(កំពង់ចាម)៖ លោកបណ្ឌិត ម៉ា ឈឿន តំណាងរាស្ដ្រមណ្ឌលកំពង់ចាម សមាជិកគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកជើងព្រៃ នៅរសៀលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៩ នេះ បាននាំយកថវិកា១០លានរៀល ដើម្បីកសាងរបងវត្ដមួយខ្សែ នៅវត្ដ ឧទុម្ពរ ហៅវត្ដទំពរ ភូមិទំពរ ឃុំត្រពាំងគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។
ក្នុងឱកាសនោះ ព្រះចៅអធិការវត្ដ ឧទុម្ពរ ព្រះនាម វ៉ន វិន បានមានព្រះសង្ឃដិកាថ្លែងអំណរគុណ ដល់លោកបណ្ឌិត ម៉ា ឈឿន ដែលជានិច្ចកាល តែងតែជួយលើកកម្ពស់សាសនា តាមរយៈចូលជាបច្ច័យកសាងវត្ដអារាម សម្ភារ ផ្លូវថ្នល់ គំនូរ និងផ្សេងៗទៀត ជាពិសេស ផ្តួចផ្តើមអង្គកឋិនទាន ដើម្បីប្រមូលបច្ច័យសម្រាប់បម្រើវិស័យព្រះពុទ្ធសាសនា ស្ទើរគ្រប់វត្ដអារាមនៅស្រុកជើងព្រៃ និងបណ្ដាស្រុកខេត្ដផ្សេងៗទៀត ។
លោកបណ្ឌិត ម៉ា ឈឿន និងភរិយា ពុទ្ធសាសនូបត្ថម្ភដ៏ជ្រះថ្លាមួយ ក្នុងព្រះពុទ្ធសាសនា តែងតែដឹកនាំមន្ដ្រីថ្នាក់ដឹកនាំ បូជាទៀនធូប ផ្កាភ្ញី ថ្វាយព្រះសម្មាសម្ពុទ្ធ និងនាំយកទេយ្យវត្ថុជាច្រើន រួមទាំងបច្ច័យ ប្រគេនព្រះសង្ឃ គង់នៅតាមវត្ដអារាម ដើម្បីទ្រទ្រង់ និងជ្រោងទង់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ឲ្យកាន់តែរីកចម្រើន។
ទន្ទឹមនឹងនោះ កាយវិការដ៏ថ្លៃថ្លារបស់ លោកបណ្ឌិត ម៉ា ឈឿន និងភរិយា ក្នុងពុទ្ធសាសនានេះ ទទួលបានការវាយតម្លៃ និងកោតសរសើរខ្ពស់ ពីព្រះសង្ឃ យាយជី អាចារ្យវត្ដ និងប្រជាពុទ្ធបរិស័ទទូទៅផងដែរ។
សូមជម្រាបថា នៅព្រឹកថ្ងៃទី០៩ ខែមិនា ដដែលនេះ តំណាងរាស្ដ្រមណ្ឌលកំពង់ចាម ក៏បានអញ្ជើញចូលរួមសម្ពោធអគារសិក្សាចំនួន ២ខ្នង ស្មើនឹង១០បន្ទប់ នៃសាលាបឋមសិក្សាព្នៅកើត នៅវត្ដសិរីអម្ពរវ័ន្ដ (ហៅវត្ដព្នៅកើត )ស្ថិតនៅភូមិ ព្នៅកើត ឃុំព្រៃចារ ស្រុកជើងព្រៃ ខេត្ដកំពង់ចាមក្រោមអធិតីភាព លោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និងមានការអញ្ជើញចូលរួមពី គណៈអភិបាលខេត្ដកំពង់ចាម លោក គួច ចំរើន ផងដែរ ។
ក្នុងឱកាសនោះ លោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានថ្លែងកោតសរសើរដល់លោកបណ្ឌិតម៉ា ឈឿន និងក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកជើងព្រៃ ដែលបានលះបង់កម្លាំងកាយចិត្ដ អភិវឌ្ឍស្រុកជើងព្រៃ និងទាក់ទាញអ្នកវិនិយោគមកស្រុកនេះ ដើម្បីបង្កើតការងារឲ្យកាន់តែច្រើន ជូនដល់ប្រជាពលរដ្ឋ និងចូលរួមអភិវឌ្ឍប្រទេសជាតិ ៕