(ព្រះវិហារ)៖ ទេសរដ្ឋមន្ត្រីមាស សុភា រដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តព្រះវិហារ និងលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរកុំជឿតាមការញុះញង់របស់ក្រុមណាមួយ ឫបក្សណាមួយដែលនាំឲ្យប្រទេសជាតិធ្លាក់ក្នុងសង្រ្គាម ហើយត្រូវជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាវិញ នោះទើបប្រទេសជាតិយើងទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឍន៍យូរអង្វែង។
ថ្លែងក្នុងពិធីបង្សុកូល ឧទ្ទិសដល់វិញ្ញាណក្ខន្ធកម្មាភិបាល យុទ្ធជនស្លូតត្រង់១៦នាក់ ដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងស្រុកជ័យសែន ដោយការធ្វើទារុណកម្មយ៉ាងឃោរឃៅពីរបបខ្មែរក្រហម នៅភូមិបដិវត្តន៍ ឃុំច្រាច់ ស្រុកជ័យសែននៅព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៩នេះ លោកទេសរដ្ឋមន្ត្រីមាស សុភា បានថ្លែងថា សង្គ្រាមនាំមកនូវការឈឺចាប់ដល់ប្រជាពលរដ្ឋ ហើយក៏បានបំផ្លាញអ្វីៗ សព្វបែបយ៉ាងដែលយើងមានដែរ។
យ៉ាងណាមិញក្រុមគ្រួសារជនរងគ្រោះទាំង១៦នាក់ ដែលត្រូវខ្មែរក្រហមសម្លាប់យ៉ាងព្រៃផ្សៃនៅស្រុកជ័យសែន រហូតមកដល់ថ្ងៃនេះ នៅមិនទាន់បាត់ការឈឺចាប់នៅឡើយទេ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់រូប មិនត្រូវជឿតាមការញុះញង់របស់ជនណា ឫក្រុមណា បក្សណាដែលនាំឲ្យសង្គ្រាមកើតមានម្តងទៀត នៅក្នុងប្រទេសរបស់យើងនោះទេ។
លោកគូសបញ្ជាក់ថា មានតែគាំទ្រសម្តេចតេជោ ហ៊ុន សែន ដែលជានាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាទេ ទើបធ្វើឲ្យប្រទេសជាតិយើងទទួលបាននូវសុខសន្តិភាព សេរីភាព និងការអភិវឌ្ឍន៍យូរអង្វែង។
ជាមួយគ្នានេះ លោកក៏បានបួងសួងសូមឲ្យដួងវិញ្ញាណក្ខន្ធជនរងគ្រោះស្លូតត្រង់ទាំង១៦នាក់ ក៏ដូចជាជនរងគ្រោះនៅទូទាំងប្រទេស ដែលត្រូវខ្មែរក្រហមសម្លាប់យ៉ាងឃោរឃៅនោះ ឆាប់បានចាប់កំណើតជាថ្មី និងរួចចាកទុក្ខទោសផងទាំងឡាយតាមរយៈការធ្វើបុណ្យ បង្សុកូលឧទ្ទិសកុសលនៅពេលនេះផងដែរ៕