(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌច្បារអំពៅនាថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៩ម្សិលមិញ បានប្រារព្ធពិធីអបអរសាទរ ខួបលើទី១០៨ នៃទិវាអន្តរជាតិ ៨ មីនា ឆ្នាំ២០១៩ ក្រោមប្រធានបទ «លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍធនធានមនុស្ស»។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោកស្រី ឡោក ខេង តំណាងរាស្ត្រមណ្ឌលភ្នំពេញ, លោកស្រី សុភ័គ្គ ថាវី រដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាអនុប្រធានក្រុមការងារចុះជួយខណ្ឌច្បារអំពៅ, លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ និងលោក អ៊ំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌច្បារអំពៅ បានអញ្ជើញសំណេះសំណាលជាមួយបងប្អូននារី។
លោក ចេង មុនីរ៉ា បានថ្លែងថា ទិវាអន្តរជាតិនារី ៨មីនា ត្រូវបានពិភពលោកប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីរំលឹកពីគំរូវរភាពនៃការតស៊ូ របស់នារីទូទាំងសកលលោក ក្នុងការទាមទារឱ្យមានការលើកកម្ពស់សិទ្ធិសេរីភាព និងការអនុវត្តសិទ្ធិស្មើភាពរវាងបុរស និងស្ត្រីនៅក្នុងសង្គម។
លោកអភិបាលខណ្ឌ បានគូសបញ្ជាក់ថា បច្ចុប្បន្នប្រទេសកម្ពុជាបាននិងកំពុងមានការរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះក៏មានការចូលរួម ពីស្ត្រីផងដែរ ហេតុដូចនេះទើបរាជរដ្ឋាភិបាលបានកំណត់ថា «ស្ត្រី គឺជាឆ្អឹងខ្នងសេដ្ឋកិច្ចរបស់ប្រទេសជាតិ» ស្ត្រីទទួលបានការគាំទ្រ និងការលើកកម្ពស់តួនាទីស្ត្រីឱ្យកាន់តែមានតម្លៃ និងមានសារៈសំខាន់ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមជាតិ និងចាត់ទុកស្ត្រីជាត្បូងដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន។
លោកក៏បានផ្តល់នូវឱវាទខ្លះៗដល់បងប្អូនជាស្ត្រីឱ្យចេះចាប់យកឱកាស ស្របពេលប្រទេសយើងកំពុងត្រូវការធនធានមនុស្ស ដូចនេះត្រូវពង្រឹងជំហរ របស់ខ្លួនឱ្យបានរឹងមាំ ខិតខំប្រឹងប្រែងសិក្សារៀនសូត្របន្ថែម ត្រូវបង្កើតសមត្ថភាពការងារឱ្យកាន់តែល្អប្រសើរ ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ ចំពោះការងារ ហើយត្រូវគិតថា «បុរសអាចធ្វើបាន យើងជាស្ត្រីក៏អាចធ្វើបានដូចគ្នា»។
មុននឹងបញ្ចប់លោក ចេង មុនីរ៉ា បានជូននូវបាច់ផ្កាដល់លោកស្រី ជាភរិយារបស់លោក និងបានជូននូវវត្ថុអនុស្សាវរីយ៍ដល់បងប្អូនស្ត្រីជាថ្នាក់ដឹកនាំ ស្ត្រីជាកងកម្លាំង ស្ត្រីជាមន្ត្រីរាជការ និងអ្នកចូលរួមជាស្ត្រី ក្នុងភាពស្និតស្នាល និងសប្បាយរីករាយ៕