(កំពង់ធំ)៖ ព្រះវិហារវត្តស្រះស្រង់ ហៅវត្តបឹងល្វាស្ថិតនៅភូមិបឹងល្វាលើ ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលជាអំណោយរបស់លោក ជា ចាន់តូ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកសន្ទុក សម្រេចបានប្រមាណ៦៥%ហើយ និងគ្រោងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០១៩ខាងមុខនេះ។
លោក ឯក ប្រុស អ្នកទទួលការងារសាងសង់ឲ្យដឹងថា ក្នុងដំណើរអញ្ជើញចុះស្វែងយល់ ពីស្ថានភាព និងជីវភាពប្រជាពលរដ្ឋពិសេសការលូតលាស់ក្នុងវិស័យសេដ្ឋកិច្ច ក្នុងតំបន់របស់លោក ជា ចាន់តូនេះ។
លោកបន្ដថា ព្រះវិហារវត្តស្រះស្រង់ហៅវត្តបឹងល្វានេះបានចាប់ផ្ដើមសាងសង់ នៅអំឡុងឆ្នាំ២០១២ ដោយសង់ថ្មីនៅលើទីទួលព្រះវិហារចាស់។ ព្រះវិហារថ្មីនេះសង់ពីថ្មប្រក់ក្បឿងទំហំ១១ម៉ែត្រគុណ២២ម៉ែត្រ និងមានកម្ពស់១៦ម៉ែត្រ។
សូមបញ្ជាក់ ដើម្បីមកកាន់វត្តស្រះស្រង់ជាវត្តចំណាស់មួយនេះគឺ ត្រូវធ្វើដំណើរលើផ្លូវជាងចម្ងាយផ្លូវជាង៧០គីឡូម៉ែត្រ ពីផ្លូវជាតិលេខ៦ត្រង់ផ្សារឃុំកំពង់ថ្មទើបមកដល់។
លោក ជា ចាន់តូ បញ្ជាក់ថា គ្មានសម្បត្តិណាប្រសើរជាសុខសន្តិភាព និងការរួបរួមសាមគ្គីគ្នាទេ ប្រសិនណាស្រុកទេសមិនមានសុខសន្តិភាព យើងក៏គ្មានឱកាសបានរស់នៅប្រកបការងារ ដោយសុខសាន្តបានដែរ។ ជាក់ស្ដែងតាមរយៈសមិទ្ធផលព្រះវិហារថ្មីកំពុងកសាងនេះ ជាសក្ខីភាពបញ្ជាក់ឲ្យឃើញថា ប្រជាជាតិពិតជាមានការស់នៅប្រកបដោយសុខក្សេមក្សាន្ត និងមានការអភិវឌ្ឍយ៉ាងពិតប្រកដក្រោមម្លប់ដ៏ត្រជាក់នៃ ការដឹកនាំដ៏ឈ្លាសវៃ របស់រាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន។
ក្នុងឱកាសនោះលោក ជា ចាន់តូ អំពាវនាវឲ្យប្រជាពលរដ្ឋត្រូវរួមសាមគ្គីគ្នា ថែរក្សាកាពារសន្តិភាព និងគាំទ្រគោលនយោបាយរាជរដ្ឋាភិបាល ពិសេសការដឹកនាំរបស់សម្ដេច ហ៊ុន សែនបន្តទៀត ដើម្បីឲ្យប្រទេសជាតិទទួលបានការរីកចម្រើន និងអភិវឌ្ឍន៏ថ្មីៗបន្ថែមទៀត។
លោក ជា ចាន់តូ បានប្រគេនទ័យវត្ថុភេសជ្ជៈព្រមទាំងបច្ច័យដល់ព្រះសង្ឃ និងបានសន្យាថានឹងបន្តជួយឧបត្ថម្ភគាំដល់តំបន់នេះបន្ថែមទៀត ដើម្បីតំបន់សាច់ស្រយាលមួយនេះដល់ ការអភវិវឌ្ឍដូចតំបន់នេះផ្សេងៗទៀតផងដែរ៕