Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រាជធានីភ្នំពេញ ត្រៀមធ្វើជាម្ចាស់ផ្ទះមហាសន្និបាតលើកទី៣៩ សមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង នៅចុងឆ្នាំ២០១៩នេះ

09-03-2019 12:37

(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៩ បានទទួលជួបសំណេះសំណាលជាមួយលោក ព្យែរ បៃយ៉េ លេខាធិការអចិន្ត្រៃយ៍ សមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) ដោយផ្តោតសំខាន់ទៅលើការត្រៀមលក្ខណៈរបស់រាជធានីភ្នំពេញ ក្នុងការធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាតរបស់ AIMF លើកទី៣៩ នៅចុងឆ្នាំ២០១៩នេះ។

លោក ឃួង ស្រេង បានជំរាបជូនលោក ព្យែរ បៃយ៉េ ពីការផ្តល់កិច្ចសហការឲ្យបានល្អប្រសើរជាមួយ (AIMF) ក្នុងនាមទីក្រុងភ្នំពេញជាសមាជិកការិយាល័យរបស់ (AIMF) និងត្រូវបានអង្គសន្និបាត (AIMF) បានអនុមត័គាំទ្រជាឯកច្ឆ័នជូនរាជធានីភ្នំពេញ ធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតរបស់សមាគមលើកទី៣៩ ស្របនឹងខួបទី៤០ នៃការបង្កើតសមាគម ហើយសន្និបាតឆ្នាំនេះគឺ បន្តការងារពីសន្និបាត ឆ្នាំទៅនៅទីក្រុងលីល ប្រទេសបារាំងដោយផ្តោតសំខាន់ទៅលើខ្លឹមសារការរស់នៅក្នុងទីក្រុង និងកីឡា។

រាជធានីភ្នំពេញ ក៏គាំទ្រទៅនឹងគំរោងបង្កើតការិយាល័យនៅរាជធានីភ្នំពេញ សំរាប់តំណាងប្រចាំតំបន់ផងដែរ។

លោកព្យែរ បៃយ៉េ បានលើកឡើងថា សន្និបាតរបស់សមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង នៅរាជធានីភ្នំពេញ គឺជាទ្វារមួយបើកទៅកាន់ពិភពលោក និងបង្ហាញពីអ្វីដែលសមគម បានធ្វើ ក៏ដូចជា ការបង្ហាញពីសក្តានុពលវប្បធម៌, ការរីកចំរើនរបស់រាជធានីភ្នំពេញ ក៏ដូចជា វិស័យទេសចរ, កីឡា និងបរិស្ថានជាដើម។

លោកថា «យើងព្យាយាមដោះស្រាយបញ្ហា ដែលកើតមានដូចជាបញ្ហាទឹកកខ្វក់, ការរស់នៅរបស់ប្រជាពលរដ្ឋ និងកីឡាជាដើមដោយលោកសុំការគាំទ្រពីរដ្ឋបាលរាជធានីភ្នំពេញ»។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់មានប្រសាសន៍ថា រាជរដ្ឋាភិបាលត្រៀមខ្លួនផ្តល់បដិភាគជាមួយ AIMF ក្នុងការជួយអភិវឌ្ឍន៍រាជធានីភ្នំពេញ ហើយសម្តេចក៏បានលើកទឹកចិត្ត ដល់ទីក្រុងផ្សេងៗទៀតនៅកម្ពុជា សហការជាមួយ AIMF ដើម្បីបង្ហាញពីសក្ដានុពលខេត្ត ក្រុងរបស់ខ្លួននិមួយៗ។

នៅរសៀលថ្ងៃដដែលនេះដែរ លោក ឃួង ស្រេងនិងលោកព្យែរ បៃយ៉េ ក៏បានចុះហត្ថលេខាលើ MOU លើកិច្ចព្រមព្រៀងដៃគូសហការរវាងរាជធានីភ្នំពេញ និង AIMF ក្រោមកិច្ចសហការផ្តល់ ជំនួយរបស់សហភាពអឺរ៉ុបផងដែរ៕