(កំពង់ស្ពឺ)៖ ក្រុមអ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ នៅព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៩នេះ ដឹកនាំដោយលោក ឆាយ ថន បានជួបប្រជុំជាមួយអាជ្ញាធរខេត្ត ស្រុក និងមន្រ្តីពាក់ព័ន្ធប្រមាណ២០០នាក់ ពិភាក្សា និងលើកវិធានការណ៍ជាក់លាក់ ត្រៀមខ្លួនធ្វើអន្តរាគមន៍ផ្តល់ទឹកជូនដល់ប្រជាពលរដ្ឋ តបតាមការអំពាវនាវរបស់ រាជរដ្ឋាភិបាល ដែលយោងលើការវាយតម្លៃរបស់ក្រសួងធនធានទឹក និងឧតុនិយម ចំពោះការកើនឡើងកំដៅ ក្នុងឆ្នាំ២០១៩។
ក្នុងកិច្ចប្រជុំនោះ លោក ហ៊ុន ម៉ានី អនុប្រធានទី១ ក្រុមការងារចុះជួយខេត្តកំពង់ស្ពឺ និងជាតំណាងរាស្រ្តមណ្ឌលនេះ បានលើកឡើងថា ចំពោះការប្រឈមគ្រោះធម្មជាតិនាពេលខាងមុខ ទាមទារឲ្យគ្រប់អង្គភាព និងមន្ទីរជំនាញទាំងអស់រួមសហការគ្នា ដោយត្រូវអន្តរាគមន៍ឲ្យបានទាន់ពេលវេលា និងចំទិសដៅ ធ្វើយ៉ាងណាបង្កលទ្ធភាពគ្រប់បែបយ៉ាង ដើម្បីសម្រួលឲ្យខាងតែបាននូវទុក្ខលំបាករបស់ប្រជាពលរដ្ឋក្នុងខេត្ត ដែលលោកផ្ទាល់ហៅថា ជាភារកិច្ចចំពោះមុខរបស់មន្ត្រីគណបក្សប្រជាជនកម្ពុជា គ្រប់ៗរូប។
ជាលទ្ធផល នៃកិច្ចប្រជុំវិធានការចាំបាច់ និងជាក់ស្តែងមួយចំនួនត្រូវបានសម្រេច និងត្រៀមទុក ដែលក្នុងនោះរួមបញ្ចូលទាំងការប្រើប្រាស់នូវយន្តការ ថ្នាក់ក្រសួង និងមន្ទីរពាក់ព័ន្ធ យន្តការថ្នាក់ខេត្ត ស្រុក និងរហូតដល់យន្តការថ្នាក់ឃុំ ដើម្បីឆ្លើយតបទៅនឹងបញ្ហាដែលអាចកើតមានឡើង។
សូមជម្រាបថា កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ រាជរដ្ឋាភិបាលបានចេញជាសារាចរណែនាំ ស្តីពីការចាត់វិធានការថែរក្សាទឹកទប់ទល់គ្រោះរាំងស្ងួត ដោយក្នុងសារាចរនោះ បានគូសបញ្ជាក់ចំណុច៣សំខាន់ៗ រួមមាន៖
*ទី១៖ ការងារបង្កបង្កើនផលស្រូវ គឺអាចធ្វើបានតែ១ ដងតែប៉ុណ្ណោះ គួរគប្បីរក្សាទឹកទាំងនោះទុកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងការដាំដំណាំរួមផ្សំផ្សេងទៀត ក្រៅពីស្រូវ។
*ទី២៖ ក្រសួង ស្ថាប័នពាក់ពន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវចូលរួមចាត់វិធានការថែរក្សាទឹកទុកឲ្យបានល្អ ដើម្បីផ្គត់ផ្គង់សម្រាប់តែការប្រើប្រាស់ រហូតដល់ពេលមានភ្លៀងធ្លាក់ធម្មតា។
*ទី៣៖ ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ត្រូវត្រៀមលក្ខណៈជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងប៉ះពាល់ដោយគ្រោះធម្មជាតិ ដូចជាខ្យល់កន្ត្រាក់ជាដើម៕