(ភ្នំពេញ)៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខចាប់ខ្លួន បន្ទាប់ពីបុរសរូបនេះ បានប្រើប្រាស់ឈ្មោះរបស់ថ្នាក់ដឹកនាំ ទៅដើរជំរិតទារលុយតាមក្លឹបកម្សាន្ដ ហើយនឹងត្រូវបញ្ជូន ទៅតុលារការ ដើម្បីចាត់ការបន្ដតាមនីតិវិធីនៅថ្ងៃស្អែក។ នេះបើតាមការឲ្យដឹងពី លោកវរសេនីយ៍ឯក ហួ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ នៅព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៩។
លោកអធិការបន្តថា ជនសង្ស័យត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលភ្នំពេញថ្មី ឃាត់ខ្លួននៅរសៀលថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៩ នៅចំណុចមុខក្លឹបហ្ស៊ូក ផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ ពៅ ចាន់ធី អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ដោយឡែក ជនរងគ្រោះឈ្មោះ ឡោ ប៊ុនឈឿន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមេការក្លឹបហ្ស៊ូក ស្នាក់នៅក្នុងក្លឹបហ្សូកផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បើតាមលោកអធិការ មុនពេលកើតហេតុ ឈ្មោះ ផល សាវ៉េត (គេចខ្លួន) បានទូរស័ព្ទមកប្រាប់ជនរងគ្រោះថា គេចុះធ្វើការត្រួតពិនិត្យរដ្ឋបាល នៅចំណុចក្លឹបហ្សូក បើមិនចង់ឲ្យគេចុះត្រួតពិនិត្យ រដ្ឋបាលទេ ត្រូវរៀបចំកញ្ចប់លុយចំនួន៣០០ដុល្លារឲ្យគេ ហើយឈ្មោះ ផល សាវ៉េត (គេចខ្លួន) បានប្រើជនសង្ស័យ ពៅ ចាន់ធី ឲ្យមកយកលុយនៅក្លឹបហ៊្សូក។
លុះដល់ម៉ោង០៣៖៤០នាទី ស្រាប់តែជនសង្ស័យឈ្មោះ ពៅ ចាន់ធី បានជិះម៉ូតូឌុបមកដល់ មុខក្លឹបហ្សូក ដើម្បីយកលុយពីជនរងគ្រោះ តែត្រូវជនរងគ្រោះរាយការណ៍ប្រាប់ សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី ក្រោយពីទទួលព័ត៌មាន សមត្ថកិច្ចបានចុះដល់ចំណុចកើតហេតុ បាននាំខ្លួនជនសង្ស័យខាងលើ យកមកធ្វើការសាសួរនៅអធិការដ្ឋាននគរបាលខណ្ឌ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធីនៅថ្ងៃស្អែក៕