(ព្រៃវែង)៖ នៅព្រឹកថ្ងៃសៅរ៍ ទី៩ ខែមីនា ឆ្នាំ២០១៩នេះ ឆ្លៀតក្នុងឱកាសចូលរួមអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ៨មីនា លោក ព្រុំ សុខា ប្រធានក្រុមការងារចុះជួយស្រុកបាភ្នំ និងសហការី រួមសហការជាមួយលោកស្រី អស់លោកក្នុងក្រុមការងារចុះជួយស្រុក និងឃុំបានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋមកពីភូមិទាំង៦ ក្នុងឃុំស្តៅកោង រួមមាន៖ ភូមិសិម្ពលី ក្រាំងចិន តាគោក សៀម ត្របែក និងភូមិថ្មី ដែលមានចំនួនសរុបប្រមាណជិត ៥០០នាក់ ស្រីមានចំនួនជិត៣០០នាក់ ក្នុងនោះក៏មានការចូលរួមពីសំណាក់បងប្អូនកម្មករ ពលករចំណាកស្រុកមួយចំនួនផងដែរ ដែលបានឆ្លៀតពេលឈប់សំរាកពីការងារត្រឡប់ទៅលេងផ្ទះសម្បែង និងក្រុមញាតិគ្រួសាររបស់ខ្លួនវិញ។
បន្ទាប់ពីបានស្តាប់សេចក្តីរាយការណ៍ពីសភាពការណ៍ ក្នុងសហគមន៍មូលដ្ឋានរួចមក លោក ព្រុំ សុខា បានថ្លែងអំណរគុណក្នុងនាមថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋ ក្នុងស្រុកបាភ្នំ និយាយរួមនិងបងប្អូនប្រជាពលរដ្ឋ នៅឃុំស្តៅកោង។ និយាយដោយឡែក ដែលបាននិងកំពុងបន្តគាំទ្រយ៉ាងពេញទំហឹង ចំពោះរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ដោយបានចូលរួមចំណែកយ៉ាងសកម្មជាមួយប្រជាពលរដ្ឋដទៃទៀត នៅទូទាំងប្រទេសក្នុងការថែរក្សាសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើន លូតលាស់ជាលំដាប់មកដល់សព្វថ្ងៃ។
ហេតុនេះ ដើម្បីរក្សាការពារនូវរាល់សមិទ្ធផលសង្គមជាតិសម្រេចបានកន្លងមក ពិសេសរតនសម្បត្តិដ៏ពិសិដ្ឋដែលយើងបានតស៊ូធ្វើពលីកម្មសព្វបែបយ៉ាង ដណ្តើមបានមកវិញ គឺសុខសន្តិភាព លោកប្រធានក្រុមការងារ បានជំរុញលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋទាំងអ្នករស់នៅអចិន្ត្រៃយ៍ក្នុងសហគមន៍ ក៏ដូចជាអ្នកដែលចាកចេញទៅក្រៅមូលដ្ឋាន ត្រូវរួមសាមគ្គីជួយយកអាសាគ្នា ទៅវិញទៅមក ក្នុងការប្រកបរបរចិញ្ចឹមជីវិតតាមសម្មាអាជីវោស្របតាមច្បាប់ទំលាប់ដែលមានជាធរមាន។
ទន្ទឹមនោះ ត្រូវយកចិត្តទុកដាក់ពង្រឹងស្មារតីមោះមុត ចូលរួមប្រឈមចំពោះការលំបាកនានាដែលជៀសមិនផុត ពិសេសបញ្ហាផលវិបាកទាំងឡាយ ដែលកើតចេញពីសង្គ្រាមចិត្តសាស្ត្រ ក្នុងសមរភូមិសាធារណៈមតិនាពេលបច្ចុប្បន្ន ដែលបង្កឡើងដោយមជ្ឈដ្ឋានអគតិទាំងក្នុង និងក្រៅប្រទេស។
លោកប្រធានក្រុមការងារស្រុក ក៏បានគូសបញ្ជាក់រំលឹកបងប្អូន ប្រជាពលរដ្ឋអំពីឧបាយកល ល្បិចកលពិសពុលរបស់ក្រុមប្រឆាំងក្រៅច្បាប់ ដែលបាននិងកំពុងបំផ្លើសតថភាព នៃស្ថានការណ៍ពិត ប្រាកដ របស់កម្ពុជា ក្នុងគ្រាបច្ចុប្បន្នពាក់ព័ន្ធជាមួយស្ថានភាពជាក់ស្តែងនៃសិទ្ធិ សេរីភាព ប្រជាធិបតេយ្យរបស់ពលរដ្ឋ និងភាពអសកម្មក្នុងសង្គមជាតិ សំដៅបំផុសញុះញង់បោកបញ្ឆោត មហាជន ប្រជាជនឱ្យស្អប់ខ្ពើមនិងលែងមានជំនឿទុកចិត្តលើរដ្ឋអំណាចសព្វថ្ងៃ សំដៅប៉ុនប៉ងផ្លាស់ប្តូររបបនយោបាយ តាមរយៈបដិវត្តន៍ពណ៌ដោយយកលំនាំតាមចលនា បះបោរគ្មានលក្ខណៈប្រជាធិបតេយ្យ ដែលបានកើតឡើងកន្លងទៅ ក្នុងប្រទេសខ្លះនៅមជ្ឈឹមបូព៌ា អតីតអឺរ៉ុបខាងកើត អ៊ុយក្រែនជាដើម...។ល។
