(កំពង់ស្ពឺ)៖ រដ្ឋបាលខេត្តកំពង់ស្ពឺ បានចេញសេចក្ដីណែនាំ ស្ដីពីការបង្ការទប់ស្កាត់ អន្ដរាគមន៍គ្រោះអគ្គិភ័យ និងវិធានការរក្សាទឹកទុក ខណៈដែលកម្ពុជានឹងទទួលរងនូវឥទ្ធិពលបាតុភូត អ៊ែល នីណូ នារដូវប្រាំង និងដើមរដូវវស្សាឆ្នាំ២០១៩នេះ។ នេះបើតាមសេចក្ដីណែនាំ ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៩។

ផ្អែកលើស្ថានភាពអាកាសធាតុ​ខាងលើ រដ្ឋបាលខេត្តកំពង់ស្ពឺ សូមធ្វើការណែនាំដើម្បីបង្ការទប់ស្កាត់ អន្តរាគមន៍គ្រោះអគ្គីភ័យ និង​ចាត់វិធានការរក្សាទឹកទុក សម្រាប់ប្រើប្រាស់ ដូចខាងក្រោម​៖

*ប្រជាពលរដ្ឋដែលរស់នៅតាមមូលដ្ឋាន ទីប្រជុំជននានា និងគ្រប់ទីវត្តអារាមសាសនា ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះភ្លើង ធូប ទៀន ចង្ក្រាន និងបណ្តាញអគ្គិសនី មុននឹងចេញដំណើរទៅទីជិត ឬ​ទីឆ្ងាយ ជាពិសេស​គួរចៀសវាងការដុតសំរាម ចំបើង និងជើងជាំង។

*បងប្អូនប្រជាកសិករគួរបង្កបង្កើនផលស្រូវរដូវប្រាំងតែមួយដងប៉ុណ្ណោះ នៅក្នុងឆ្នាំ២០១៩នេះ ទោះបីជាមានទឹក នៅតាមបណ្តាអាងដែលបានរក្សាទុក និងកន្លែងមួយចំនួនទៀត ដែលមានទឹកជាធម្មជាតិក៏ដោយ គួរគប្បី​រក្សាទឹកទាំងអស់នោះទុកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។

*ម្ចាស់រោងចក្រ សហគ្រាស គ្រឹះស្ថាន និង​ស្ថាប័នឯកជនទាំងអស់ក្នុងខេត្ត ត្រូវមានវិធានការរួចជាស្រេច ក្នុងការបង្ការគ្រោះអគ្គីភ័យ ដោយត្រៀមលក្ខណៈបំពាក់បំពង់ពន្លត់អគ្គីភ័យ និងផ្សព្វផ្សាយដល់និយោជិត​របស់ខ្លួនឲ្យបានយល់ដឹងពីហានិភ័យទាំងនេះ។

*អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ត្រីពាក់ព័ន្ធ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវផ្សព្វផ្សាយ ណែនាំបងប្អូន​ប្រជាពលរដ្ឋឲ្យបានដឹង និងយល់ច្បាស់ពីហានីភ័យ ដែលអាចកើតមានឡើងជាយថាហេតុ និងត្រូវមានការ​យកចិត្តទុកដាក់ខ្ពស់ក្នុងការត្រៀមលក្ខណៈ គ្រប់បែបយ៉ាងទាំងឧបករណ៍សម្ភារ ដើម្បីអន្តរាគមន៍ជួយ
សង្រ្គោះ​ប្រជាពលរដ្ឋក្នុងករណីដែលមានគ្រោះអគ្គីភ័យ និង​គ្រោះធម្មជាតិនៅតាមមូលដ្ឋាន និងត្រូវ​ចាត់វិធានការក្នុងការថែរក្សាទឹកទុកឲ្យបានល្អ សម្រាប់ផ្គត់ផ្គង់ប្រជាពលរដ្ឋដែលត្រូវការចាំបាច់។

*ស្នងការដ្ឋាននគរបាលខេត្ត អធិការដ្ឋាននគរបាលក្រុង និងស្រុក ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្តពន្លត់អគ្គីភ័យ និង​ណែនាំដល់មន្ត្រីនគរបាល បង្ការពន្លត់អគ្គីភ័យ ដើម្បីត្រៀមខ្លួនប្រចាំការ២៤ម៉ោង​ដើម្បីធានាបាននូវប្រសិទ្ធភាពខ្ពស់ក្នុងការជួយអន្តរាគមន៍ឲ្យបានទាន់ពេលវេលា៕