(ភ្នំពេញ)៖ គណនី Facebook របស់អង្គរក្សសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានឈ្មោះ «ឆុន ប៊ុនធី» ត្រូវបានចោរបច្ចេកវិទ្យា Hacker លួចយកទៅគ្រប់គ្រង ព្រមទាំងបានទាក់ទងទៅខ្ចីលុយគេថែមទៀតផង។
លោក ឆុន ប៊ុនធី ក្រុមអង្គរក្សតែងតែការពាររាល់ដំណើរបេសកកម្មការងាររបស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងប្រទេសនោះ បានប្រាប់ Fresh News នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៩នេះថា គណនី Facebook របស់លោកត្រូវបានគេលួចយកទៅគ្រប់គ្រងអស់រយៈពេលពីរថ្ងៃមកហើយ។ លោកបានបន្ថែមថា ក្រោយពេលបានចូលទៅគ្រប់គ្រងហើយចោរបច្ចេកវិទ្យាដែលលួច Facebook របស់លោកទៅគ្រប់គ្រងបានធ្វើសកម្មភាពទាក់ទង (Chart) ទៅខ្ចីលុយមិត្តភក្តិនៅក្នុង Facebook របស់លោកថែមទៀត។
លោក ឆុន ប៊ុនធី បានអំពាវនាវទៅមិត្តភក្តិ ក៏ដូចជាថ្នាក់ដឹកនាំស្ថាប័ននានាដែលបានភ្ជាប់ទំនាក់ទំនងនៅក្នុងបណ្តាញសង្គម Facebook បើមានសកម្មភាពណាមួយទាក់ទង ដើម្បីខ្ចីលុយនោះ សូមកុំផ្ញើលុយឲ្យឲ្យសោះ។
លោក ឆុន ប៊ុនធី ក៏បានអំពាវនាវដល់សមត្ថកិច្ចវែកមុខជនល្មើសដែលលួចយកគណនី Facebook របស់លោក។ លោក ឆុន ប៊ុនធី ក៏បានប្រកាសមិនទទួលខុសត្រូវរាល់សកម្មភាពនៅលើគណនី Facebook ឈ្មោះ «ឆុន ប៊ុនធី» ចាប់ពីថ្ងៃនេះតទៅផងដែរ៕