(កោះកុង)៖ ដើម្បីហេដ្ឋារចនាសម្ព័ន្ធលើកស្ទួយផ្នែកវិស័យទេសចរណ៍ នៅតាមបណ្តាស្រុក-ក្រុង ឲ្យមានសោភ័ណ្ឌភាព ដើម្បីក្នុងការទាក់ទាញភ្លៀវទេចរណ៍ជាតិ-អន្តរជាតិ មកទស្សនា​ នៅតំបន់ទេសចរណ៍ធម្មជាតិឲ្យកាន់តែច្រើនឡើងនោះ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៩នេះ លោក ហាក់ ឡេង អភិបាលស្រុកមណ្ឌលសីមា បានដឹកនាំមន្ត្រីក្រោមឱវាទ សិស្សានុសិស្ស កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ជិត៦០០នាក់ ចុះសំអាតអនាម័យ និងរៀបចំសោភ័ណភាពបរិស្ថាននៅតាមដងផ្លូវសាធារណៈ។

លោក ហាក់ ឡេង បាន​ឱ្យដឹងថា ថ្ងៃនេះលោកបានដឹកនាំមន្ត្រីរាជការសិស្សានុសិស្សជិត៦០០នាក់ និងមានការជួយឧបត្ថម្ភរថយន្តចំនួន៥គ្រឿង ក្នុងដឹកសិស្សនិងទឹកសុទ្ធចំនួន៥០យួរ ពីលោក នួន វត្ថា ក្នុងការចុះប្រមូលសម្រាមនៅតាមដងផ្លូវសាធារណៈ ដោយចាប់ពីគល់ស្ពានត្រើយខាងលិច រហូតដល់ភូមិថ្មីចាំយាម ដើម្បីថែរក្សាអនាម័យបរិស្ថានលើកកម្ពស់ផ្នែកវិស័យទេសចរណ៍ ដើម្បីទាក់ទាញភ្លៀវជាតិ-អន្តរជាតិ ក្នុងដំណើរកំសាន្តឱ្យមានកំណើតខ្ពស់ ក្នុងការកាត់បន្ថយភាពក្រីក្រក្នុងជីវភាពប្រជាពលរដ្ឋបានមួយកម្រិត។

លោកបានបន្ថែមថា ការធ្វើអនាម័យថែរក្សាបរិស្ថាន ដើម្បីប្រឡងប្រណាំងសោភ័ណភាពស្រុកស្អាត ក្រុងស្អាតខេត្តស្អាតរម្មនីយ៍ដ្ឋានស្អាតឆ្នេរស្អាត ដើម្បីលើកស្ទួយវិស័យទេសចរណ៍ ហើយបើបរិស្ថានល្អភ្ញៀវជាតិ-អន្តរជាតិចូលមកកំសាន្តច្រើន ហើយសុខភាពល្អ ជាពិសេសធ្វើឱ្យបងប្អូនយល់ ពីតម្លៃបរិស្ថាននឹងធនធានធម្មជាតិ។

លោកបានបញ្ជាក់បន្ថែមថា លោកមានការសប្បាយចិត្តខ្លាំងណាស់ដោយប្អូនៗជាសិស្សសាលាបានយល់កាន់តែច្បាស់ ក្នុងការចូលរួមថែរក្សា អនាម័យបរិស្ថាន ហើយប្អូនៗនេះហើយជាទំពាំងស្នងឬស្សីសម្រាប់អនាគតនៃប្រទេសជាតិទៅថ្ងៃមុខ។ លោក ក៏បានអំពាវរនាវដល់បងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាអនាម័យបរិស្ថានដើម្បីសុខភាព និងដើម្បីខេត្តយើងទាំងអស់៕