(ស្វាយរៀង)៖ លោកឧត្តមសេនីយ៍ឯក សៅ សុវណ្ណី អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិទប់ស្កាត់ អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម និងជាប្រធានក្រុមការងារចុះជួយឃុំថ្នាធ្នង់ ស្រុករំដួល ខេត្តស្វាយរៀង បានថ្លែងថា បច្ចុប្បន្នប្រទេសជាតិ មានសុខសន្តិភាព និងការរីកចម្រើន កំណើនសេដ្ឋកិច្ចមានការកើនឡើងជាបន្តបន្ទាប់ ច្នេះសូមសិស្សានុសិស្សទាំងអស់ត្រូវខិតខំរៀនសូត្រ ដើម្បីឈោងចាប់ឱកាសការងារ ដែលកំពុងរង់ចាំប្អូនៗ នៅពេលបញ្ចប់ការសិក្សា។
ការថ្លែងបែបនេះ របស់លោកឧត្តមសេនីយ៍ឯក សៅ សុវណ្ណី បានធ្វើឡើងនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលលោកបានអញ្ជើញ ចុះពិនិត្យអគារសាលារៀន១ខ្នង ស្នើរនឹង៥បន្ទប់ ស្ថិតនៅក្នុងសាលាអនុវិទ្យាល័យថ្នាធ្នង់ ស្រុករំដួល ខេត្តស្វាយរៀង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាតក្រហមកម្ពុជា។
ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ឯក សៅ សុវណ្ណី ក៏បានពាំនាំនូវការផ្តាំផ្ញើរនូវការសាកសួរសុខទុកពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ជូនដល់លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស អាជ្ញាធរដែនដីនិងកងកម្លាំប្រដាប់អាវុធ ផងដែរ។
លោកបានបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជា ដែលសម្តេចតេ ហ៊ុន សែន ជាប្រមុខដឹកនាំបានផ្តោតសំខាន់ ទៅលើវិស័យ៤ ជាអាទិភាពក្នុងនោះ រួមមាន៖ ទឹក ភ្លើង ផ្លូវ និងធនធានមនុស្ស ហើយវិស័យទាំង៤នេះ កំពុងអភិវឌ្ឍជាបន្តបន្ទាប់ដោយសព្វថ្ងៃនេះ យើងមានប្រពន្ធធារាសាស្ត្រប្រឡាយ ទឹកខ្វាត់ខ្វែង ផ្លូវគមនាគមល្អ ជាការពិតហើយ ដោយកន្លែងខ្លះមិនទាន់មានផ្លូវល្អ ក៏ពិតមែនតែនៅពេលខាងមុខនេះការអភិវឌ្ឍ និងធ្វើឱ្យមានផ្លូវល្អគ្រប់ទីកន្លែង ដើម្បីងាយស្រួលក្នុងការធ្វើដំណើរជាពិសេសដឹកកសិផលទៅកាន់ទីផ្សារកាន់តែងាយស្រួលផងដែរ។ មួយវិញទៀតវិស័យអគ្គិសនី ក៏បានពង្រីកបណ្តាញភ្លើងដល់ជនបទផងដែរ ដោយតំលៃភ្លើងថោកសមរម្យដែលអាចប្រជាពលរដ្ឋទទួលបាន។
ចំណែកវិស័យអប់រំវិញក៏មានសាលារៀនជាច្រើនកន្លែងចាប់មត្តេយ្យសិក្សាឡើងទៅមិនថាជនបទចំកាត់មាត់ញកនោះទេសាលារៀនតែងនៅក្បែរនៅលំនៅដ្ឋានជានិច្ច មិនដូចកាលពីមុនសិស្សានុសិស្សត្រូវធ្វើដំណើររាប់គីឡូម៉ែត្រទម្រាំដល់សាលារៀន។
