ)៖ បងប្អូនអ្នកបើកបរត្រីចក្រយានយន្ត និងទោចក្រយានយន្តរ៉ឺម៉កសណ្តោង ចំនួន៦៣១នាក់ នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៩នេះ បានសម្រុកទៅចូលរួមវគ្គបណ្តុះបណ្តាល ចរាចរផ្លូវគោកដោយឥតគិតថ្លៃ ដើម្បីត្រៀមប្រឡងយកប័ណ្ណបើកបរ។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា សម្រាប់នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៩នេះ មានអ្នកបើកបរត្រីចក្រយានយន្ត និងទោចក្រយានយន្តរ៉ឺម៉កសណ្តោង ចំនួន៦៣១នាក់ បានចូលរួមវគ្គបណ្តុះបណ្តាលចរាចរ ផ្លូវគោកដោយឥតគិតថ្លៃ ដើម្បីត្រៀមប្រឡងយកបណ្ណបើកបរ ស្របពេលដែល កាលពីថ្ងៃសៅរ៍សប្តាហ៍មុន មានចំនួន២១៥នាក់ប៉ុណ្ណោះ។
លោកបន្តថា វគ្គបណ្តុះបណ្តាលច្បាប់ចរាចរផ្លូវគោកនេះ នឹងប្រព្រឹត្តិទៅរៀងរាល់ថ្ងៃសៅរ៍ រយៈពេល២ខែ ចាប់ពីថ្ងៃទី២ ខែមីនា ដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩ ចំនួន២ទីតាំង ដូចជានៅអង្គភាពផ្តល់បណ្ណបើកបរ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ផ្លូវលេខ៥៩៨ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ និងមួយទីតាំងទៀត នៅមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នៅផ្លូវជាតិលេខ៦ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ។
គួរបញ្ជាក់ថា ការសម្រុកចូលរួមវគ្គបណ្តុះបណ្តាលចរាចរផ្លូវគោកដោយឥតគិតថ្លៃ ពីសំណាក់អ្នកបើកបរត្រីចក្រយានយន្ត និងទោចក្រយានយន្ត រ៉ឺម៉កសណ្តោងខាងលើនេះ ត្រូវរៀបចំឡើងក្រោយរដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីជូនដំណឹងមួយ ស្ដីពីការ បើកវគ្គបណ្ដុះបណ្ដាលច្បាប់ចរាចរណ៍ផ្លូវគោក ជូនដល់អ្នកបើកបរ ត្រីចក្រយានយន្តទោចក្រយានយន្ត សណ្ដោងរ៉ឺម៉កដោយឥតគិតថ្លៃ កាលពីថ្ងៃទី០១ ខែមីនាកន្លងមកនេះ។
សេចក្តីជូនដំណឹងនេះ របស់រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា កន្លងមកនេះបងប្អូនប្រកបអាជីវកម្ម ដឹកជញ្ជូនអ្នកដំណើរ ក្នុងរាជធានីភ្នំពេញ ភាគច្រើនបានបើកបរយានយន្ត លើដងផ្លូវដោយពុំមានបណ្ណបើកបរ យានយន្តត្រឹមត្រូវ។
ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ធានាបាននូវសុវត្ថិភាពដល់អ្នកដំណើរ និងដើម្បី ឲ្យការធ្វើចរាចរណ៍ តាមច្បាប់ចរាចរផ្លូវគោក រដ្ឋបាលរាជធានីភ្នំពេញ បានចាត់ឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ រៀបចំបើកវគ្គបណ្ដុះបណ្ដាល ច្បាប់ចរាចរណ៍ផ្លូវគោក ជូនដល់បងប្អូន ដោយឥតគិតថ្លៃជារៀងរាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង ៨៖០០ព្រឹកដល់ម៉ោង ១៧៖០០ល្ងាច និងមានរយៈពេល២ខែ គិតចាប់ពីថ្ងៃសៅរ៍ ទី២ ខែមីនា ដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅអង្គភាពផ្ដល់បណ្ណបើកបរយានយន្ត ផ្លូវ៥៩៨ សង្កាត់ច្រាំងចំរេះ ២ខណ្ឌឬស្សីកែវរាជធានីភ្នំពេញ។
ក្រោយពីបញ្ចប់វគ្គបណ្ដុះបណ្ដាលរួច បងប្អូនអាចដាក់ពាក្យប្រលង ទ្រឹស្តីនិងប្រឡងដៃចង្កូត ដើម្បីទទួលបានបណ្ណបើកបរ យានយន្តប្រភេទ «ក»៕