(ស្ទឹងត្រែង)៖ លោកទេសរដ្ឋមន្ត្រី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជន បន្តដាស់តឿន និងក្រើនរំលឹកថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនឲ្យយកចិត្តទុកដាក់ដោះស្រាយរាល់បញ្ហាប្រឈមរបស់អតីតយុទ្ធជន និងឧស្សាហ៍ចុះទៅតាមខ្នងផ្ទះរបស់អតីតយុទ្ធជន ដើម្បីបានជ្រាបពីបញ្ហារបស់ពួកគាត់។
ការក្រើនរំលឹករបស់លោកទេសរដ្ឋមន្ត្រី គន់ គីម បានធ្វើឡើងក្នុងពេលអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងដាក់ចេញទិសដៅការងារឆ្នាំ២០១៩ របស់គណៈកម្មាធិការសមាគមអតីតយុទ្ធជនខេត្តស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី ព្រមទាំងធ្វើការប្រកាសទទួលស្គាល់បន្ថែមសមាសភាពអនុប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនខេត្តទាំង៣ ចំណុះយោធភូមិភាគទី១។
ពិធីនេះបានប្រារព្ធធ្វេីឡេីងនៅទីបញ្ជាការយោធភូមិភាគទី១ នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៩នេះ។ កិច្ចប្រជុំប្រចាំឆ្នាំនេះ ត្រូវបានរៀបចំឡើង ដើម្បីតាមដាន ត្រួតពិនិត្យ សកម្មភាពការងារបណ្តាខេត្តចំណុះយោធភូមិភាគទី១ និងការអនុវត្តន៍អនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា។
លោកទេសរដ្ឋមន្រ្តី គន់ គីម បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងនិងលទ្ធផលការងារ ដែលសមាគមគ្រប់ថ្នាក់សម្រេចបាននាឆ្នាំកន្លងទៅ ដោយបានរួមចំណែកយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហា ការលំបាក និងកាត់បន្ថយភាពក្រីក្រ របស់អតីតយុទ្ធជនយើង។
បើទោះបីជាយ៉ាងណាលោកអគ្គលេខាធិការ ក៏បានក្រើនរំលឹកថ្នាក់ដឹកនាំសមាគមគ្រប់ថ្នាក់ ត្រូវបន្តចុះជួបសំណេះសំណាលជាមួយអតីតយុទ្ធជនតាមខ្នងផ្ទះនីមួយៗ ហើយត្រូវជួយដោះស្រាយបញ្ហាប្រឈមរបស់អតីតយុទ្ធជនឲ្យទាន់ពេលវេលា មិនត្រូវទុកឲ្យពួកគាត់ជួបលំបាកដោយមិនបានដឹង ហើយមិនបានដោះស្រាយនោះឡើយ។
ជាមួយគ្នានោះ លោគ គន់ គីម ក៏បានណែនាំដល់ថ្នាក់ដឹកនាំសមាគមខេត្តទាំងបីត្រូវធ្វេីការសហការជាមួយមន្ទីរជំនាញគ្រប់គ្រងឲ្យបានល្អលើដីសម្បទានសង្គមកិច្ចរដ្ឋ ដែលមាននៅតាមគោលដៅ និង រៀបចំឈូសឆាយចែកជាឡូត៍សង់ផ្ទះដេីម្បីផ្តល់ជូនអតីតយុទ្ធជនដែលអត់ដីអត់ផ្ទះ។
យោងតាមរបាយការណ៍ក្នុងកិច្ចប្រជុំបានបង្ហាញថា នៅឆ្នាំ២០១៨ សមាគមបានបើកផ្តល់ប្រាក់មរណ:សង្គ្រោះចំនួន ៥៦សព និងប្រាក់ធានារ៉ាប់រងសង្គម ៣១គ្រួសារ បានចុះសួរសុខទុក្ខ និងផ្តល់អំណោយជូនអតីតយុទ្ធជនសរុបជាទឹកប្រាក់ ១៥៤,២២៦,៥០០រៀល។ អ្វីដែលជាការគួរឲ្យកត់សម្គាល់ គឺការធានាបេីកប្រាក់មរណ:សង្គ្រោះបាន់ទាន់ពេលវេលា មិនរង់ចាំយូដូចពេលមុនទៀតទេ។
របាយការណ៍បន្តបង្ហាញថា អតីតយុទ្ធជនជាសមាជិកសមាគមក្នុងខេត្តទាំងបី (ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី) មានចំនួន ១,៥៨៩នាក់ ក្នុងនោះមានអ្នកទ័លក្រសរុប ២៥៦គ្រួសារ, អ្នកមានដី អត់ផ្ទះ ៨៥គ្រួសារ, អ្នកអត់ដីអត់ផ្ទះ ១៦៤គ្រួសារ និងរស់នៅលើដីសាធារណៈ ៧គ្រួសារ។ កន្លងមកខេត្តទាំងបីបានទទួលផ្ទះអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនអតីតយុទ្ធជនទ័លលំបាកបានចំនួន ០៥ខ្នង។
លោកទេសរដ្ឋមន្ត្រី គន់ គីម បានណែនាំឲ្យថ្នាក់ដឹកនាំសមាគមខេត្តទាំង៣ ត្រួតពិនិត្យរកឲ្យឃើញនូវអតីតយុទ្ធជនដែលលំបាកខ្វះខាតខ្លាំង ដេីម្បីផ្តល់អទិភាពក្នុងការសង់ផ្ទះជូនពួកគាត់។ តាមសំណេីរបស់សមាគមអតីតយុទ្ធជនខេត្ត លោក គន់ គីម បានសម្រេចឲ្យសាងសង់ផ្ទះអំណោយរបសសម្តេចតេជោប្រធានសមាគមជូនអតីតយុទ្ធជនខេត្តរតនគិរី ចំនួន១១ខ្នង។ ដោយឡែកបងប្អូនទ័លក្រនៅខេត្តមណ្ឌលគិរី ៦៥គ្រួសារ លោកអគ្គលេខាធិការ បានឲ្យសមាគមខេត្ត ពិនិត្យឡេីងវិញរកអ្នកមានដីអត់ផ្ទះ ដេីម្បីរៀបចំសាងសង់ផ្ទះជូនមុន៕