(ភ្នំពេញ)៖ ក្នុងនាមគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជានឹងខិតខំប្រឹងធ្វើយ៉ាងណា ប្រែក្លាយទៅជាតំបន់សេដ្ឋកិច្ចឧស្សាហកម្មហាឡាលដ៏ធំមួយ ក្នុងពេលប៉ុន្មានឆ្នាំខាងមុខនេះ។ នេះជាការលើកឡើងរបស់ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានគណៈកម្មាធិការត្រួតពិនិត្យ ផលិតផលហាឡាលកម្ពុជា។
ការលើកឡើងរបស់លោក អូស្មាន ហាស្សាន់ ធ្វើឡើងក្នុងឱកាសអញ្ជើញបិទវគ្គបណ្តុះបណ្តាលលើកទី៣ ស្តីពី មូលដ្ឋានគ្រឹះនៃស្តង់ដារហាឡាលកម្ពុជា នាថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៩នេះ នៅមជ្ឈមណ្ឌលម៉ូឌែន៥ រាជធានីភ្នំពេញ ដែលមានសមាសភាព សិក្ខាកាមអញ្ជើញចូលរួមពីជួរគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា គ្រប់រាជធានីខេត្ត និងថ្នាក់ដឹកនាំសម្ព័ន្ធយុវជនមុស្លិមកម្ពុជា គ្រប់រាជធានីខេត្ត ព្រមទាំងតំណាងសហគ្រាសក្នុងស្រុកមួយចំនួន សរុប២០០នាក់។
ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ បានជម្រាបអំពីសារៈប្រយោជន៍របស់ក្រុមហ៊ុន រោងចក្រសហគ្រាស ផលិតផលនានា ដែលមានបញ្ជាក់ពីស្តង់ដារ ហាឡាលកម្ពុជាថា ថ្វីត្បិតតែអ្នកកាន់សាសនឥស្លាមនៅកម្ពុជា នៅមិនទាន់ដល់ចំនួន១លាននាក់ទេ អាចថាទីផ្សារអតិថិជនក្នុងស្រុកនៅមានកម្រិត ប៉ុន្តែកម្ពុជាមានភ្ញៀវទេសចរមុស្លិមមិនតិចឡើយ។
ទន្ទឹមនឹងនេះបណ្តារោងចក្រ សហគ្រាសផលិតផលនានាគួរជ្រាបថា ផលិតផលហាឡាលមានវិសាលភាពប្រកួតប្រជែង ក្នុងការនាំចេញទៅកាន់ទីផ្សារដ៏ធំ លើសកលលោក ដែលហាឡាលពិភពលោក មានទំហំទឹកប្រាក់៣.៣លានលានដុល្លារ (3.3Trillion USD) គិតឆ្នាំ២០១៧ ក្នុងនោះផ្នែកម្ហូបអាហារហាឡាល រហូតដល់ប្រមាណ១លានលានដុល្លា (1.0 Trillion USD)។
លោកបានបន្តថា អតិថិជនមុស្លិមលើសកលលោក គឺមានដល់ទៅប្រមាណ២,០០០លាននាក់ ជាគោលដៅទីផ្សារដ៏ធំ ដែលពួកគេតម្រូវការចាំបាច់ទទួលទាន ប្រើប្រាស់ផលិតផលហាឡាលដោយខានមិនបាន។ លើសពីនេះអតិថិជន ដែលតម្រូវការប្រើប្រាស់ហាឡាល គឺជាប្រជាជនទូទៅនៅលើសកលលោក ដែលមិនមែនតែអ្នកកាន់សាសនាឥស្លាមប៉ុណ្ណោះទេ ព្រោះពួកគេបានយល់ពីលក្ខខណ្ឌស្តង់ដារប្រកបដោយអនាម័យខ្ពស់ និងគុណភាពរបស់ផលិតផល ដែលមានបញ្ជាក់ស្តង់ដារហាឡាល។
ទោះយ៉ាងណា ដើម្បីឲ្យក្តីរំពឹងទុកខាងលើ ទទួលបានជោគជ័យ ក៏ទាមទារឲ្យមានកិច្ចសហការគ្នា ល្អរវាងស្ថាប័នក្រសួងពាក់ព័ន្ធ ជាពិសេសលេខាធិការដ្ឋាន ឯកទេសហាឡាលកម្ពុជា ក៏ដូចជាគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា ត្រូវពន្លឿន និងពង្រីកការផ្សព្វផ្សាយអំពីហាឡាលកម្ពុជា ទៅដល់រោងចក្រ សហគ្រាស និងក្រុមហ៊ុនផលិតក្នុងស្រុកឲ្យបានកាន់តែទូលំទូលាយថែមទៀត ដោយត្រូវមានកិច្ចសហការជាមួយស្ថាប័ន ក្រសួងពាក់ព័ន្ធនានា។
ក្នុងឱកាសនោះ លោកទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ បានសង្កត់ធ្ងន់ថា ក្រៅពីក្រសួង និងមន្ទីរពាណិជ្ជកម្ម គឺមន្ទីរឧហ្សាហកម្ម និងសិប្បកម្មរាជធានីភ្នំពេញ ក៏ជាភាគីសំខាន់ដែលត្រូវដើរតួនាំមុខ បណ្តាខេត្តផ្សេងៗទៀត ក្នុងការផ្តល់កិច្ចសហការលើករណីនេះ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឧស្សាហកម្មហាឡាលនៅកម្ពុជា ឲ្យកាន់តែរីកចម្រើនទៅមុខជាបន្តបន្ទាប់៕