(កំពត)៖ ព្រឹកនេះជាថ្ងៃទី២ នៃកម្មវិធីបោះជំរំសន្តិភាពឋានសួគ៌បូកគោ ក្រោមប្រធានបទ «រួមគ្នាដើម្បីកម្ពុជារុងរឿង»។ លោក ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោក ជា សុមេធី អភិបាលខេត្តព្រៃវែង បានបន្តដឹកនាំយុវជន ស.ស.យ.ក. ចំនួន៨ខេត្ត ធ្វើដំណើរផ្សងព្រេងរយៈចម្ងាយ២៤គីឡូម៉ែត្រ។
ដំណើរផ្សងព្រេងនេះ គឺចាប់ផ្តើមដើរពីជំរំ ទៅដល់ចំការតែកាត់ជ្រលងភ្នំ ឡើងភ្នំ ទៅដល់ជិតសណ្ឋាគារសុខាចាស់ រួចដើរវង់មួយជុំធំ សំដៅមកជំរំវិញ ក្នុងគោលបំណងសំខាន់៣យ៉ាងដូចខាងក្រោម ៖
*ទី១៖ ចាប់ផ្តើមដើរពីជំរំ ទៅដល់ចំការតែស្ថានភាពផ្លូវ មានផ្លូវកៅស៊ូ ផ្លូវបេតុង ផ្លូវដី គឺចង់ប្រៀបធៀបកម្ពុជាយើង ទៅនឹងសម័យសង្គមរាស្ត្រនិយម ពេលនោះកម្ពុជាយើង មានសន្តិភាពពេញបូរិបូរណ៍ ប្រជាពលរដ្ឋរស់នៅបានយ៉ាងសុខសាន្ត
*ទី២៖ ចាប់ពីចំការតែទៅ យុវជនទាំងអស់ ត្រូវដើរកាត់ជ្រលងភ្នំ ឡើងលើភ្នំ កាត់ព្រៃ ពោរពេញទៅដោយផ្លូវលំបាក ត្រូវប្រើកម្លាំងខ្លាំង អាចដួល អាចរបួស ឡើងចុះបត់បែន។ ត្រង់នេះចង់ប្រៀបធៀបកម្ពុជាយើង ទៅនឹងសម័យ ប៉ុល ពត ៣ឆ្នាំ ៨ខែ ២០ថ្ងៃ និងការតស៊ូឆ្លងកាត់ឧបសគ្គរាប់រយជំពូក ដើម្បីរំដោះជាតិមាតុភូមិ ពីសំណាក់ថ្នាក់ដឹកនាំកំពូលៗ របស់គណបក្សប្រជាជនកម្ពុជា គឺលោកលំបាកជាងយើងដើរកាត់ជ្រលងភ្នំ ឡើងភ្នំ កាត់ព្រៃ រាប់ពាន់ដងទៅទៀត ទំរាំតែរំដោះប្រជាជនកម្ពុជាពីរបបខ្មៅងងិត ប៉ុល ពត ដែលកាប់សម្លាប់ពលរដ្ឋខ្មែរ រាប់លាននាក់បាន
*ទី៣៖ ចាប់ពីម្តុំសណ្ឋាគារ សុខា ចាស់ មកជំរំវិញ យុវជនយើង ត្រូវដើរនៅលើផ្លូវជាតិ ផ្លូវកៅស៊ូរលោងស្អាត។ ត្រង់នេះ ចង់បញ្ជាក់ថាសម័យបច្ចុប្បន្ន ក្រោយពីថ្នាក់ដឹកនាំកំពូលបានតស៊ូ ដោយឆ្លងកាត់ឧបសគ្គរាប់រយជំពូក និងកសាងប្រទេសជាតិពីបាតដៃទទេមក កម្ពុជាយើងមានសុខសន្តិភាពពេញបរិបូរណ៍ និងមានការអភិវឌ្ឍរីកចម្រើនស្ទើរគ្រប់វិស័យ ដូចនឹងផ្លូវជាតិ ផ្លូវកៅស៊ូ ដែលយុវជនយើងធ្វើដំណើរនេះឯង។
លទ្ធផលដំណើរនេះ ប្រព្រឹត្តទៅដោយរលូន គ្មានឧបសគ្គ ជោគជ័យត្រចះត្រចង់។ ជំរំសន្តិភាពឋានសួគ៌បូកគោ ចាប់ផ្តើមពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ ដែលមានយុវជន ស.ស.យ.ក. ចំនួន៨ខេត្ត ចូលរួមមាន៖ ខេត្តព្រៃវែង បាត់ដំបង បន្ទាយមានជ័យ កំពត តាកែវ ព្រះសីហនុ កំពង់ស្ពឺ និងខេត្តកែប៕