ទោះបីមហិច្ឆតានយោបាយបែបនេះរបស់ពួកគេ ធ្លាប់បានទទួលបរាជ័យម្តងរួចមកហើយកាលពីក្រោយការបោះឆ្នោតសកលឆ្នាំ២០១៣ក៏ដោយ ក៏ពួកនេះនៅតែមានះបន្តជំរុញចលនាប្រជាធិបតេយ្យ ក្លែងក្លាយនេះសាជាថ្មីម្តងទៀត ក្រោមលេសដដែលនៃរបស់ដែលហៅថា«ការផ្លាស់ប្តូរជាវិជ្ជមានក្នុងឆ្នាំ២០១៩» តាមរយៈការអំពាវនាវដ៏ងងើលដោយឥតអៀនខ្មាសឱ្យកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្រោកឈរឡើងប្រឆាំង និងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោតរបស់ប្រជាពលរដ្ឋដ៏ច្រើនលើសលប់នៅទូទាំងប្រទេស។
ប៉ុន្តែឆ្លងកាត់វិញ្ញាសាសាកល្បងដ៏ស្រួចស្រាល់រយៈពេលកន្លងមកបានបង្ហាញឱ្យយើងឃើញច្បាស់ថា ក្នុងដំណើរការការពារកសាងអភិវឌ្ឍន៍ប្រទេសជាតិ កត្តាស្លាប់រស់មិនអាចខ្វះបានគឺសុខសន្តិភាព និងស្ថេរភាព ហើយក្នុងដំណើរការពង្រឹងស្ថាប័នប្រជាធិបតេយ្យ ត្រូវតែដើរទន្ទឹមនឹងការពង្រឹងនីតិរដ្ឋ។
ហេតុនេះហើយបានជាបដិវត្តន៍ពណ៌នៅកម្ពុជាត្រូវទទួលបរាជ័យដោយសារប្រជាពលរដ្ឋជាទូទៅមិនចូលរួមតាមការបំផុសបំផុលអុចអាលរបស់គណបក្សប្រឆាំងក្រៅច្បាប់។ កន្លងមក ពិតមែនតែមានអ្នកខ្លះបានបោះឆ្នោតគាំទ្រគណបក្សប្រឆាំង ប៉ុន្តែពួកគាត់មិនបានលង់តាមការញុះញង់ឱ្យចូលរួមក្នុងបាតុកម្ម កុបកម្មហិង្សាប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល ដែលកើតចេញពីការបោះឆ្នោតនោះឡើយ។
ច្បាស់ណាស់ប្រជាជនភាគច្រើនដាច់ខាតនៅតែមានជំនឿទុកចិត្តលើរដ្ឋអំណាចបច្ចុប្បន្នដែលជារដ្ឋអំណាចកើតចេញពីប្រជាជន ដោយសារប្រជាជននិងដើម្បីប្រជាជន ដោយពួកគាត់នៅតែបន្តគាំទ្រនិងរួមជាមួយកងកម្លាំងប្រដាប់អាវុធ ក្នុងការគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវច្បាប់រដ្ឋ និងបទបញ្ញតិនានារបស់រដ្ឋាភិបាល ដែលជាមូលដ្ឋានគ្រឹះនៃការពង្រឹងនីតិរដ្ឋ។
ហេតុនេះ ទោះជាប្រឈមជាមួយនឹងស្ថានភាពបែបណាក៏ដោយ ប្រជាជនកម្ពុជាទាំងមូលមានជំនឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា កម្លាំងសាមគ្គីប្រជាជាតិយើងទាំងមូលពិតជាវាយឱ្យបរាជ័យសាជាថ្មីម្តងទៀតនូវរាល់ឧបាយកល ល្បិចកលពិសពុលនៃចលនាបដិវត្តន៍ពណ៌ ដើម្បីរក្សាការពារសុខសន្តិភាព ឯករាជ្យភាព អធិបតេយ្យជាតិ ជំរុញអភិវឌ្ឍន៍មាតុភូមិយើងឱ្យរីកលូតលាស់បន្តទៅទៀត លើមាគ៌ាប្រជាធិបតេយ្យដែលយើងបានជ្រើសរើសដូចបច្ចុប្បន្នសម្រាប់អនាគតថ្កុំថ្កើង រុងរឿងរបស់យើងទាំងអស់គ្នា៕