(កំពង់ចាម)៖ ថ្លែងចេញពីស្រុកជើងព្រៃ ខេត្តកំពង់ចាម លោក ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាបញ្ចប់សង្គ្រាមក៏ដោយសារកម្ពុជាខ្លួនឯង មិនមែនដោយសារបរទេសនោះទេ ដូច្នេះត្រូវរួមគ្នាតទៅទៀត ត្រូវមានទំនុកចិត្តលើស្មារតីរួមគ្នាជាខ្មែរ និងដឹកនាំរីកចម្រើនបន្តទៅទៀត ហើយបើខ្មែរមិនខំ បើរាជរដ្ឋាភិបាលមិនខំ មិនអាចកសាងប្រទេសបានមកដល់ប៉ុណ្ណោះទេ។
ការថ្លែងបែបនេះ របស់លោក ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្ពោធដាក់ឲ្យប្រើប្រាស់នូវអគារសិក្សា នៅសាលាបឋមសិក្សាព្នៅកើត និងសមិទ្ធផលនានា ក្នុងវត្តសិរីអម្ពវ័ន្ត ហៅវត្តព្នៅកើត នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៩នេះ។
លោក ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «យើងបញ្ចប់សង្គ្រាមក៏ដោយសារខ្មែរយើងដែរ មិនមែនដោយសារបរទេសនោះទេ ដូច្នេះយើងរួមគ្នាតទៅទៀត យើងមានទំនុកចិត្តលើស្មារតីរួមគ្នាជាខ្មែរ និងយើងដឹកនាំរីកចម្រើនបន្តទៅទៀត។ បើខ្មែរយើងមិនខំ បើរាជរដ្ឋាភិបាលមិនខំមិនអាចកសាងប្រទេស បានមកដល់ប៉ុណ្ណោះទេ»។
ទន្ទឹមគ្នានេះ លោកក៏បានថ្លែងអំណរគុណប្រជាពលរដ្ឋ ចំពោះការទុកចិត្តចំពោះគណបក្សប្រជាជនកម្ពុជា ដែលផ្ដល់ឱកាសសម្តេចតេជោ ហ៊ុន សែន បម្រើប្រជាពលរដ្ឋតាមរយៈចេញទៅបោះឆ្នោតជាង៨៣% ដើម្បីសុំសេចក្តីសុខផ្ទាល់ខ្លួន មិនចង់ឲ្យកូនចៅពិបាកវេទនា កូនចៅមានឱកាសរៀនសូត្រធ្វើការ និងបោះឆ្នោតជូនអ្នកដែលស្វែងរកសេចក្តីសុខជូនប្រជាពលរដ្ឋ។
បន្ថែមពីនេះ លោក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ក្រុមការងារថ្នាក់ជាតិ យុវជនបង្គោលចុះជួយស្រុកជើងព្រៃ និងផ្នែកដែលពាក់ព័ន្ធទាំងអស់ ដែលបាននៅជាមួយប្រជាពលរដ្ឋ ជួយប្រជាពលរដ្ឋតាមលទ្ធភាពដែលអាចជួយទៅបាន និងចូលរួមកទាំងកម្លាំងកាយចិត្ត សម្ភារ ថវិកា កសាងសមិទ្ធផល។
លោក ហ៊ុន ម៉ាណែត ក៏បានកត់សម្គាល់ដែរថា នៅក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម បានរួមគ្នាកសាងសមិទ្ធផលច្រើនណាស់ ហើយស្រុកជើងព្រៃរីកចម្រើន ដោយសារប្រជាពលរដ្ឋមួយគ្រួសាររីកចម្រើន ប្រទេសមានសុខសន្តិភាពក្រោមការដឹកនាំ និងផ្តល់ឲ្យពីសំណាក់រាជរដ្ឋាភិបាល ហើយស្រុកជើងព្រៃខ្លាំង ដោយសារប្រជាពលរដ្ឋនៅជើងព្រៃ ប្រទេសខ្មែរខ្លាំង ក៏ដោយសារប្រជាពលរដ្ឋខ្មែរខ្លាំង៕