(ភ្នំពេញ)៖ ក្នុងខែកុម្ភៈ ឆ្នាំ២០១៩នេះ មន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំលោក សេង ឈួន អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារត្រួតពិនិត្យយានយន្តដឹកលើសទម្ងន់កម្រិតកំណត់ចំនួន ២៤០គ្រឿង ដោយពិន័យជាប្រាក់សរុបចំនួន៦៥៩,៣៥០,០០០រៀល។ នេះបើតាមរបាយការណ៍របស់ក្រសួងសាធារណការ ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៩។
របាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានអះអាងថា ចំនួនរថយន្តដឹកលើសទម្ងន់កម្រិត ដែលចាប់បានទាំងនេះ កើនឡើង២៥គ្រឿង បើធៀបនឹងខែមករា ឆ្នាំ២០១៩ ដែលចាប់បានតែ២១៥គ្រឿង។ របាយការណ៍បានឲ្យដឹងដែរថា ក្នុងចំណោមរថយន្តដែលចាប់បាននោះ ផ្ទុកលើសទម្ងន់ចាប់ពី ៥តោន រហូតដល់៥៧តោន។
ជាមួយនឹងប្រតិបត្តិការក្តៅបង្រ្កាបរថយន្តដឹកលើសទម្ងន់ទាំងនេះ លោក សេង ឈួន បានធ្លាប់បញ្ជាក់ថា ដោយគោរពតាមការចង្អុលបង្ហាញរបស់ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្រុមការងារត្រួតពិនិត្យយានយន្តដឹកលើសទម្ងន់កម្រិតកំណត់ នឹងចុះត្រួតពិនិត្យយានយន្តដឹកជញ្ជូន នៅគ្រប់កន្លែងទាំងអស់ ដើម្បីរារាំងការដឹកលើសទម្ងន់ ដែលនាំឲ្យខូចផ្លូវធ្ងន់ធ្ងរនោះ។
លោក សេង ឈួន បានគូសបញ្ជាក់ថា ប្រតិបត្តិការបង្រ្កាបរថយន្តដឹកលើសទម្ងន់នេះ នឹងធ្វើឡើងដោយតម្លាភាព ដោយមិនមានការអន្តរាគមន៍ជាដាច់ខាតទោះបីរថយន្តដឹកលើសទម្ងន់នោះជារបស់អ្នកមានឥទ្ធិពល ឬមានអំណាចក៏ដោយនោះ។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ធ្លាប់បានបញ្ជាក់ថា ប្រតិបត្តិការទប់ស្កាត់រថយន្តដឹកជញ្ជូនលើសទម្ងន់នេះ គឺមិនរាថយនោះឡើយ ហើយធ្វើជាប់ជាប្រចាំថែមទៀតផង។ លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់ទៀតថា ប្រតិបត្តិការទប់ស្កាត់រថយន្តដឹកលើសទម្ងន់នេះ ធ្វើគ្រប់រថយន្ត និងស្មើភាព ដោយមិនមានការអន្តរាគមន៍នោះឡើយ បើទោះបីម្ចាស់រថយន្តដឹកជញ្ជូនទាំងនោះ ជាអ្នកមានអំណាច មានឥទ្ធិពល ឬក៏មានលុយក៏ដោយនោះ។
លោកទេសរដ្ឋមន្រ្តី ក៏បានអំពាវនាវដល់ម្ចាស់រថយន្តដឹកជញ្ជូន ឲ្យគោរពច្បាប់ដឹកជញ្ជូន និងកម្រិតទម្ងន់ ដែលកំណត់ដោយច្បាប់ចៀសវាងការធ្វើឲ្យខូចខាតផ្លូវ ដែលរាជរដ្ឋាភិបាលខិតខំសាងសង់ឡើង។ លោកទេសរដ្ឋមន្រ្តីថា រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងមិនចង់បានលុយផាកពិន័យពីការដឹកលើសទម្ងន់នោះទេ ព្រោះលុយយកពីការផាកពិន័យ មិនអាចយកមកទូទាត់ជាមួយទំហំនៃការខូចខាតផ្លូវ ហើយក៏មិនអាចយកជួសជុលផ្លូវឡើងវិញបាននោះឡើយ៕