(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានថ្លែងកោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដែលបានយកចិត្តទុកដាក់លើស្រ្តី ដែលជាកម្លាំងនគរបាលជាតិ ក្នុងការលើកកម្ពស់ សមភាពយេនឌ័រ និងតម្លៃស្រ្តីខ្មែរឱ្យមានកិត្តិយសខ្ពង់ខ្ពស់ បង្កើនការលើកកម្ពស់សិទ្ធិនារី ឱ្យស្មើមុខស្មើមាត់ នឹងបុរស។
ការថ្លែងកោតសសើរបែបនេះ របស់អភិបាលខេត្តកំពង់ធំ បានធ្វើឡើងនាថ្ងៃទី០៨ ខែមីន ឆ្នាំ២០១៩នេះ ម្សិលមិញ នៅក្នុងឱកាសលោកបាន អញ្ជើញជាអធិបតីភាពការរៀបចំអបអរសាទរ ខួបលើកទី១០៨ ទិវានារីអន្តរជាតិ ៨ មីនា ឆ្នាំ២០១៩ ក្រោមប្រធានបទ «លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គមដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស» របស់ស្នងការនគរបាលខេត្តកំពង់ធំ។
លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ មានមតិស្វាគមន៍ជូនដល់គណៈអធិបតី និងកងកម្លំាំងរួចមក លោកស្រីវរសេនីយ៍ឯក កង កូយ ស្នងការរងនគរបាលខេត្ត បានអានព្រះរាជសារ ខួបលើកទី១០៨ ទិវានារីអន្តរជាតិ ៨ មីនា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវរាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូ និងសុភមង្គល។
ជាមួយគ្នានេះដែរលោក សុខ លូ ក៏បានថ្លែងជំរុញលើកទឹកចិត្តដល់ស្ត្រីជាកងកម្លាំងនគរបាលជាតិ បានចូលកាន់តួនាទីក្នុងមុខតំណែងជាថ្នាក់ដឹកនាំ ក្នុងអង្គភាពនីមួយៗ យ៉ាងតិចមានស្ត្រីម្នាក់ មានតួនាទីស្មើនឹងបុរសក្នុងកិច្ចការអភិវឌ្ឍន៍សង្គម និងប្រទេសជាតិ ហើយមិនត្រូវប្រៀបធៀប សមត្ថភាពស្រ្តី ទៅនឹងបុរសនោះទេ។ មិនតែប៉ុណ្ណោះ យើងត្រូវចាត់ទុកថា ថ្ងៃ ៨មិនា ជាថ្ងៃសិទ្ធិនារី មិនមែនមានតែមួយថ្ងៃនេះទេ គឺមានរហូត ដោយស្ត្រីគ្រប់រូបទទួលបានសិទ្ធិស្មើរភាពគ្នាជាមួយ និងបុរសហើយត្រូវរួមគ្នាជៀសវាងដាច់ខាតនូវគ្រប់រូបភាពនៃការប្រើប្រាស់អំពើហឹង្សាលើស្រ្តី។
ទន្ទឹមនឹងនេះដែរលោកអភិបាលខេត្ត ក៏បានស្នើសុំដល់កងកម្លាំងទាំងអស់ ត្រូវគោរពនូវវិន័យ បទបញ្ហាផ្ទៃក្នុងឱ្យបានម៉ឺងម៉ាត់ ជាពិសេសត្រូវមានកត្តាសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អ ខិតបំពេញតួនាទី ភារកិច្ច និងគោរពតាមបទបញ្ជារបស់ថ្នាក់លើដែលប្រគល់ឱ្យ។
លើសពីនេះទៀតលោកបានបញ្ជាក់ថា ខេត្តកំពង់ធំឆ្នាំនេះ ក្នុងការអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព យើងទទួលបាន បានលទ្ធផលល្អប្រសើរ ក្នុងការចូលរួមប្រឡងប្រណាំងទូទាំងប្រទេស ក្នុងនោះ ចំណាត់ថ្នាក់លេខ១ មានចំនួន ៦៤ឃុំ សង្កាត់ ចំណាត់ថ្នាក់លេខ២ ចំនួន ១៤ឃុំ សង្កាត់ ចំណាត់ថ្នាក់លេខ៣ ចំនួន៣ឃុំ៕