(ភ្នំពេញ)៖ «បើគ្មានសុខសន្តិភាព ក៏មិនមានអ្វីៗដូចសព្វថ្ងៃនេះទេ»។ នេះជាសារថ្លែងរបស់លោកកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យឆ្លង និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូការនូវសមិទ្ធផលនានា វត្តត្រពាំងឈូកសសរ១០៨ នៅក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៩នេះ។

វត្តត្រពាំងឈូក សសរ១០៨ បានកសាងឡើងនៅឆ្នាំ១៨៤០ គិតមកដល់ពេលនេះមានអាយុកាល១៧៩ឆ្នាំ។ សមិទ្ធផលនានា ដែលសម្ពោធនាពេលនេះ មានមហាបូជនីយដ្ឋានត្រៃត្រឹង្ស, ឧទ្យានវេឡុវ័ន, ស្រះមុជលិង្គ និងសំណង់ផ្សេងៗមួយចំនួនទៀត សរុបចំណាយអស់ថវិកា ១លាន ៥សែន ១ពាន់ ៥រយដុល្លារ ដោយសទ្ធាជ្រះថ្លាពីសំណាក់ព្រះសង្ឃ មន្រ្តីរាជការ រួមនិងសប្បុរសជន ពុទ្ធបរិស័ទជាច្រើនទៀត។

លោកស្រី កែវ សុខពិសី អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា វិស័យព្រះពុទ្ធសាសនា រាជធានីភ្នំពេញ មានវត្តចំនួន ១៤៩វត្ត និងព្រះសង្ឃមានចំនួន ៨.៦១០អង្គ។ រដ្ឋបាលរាជធានីភ្នំពេញ គ្រោងរៀបចំបង្កើតខណ្ឌថ្មីចំនួនពីរទៀត ធ្វើយ៉ាងណាឲ្យការគ្រប់គ្រងទូទៅ និងការបម្រើផលប្រយោជន៍ប្រជាពលរដ្ឋកាន់តែងាយស្រួល និងឆាប់រហ័ស ឆ្លើយតបទៅនឹង សំណូមពរ ជាក់ស្តែងនៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

លោកបានមានប្រសាសន៍ថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយ គតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន បានខិតខំធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍន៍ រីកចម្រើនលើគ្រប់វិស័យក៏មកដល់សព្វថ្ងៃនេះ ទាំងវិស័យពុទ្ធចក្រនិងអាណាចក្រ។

លោក ហ៊ីង ប៊ុនហៀង បានថ្លែងនូវអំណរ និងការកោតសរសើរចំពោះ ព្រះសង្ឃ ព្រឹទ្ធាចារ្យ និងមន្ត្រីរាជការអាជ្ញាធរដែនដី ព្រមទាំងដោយកម្លាំងសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទទាំងជិតឆ្ងាយ និងសប្បុរសជនទាំងក្នុង និងក្រៅប្រទេស ចូលរួមចំណែកកសាងសមទ្ធិផលនានា ដើម្បីដំកល់ទុកក្នុងវិស័យព្រះពុទ្ធសាសនា។

លោកកិត្តិបណ្ឌិត ក៏បានផ្តាំផ្ញើដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក៏ដូចជា ប្រជាពលរដ្ឋក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បន្តអនុវត្តឲ្យខ្ជាប់ខ្ជួននូវអនុសាសន៍របស់ សម្ដេចតេជោ ហ៊ុន សែន ដើម្បីបំរើប្រជាជន និងថែរក្សាស្ថេរភាពសង្គមទទួលបាននូវសុខសន្តិភាពស្ថិរភាពនៅកម្ពុជា។

ក្នុងនាមសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត, លោក ហ៊ីង ប៊ុនហៀង បានប្រគេនបច្ច័យចំនួន ១ម៉ឺនដុល្លារ និងស៊ីម៉ងត៍១០តោន។ ផ្តល់ដល់សង្កាត់ទាំង២០ នៃខណ្ឌពោធិ៍សែនជ័យ ក្នុង១សង្កាត់ មានម៉ាស៊ីនកំព្យូទ័រ១គ្រឿង និងព្រីនធឺរ១គ្រឿង ព្រមទាំងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជាច្រើនទៀត ចែកជូនដល់លោកតាលោកយាយជី, ក្រុមប្រឹក្សាឃុំ, អាជ្ញាធរដែនដីស្រុក ប្រជាពលរដ្ឋ យុវជន គ្រូពេទ្យ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងកងកម្លាំងប្រដាប់អាវុធផងដែរ៕