(ភ្នំពេញ)៖ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ក្រសួងមហាផ្ទៃ នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៩នេះ បានបណ្ដេញជនជាតិបរទេស២០នាក់ ចេញពីប្រទេសកម្ពុជា និងដាក់ក្នុងបញ្ជីខ្មៅហាមចូលប្រទេសកម្ពុជារយៈពេល៣ឆ្នាំ ក្រោយចាប់ខ្លួនពាក់ព័ន្ធជាមួយអំពើល្មើសច្បាប់។
លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានប្រាប់អង្គភាព Fresh News ឲ្យដឹងថា ជនជាតិបរទេសដែលត្រូវបណ្ដេញចេញ ទាំង២០នាក់នោះ មានស្រី១៤នាក់ រួមមាន៖
*ទី១៖ ជនជាតិចិនចំនួន១៣នាក់ ស្រី១២នាក់ ពាក់ព័ន្ធករណីប្រកបរបររកស៊ីម៉ាស្សា ដោយខុសច្បាប់នៅខេត្តព្រះសីហនុ និងករណីប្រើប្រាស់គ្រឿងញៀន។
*ទី២៖ ជនជាតិឥណ្ឌាម្នាក់ ពាក់ព័ន្ធករណីលួចស្នាក់នៅខុសច្បាប់ហួសទិដ្ឋាការកំណត់។
*ទី៣៖ ជនជាតិហ្វីលីពីន ចំនួន០២នាក់ (ស្រី) ពាក់ព័ន្ធករណីលួចស្នាក់នៅខុសច្បាប់គ្មានលិខិតឆ្លងដែន និងហួសទិដ្ឋាការកំណត់។
*ទី៤៖ ជនជាតិស្រីលង្កា ចំនួន០២នាក់ ពាក់ព័ន្ធករណីប្រើប្រាស់ឯកសារក្លែងក្លាយ។
*ទី៥៖ ជនជាតិឥណ្ឌូនេស៊ីម្នាក់ ពាក់ព័ន្ធករណីលួចស្នាក់នៅខុសច្បាប់គ្មានលិខិតឆ្លងដែន។
*ទី៦៖ ជនជាតិអាមេរិកម្នាក់ ពាក់ព័ន្ធករណីមានសតិមិនប្រក្រតី។
ប្រធាននាយកដ្ឋានរូបនេះ បានបន្ថែមថា ក្រៅពីការបណ្តេញពួកគេឲ្យទៅប្រទេសដើមវិញ សមត្ថកិច្ចកម្ពុជា ដោយដាក់ឈ្មោះពួកគេក្នុងប្រព័ន្ធហាមចូលប្រទេសរយៈពេល៣ឆ្នាំផងដែរ៕