(ភ្នំពេញ)៖ ដោយមើលឃើញការពីការលូតលាស់វិស័យអប់រំនៅកម្ពុជា មិនថាតំបន់ទីប្រជុំជន ឬដាច់ស្រយ៉ា រួមជាមួយនឹងក្តីអាណិត និងស្រឡាញ់ដល់កុមារនៅកម្ពុជា ជាមួយនឹងភាពរីកចម្រើនផ្នែកចំណេះដឹងនោះ នាថ្ងៃព្រឹកទី០៩ ខែមីនា ឆ្នាំ២០១៩នេះ ក្រុមហ៊ុនអរសាំគ្លូប៊ល អ៊ីនវេសម៉ិនគ្រុប បានបញ្ជូនក្រុមការងាររបស់ខ្លួន ទៅចុះចែកសៀវភៅ ប៊ិច និងសម្ភារកីឡាមួយចំនួន ជូនដល់សិស្សានុសិស្សជាង២ពាន់នាក់ នៅសាលាបឋមសិក្សាគោកបញ្ជាន់ ភូមិចោមចៅទី២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ពិធីចែកសម្ភារសិក្សា និងកីឡា ដល់សិស្សានុសិស្សជាង២ពាន់នាក់នេះ ក៏មានការចូលរួមពី លោកស្រី អេវលិន ភីក (Evelyn Pek) អនុប្រធាននាយកប្រតិបត្តិក្រុមហ៊ុនអរសាំគ្លូប៊ល អ៊ីនវេសម៉ិនគ្រុប រួមនឹងថ្នាក់ដឹកនាំជាច្រើននាក់នៃក្រុមហ៊ុន លោក ឡូន ផុន នាយកសាលាបឋមសិក្សាគោកបញ្ជាន់ រួមនឹង​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សជាង២,២០០នាក់ផងដែរ។

នាឱកាសនោះ លោក ឡូន ផុន ជានាយកសាលាបឋមសិក្សាគោកបញ្ជាន់ បានបញ្ជាក់ថា «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ និងបុគ្គលិករបស់ក្រុមហ៊ុនអរសាំ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ និងថវិកាផ្ទាល់ខ្លួន ដើម្បីជួយឧបត្ថម្ភដល់សិស្សានុសិស្សនៅក្នុងសាលារៀនរបស់យើង។ វត្តមាននិងភាពស្មោះត្រង់របស់ពួកគេ គឺជាគំរូដ៏ល្អដែលសហគមន៍ជឿជាក់ថា​ សហគ្រាសដទៃទៀតនឹងអនុវត្តតាម»

លោកបន្ថែមថា «ខ្ញុំសង្ឃឹមថាក្រុមហ៊ុនអរសាំគ្លូប៊លអ៊ីនវេសម៉ិនគ្រុប នឹងនៅតែបន្តសហការចូលរួមចំណែកជួយអភិវឌ្ឍន៍សាលារបស់យើង»។

ជាមួយគ្នានោះដែរ លោកស្រី Evelyn Pek ក៏បានលើកឡើងថា «ក្រុមហ៊ុនអរសាំគ្លូប៊លអ៊ីនវេសម៉ិនគ្រុប មិនត្រឹមតែធ្វើការវិនិយោគលើវិស័យនានា នៅក្នុងព្រះរាជាណាចក្រប្រទេសកម្ពុជាប៉ុណ្ណោះទេ ក្រុមហ៊ុនក៏បានផ្តោតការយកចិត្តទុកដាក់ខ្ពស់ជាពិសេស ទៅលើការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាព។ អ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺ យើងជឿជាក់ថាការវិនិយោគទៅលើកុមារ គឺជាការវិនិយោគដើម្បីអនាគតរបស់ប្រទេសកម្ពុជា ពីព្រោះកុមារគឺជាទំពាំងស្នងឬស្សី និងជាសសរទ្រូងរបស់ប្រទេសជាតិ។ ថ្ងៃនេះយើងខ្ញុំសប្បាយចិត្តខ្លាំងណាស់ ដែលបានរួមចំណែកក្នុងការជួយជ្រោមជ្រែង ដល់សិស្សានុសិស្សទាំងអស់គ្នាដែលកំពុងសិក្សានៅក្នុងសាលាបឋមសិក្សាគោកបញ្ជាន់នេះ»

កុមារី ធារី សិស្សថ្នាក់ទី៥ នៃសាលាបឋមសិក្សាគោកបញ្ជាន់ ក៏មានចំណាប់អារម្មណ៍ នៅក្នុងពិធីចែកសម្ភារសិក្សា និងកីឡា របស់ក្រុមហ៊ុនអរសាំគ្លូប៊ល អ៊ីនវេសម៉ិនគ្រុប ថា «ខ្ញុំសប្បាយចិត្តណាស់ ដែលទទួលបានសៀវភៅ និងសម្ភារសិក្សាមួយចំនួនពីក្រុមហ៊ុនអរសាំថ្ងៃនេះ»

កុមារីវ័យ ១១ឆ្នាំរូបនោះបន្តទៀតថា «ខ្ញុំនឹងខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីគ្រួសារ និងប្រទេសជាតិខ្ញុំ។ ខ្ញុំនឹងមិនឲ្យពួកគាត់ខកបំណងទេ។ ខ្ញុំសប្បាយចិត្ត និងមានភាពកក់ក្តៅណាស់ ពេលបានជួបពួកគាត់ ពីព្រោះពួកគាត់ មានភាពរួសរាយរាក់ទាក់ និងចិត្តល្អចំពោះយើងគ្រប់គ្នា។ ពួកយើងនឹងប្រឹងប្រែងរៀនសូត្រ ដើម្បីទទួលបានជោគជ័យដូចជាពួកគាត់។ ខ្ញុំអរគុណបងៗ ហើយស្រឡាញ់បងៗទាំងអស់គ្នាណាស់»

សូមជម្រាបជូនថា ក្រុមហ៊ុនអរសាំគ្លូប៊ល អ៊ីនវេសម៉ិនគ្រុប នឹងដាក់គោលដៅរបស់ខ្លួនបន្តក្នុងការចុះចែកសម្ភារសិក្សាជូនដល់កុមារា កុមារី នៅតាមតំបន់ផ្សេងៗ ក្នុងប្រទេសកម្ពុជា ដើម្បីជាការលើកទឹកចិត្តជូនដល់សិស្សានុសិស្សទាំងអស់នោះ៕