(បន្ទាយមានជ័យ)៖ លោកឧត្ដមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា កម្លាំងជំនាញរបស់លោក បានសហការជាមួយសមត្ថកិច្ចថៃ ចាប់បានជនសង្ស័យម្នាក់ ពីបទប្រើត្រាពន្យារសុពលភាពលិខិតក្លែងក្លាយជូនដល់ពលករខ្មែរ។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៩នេះថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួន ដោយសារបានបន្លំប្រើប្រាស់ លិខិតឆ្លងដែនពិតប្រាកដតែត្រាពន្យារសុពល ភាពក្លែងក្លាយ។ ជនរងគ្រោះឈ្មោះ ខាត់ នីផល្លី ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិតាសល់ ឃុំចំនោម ស្រុកមង្គលបុរី បន្ទាយមានជ័យ។
ជនរងគ្រោះ បានដាក់បណ្តឹងប្តឹងឈ្មោះ ពេជ្រ រិន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែររត់ម៉ូតូឌុប មានទីលំនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
នគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា នាថ្ងៃទី០៨ ខែមិនា ឆ្នាំ២០១៩ ក្រោយពេលទទួលបណ្តឹងពីជនរងគ្រោះហើយ សមត្ថកិច្ចកម្ពុជា-ថៃ បានស្វែងរកឈ្មោះ ពេជ្រ រិទ្ធ ដើម្បីសាកសួរ។ ឈ្មោះ ពេជ្រ រិទ្ធ បានប្រាប់ថា ខ្លួនបំរើការងារនៅក្រុមហ៊ុន BSRO នាំពលករស្របច្បាប់ទៅប្រទេសថៃ។ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ក្រុមហ៊ុននៅភ្នំពេញ បានផ្ញើលិខិតឆ្លងដែនមួយក្បាលឈ្មោះ ខាត់នី ផល្លី ដើម្បីពន្យារសុពលភាព ហើយខ្លួនបានយកលិខិតឆ្លងដែនឲ្យទៅឈ្មោះ ណា វ៉ាត់ ហើយ ណា វ៉ាត់ ថា ចាំយកមកឲ្យឈ្មោះ សម្ផ័ស បោះត្រាឲ្យ រួចក៏ប្រគល់បាស្ព័ និងលុយ១០០០បាត។
ក្រោយសាកសួរ ជនសង្ស័យឈ្មោះ ណាវ៉ាត់ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ បាននិយាយថា ខ្លួនពិតជាបានទទួលលិខិតឆ្លងដែនឈ្មោះ ខាត់នី ផល្លីភេទ អាយុ៣១ឆ្នាំ យកមកអោយឈ្មោះ សម្ផ័ស ពន្យាពិតមែន។
នៅនាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩ ឈ្មោះ អ៊ឹម សម្ផ័ស បានសារភាពថា ខ្លួនពិតជាមានត្រាពន្យារប៉ាស្ព័រ និងបានបោះត្រាពន្យារមួយរយៈកន្លងមក បានប្រហែល៣០ក្បាល ពេលនះបានយកត្រាមកប្រគល់ជូនសមត្ថកិច្ចប៉ោយប៉ែតផងដែរ។ បច្ចុប្បន្ននេះសមត្ថកិច្ច បានរៀបចំសំណុំរឿងបញ្ជូន ទៅកាន់សាលាដំបូងខេត្តចាត់ការតាមនិតិវិធីច្បាប់៕