ជាក់ស្តែងសមិទ្ធផលសាលារៀនមួយខ្នងដ៏ស្កឹមស្កៃនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោហ៊ុន សែន និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលមាន១ខ្នង៥បន្ទប់ ទុកជាកន្លែងផ្តល់នូវចំណេះដឹងដល់សិស្សានិសិស្សដើម្បីក្លាយជាទំពាំងស្នង ឫស្សីនៃប្រទេសជាតិ។
លោកប្រធានក្រុមការងារ ក៏បានជំរុញដល់ឪពុកម្តាយ អាណាព្យាបាលសិស្សទាំងអស់ស្របពេលដែលមានសាលារៀនល្អ ហើយត្រូវំរុញឱ្យកូនៗ របស់ខ្លួនដែលគ្រប់អាយុចូលរៀនដោយទៅចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នា គឺធ្វើយ៉ាងឱ្យកូនៗ ជាសិស្សានុសិស្សបានរៀនយ៉ាងហោច បញ្ចប់ថ្នាក់ទី១២ មានសញ្ញាបត្រ័មធ្យមសិក្សាទុតិយភូមិ ឬបើអាចមានលទ្ធភាពចូលរៀនបន្តថ្នាក់មហាវិទ្យាល័យដែរ ដើម្បីទទួលបានការអប់រំខ្ពស់មានចំណេះដឹង និងជំនាញពិតប្រាកដមានការងារធ្វើមានប្រាក់កំរ៉ៃសមរម្យ។
ប្រធានក្រុមការងារចុះមូលដ្ឋានឃុំថ្នាធ្នង់ ក៏ផ្តាំផ្ញើដល់ប្អូនៗ សិស្សានុសិស្សទាំងអស់ ត្រូវស្តាប់បង្គាប់លោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងខិតខំរៀនសូត្រ ដោយជៀសវាងការប្រើប្រាស់គ្រឿងញាន និងអំពើអបាយមុខផ្សេងៗ ដែលនាំអន្តរាយដល់ខ្លួន និងគ្រួសារ សង្គមជាតិ ត្រូវចូលរួមកម្មវិធីសង្គមឱ្យបានច្រើន ដើម្បីទទួលបានបទពិសោធន៍ថ្មីៗ សម្រាប់ខ្លួនត្រូវពង្រឹងពង្រីកសមត្ថភាព ចំណេះដឹងទាំងភាសាខ្មែរ និងភាសាបរទេសឱ្យបានខ្លាំង ដើម្បីងាយស្រួលក្នុងការសិក្សាស្រាវជ្រាវ និងងាយស្រួលរកការងារធ្វើ នៅពេលរៀនចប់ និងដើម្បីបន្តការសិក្សានៅបរទេស។
ឆ្លៀតនៅក្នុងឱកាសនោះលោក សៅ សុវណ្ណី បានអំពាវនាវដល់អាជ្ញាធរ ប្រជាពលរដ្ឋនៅមូលដ្ឋានឃុំថ្នាធ្នង់ត្រូវចេះសន្សំសំចៃទឹកទុក ដោយក្នុងរដូវប្រាំង នៅឆ្នាំ២០១៩នេះ កម្ពុជានឹងជួបគ្រោះក្តៅហួតហែងខ្លាំង ជាពិសេសក្នុងអំឡុងខែមេសា និងឧសភា កម្តៅនឹងហក់ឡើងដល់៤០ ទៅ៤២អង្សា ដោយសារតែការរងដោយប្រយោល នៃឥទ្ធិពលបាតុភូតអែលនីណូ (El Nino)។ រាជរដ្ឋាភិបាល បានអំពាវនាវដល់អាជ្ញាធរ និងប្រជាពលរដ្ឋ ត្រូវចាត់វិធានការថែរក្សាទឹក ទុកសម្រាប់ប្រើប្រាស់ផងដែរ។
លោកថា សូមអាជ្ញាធរដែនដី កងកម្លាំប្រដាប់អាវុធ ត្រូវបន្តយកចិត្តទុកដាក់ក្នុងការការពារសន្តិសុខ សុវត្តិភាពឱ្យបាលល្អប្រសើរ ជាពិសេសអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ទទួលបានជោគជ័យជាបន្តបន្ទាប់ទៀត។
នៅឱកាសនោះលោក សៅ សុវណ្ណី បានផ្តល់អំណោយជូនដល់សិស្សក្នុងម្នាក់ៗទទួលបានកាតាប១ និងថវិការ៥ពាន់រៀល និងក្រុមប្រឹក្សាឃុំ លោកគ្រូអ្នកគ្រូ ក៏ទទួលបាននូវថវិកាមួយចំនួនផងដែរ៕