(កំពត)៖ លោកឧត្តមសេនីយ៍ឯក មាស ប៊ុនឡី អគ្គនាយករង នៃអគ្គនាយកដ្ឋានសម្ភារបច្ចេកទេស ក្រសួងការពារជាតិ បានអំពាវនាវដល់ប្រជាពលរដ្ឋ នៅខេត្តកំពតទាំងអស់ កុំជឿការឃោសនាបោកបញ្ឆោត ពីជនអគតិមួយចំនួន ដែលមានចេតនាញុះញង់ឲ្យខ្មែរបែកបាក់សាមគ្គីគ្នា លាបពណ៌គ្នាតែប៉ុណ្ណោះ និងចង់បំផ្លាញសន្ដិភាព។
សារអំពាវនាវរបស់លោកឧត្តមសេនីយ៍ឯក មាស ប៊ុនឡី បានធ្វើឡើងក្នុងឱកាសអញ្ជើញប្រារព្ធពិធីបុណ្យ ឆ្លងផ្លូវលំក្រាលគ្រួសក្រហម២ខ្សែ កាត់ភូមិត្រពាំងខ្យង ឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ ប្រវែងជាង១ពាន់ម៉ែត្រ និងចែកអំណោយដល់គ្រួសារក្រីក្រ នៅឃុំអង្គភ្នំតូច ប្រមាណ៥០០គ្រួសារ នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៩ រួមជាមួយភរិយា លោកស្រី ហ៊ឹម ច្រឹប។
ឧត្តមសេនីយ៍ មាស ប៊ុនឡី បានថ្លែងយ៉ាងដូច្នេះថា «យើងទាំងអស់គ្នា កុំជឿការឃោសនាបោកបញ្ឆោតពីជនអគតិមួយចំនួន គឺមិនចំណេញទេ មានតែការញុះញង់ ឲ្យបងប្អូនបែកបាក់សាមគ្គីគ្នា លាបពណ៌គ្នាតែប៉ុណ្ណោះ យើងទាំងអស់គ្នាត្រូវចងចាំថា កាលយើងរស់នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត យើងបន់ទេវតាឲ្យជួយពេលទេវតាជួយបានរួចផុត យើងជួបការខ្វះខាតបន់ថា ឲ្យតែបានបាយរឹងហូប អំបិលគ្រួសក៏ឆ្ងាញ់ដែរ ប៉ុន្តែឥឡូវបងប្អូនឃើញ ហើយជីវភាពរស់នៅទាំងការហូបចុករបស់បងប្អូន តើឈានដល់កម្រិតណាហើយ តើពួកអគតិមួយចំនួន ដែលឃោសនាតាមវិទ្យុ និងបណ្តាញសង្គម មួយចំនួនតូច ដែលចោទថារដ្ឋាភិបាលមិនស្របច្បាប់ ទាមទារចង់ឲ្យបោះឆ្នោតជាថ្មីស្អីគេនោះ គឺគ្មានមជ្ឈដ្ឋានមួយគេគាំទ្រតាមសំដីពួកអគតិទាំងនោះទេ»។
លើសពីនេះ លោកក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋផងដែរ ជុំវិញបញ្ហាអាកាសធាតុប្រែប្រួលកើនកំដៅនារដូវប្រាំងនេះ និងសូមឲ្យបងប្អូនជួយសន្សំសំចៃទឹក តាមប្រឡាយ ស្ទឹង បឹងបួរ សូមកុំបូមអណ្តូងត្រពាំងដើម្បីចាប់ត្រី ត្រូវរក្សាទឹកពីព្រោះឆ្នាំនេះ អាចរាំងយូរ ដូច្នេះអាចជួបប្រទះនូវការខ្វះខាតទឹក នៅពេលខាងមុខនេះ។
ជាមួយគ្នានេះ លោកក៏បានគូសបញ្ជាក់ថា សមិទ្ធផលផ្លូវលំពីរខ្សែ មានប្រវែងជាង១,០០០ម៉ែត្រខាងលើ បានកសាងហើយរួចរាល់ តាមសំណូមពរស្នើសុំរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងដាក់ធ្វើបុណ្យឆ្លងសមិទ្ធផលនៅថ្ងៃនេះ។ ដូច្នេះរាល់អ្វីៗដែលចង់បានឥឡូវបានហើយ ដូចជាផ្លូវដែលកំពុងតែឈរនេះ ពីដើមជាផ្លូវរទេះគោ តែពេលនេះក្លាយជាផ្លូវលំសម្រាប់ធ្វើចរាចរបានយ៉ាងស្រួល នេះដោយសារតែស្រុកមានសុខសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា៕