(សៀមរាប)៖ លោក ទៀ សីហា អភិបាលខេត្តសៀមរាប តំណាងសម្តេចពិជ័សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំក្រុមការងារចុះសាកសួរសុខទុក្ខ បងប្អូនយោធិនពិការ នៅមជ្ឈមណ្ឌលអភិវឌ្ឍ យោធិនពិការ សម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧ ខេត្តសៀមរាប ក្នុងនោះក៏មានការចូលរួមពីក្មួយៗសិស្សានុសិស្ស ព្រះសង្ឃ តាជីយាជី និងអ្នកជំងឺ កំពុងសម្រាកព្យាបាល នៅក្នុងមជ្ឈមណ្ឌលនេះ ផងដែរ នារសៀលថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៩ ចំថ្ងៃខួបអនុស្សាវរីយ៍ លើកទី១០៨ នៃទិវានារីអន្តរជាតិ០៨ មីនា។
ជាមួយគ្នានេះដែរលោកឧត្តមសេនីយ៍ឯក ពៅ ស៊ា នាយកមជ្ឈមណ្ឌលអភិវឌ្ឍ បានឱ្យដឹងថា ចាប់តាំងពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១០ រហូតមកដល់ ថ្ងៃទី០៨ មីនា ឆ្នាំ២០១៩នេះ មានរយៈពេល៨ឆ្នាំ និង៨ខែ ដែលបងប្អូនយោធិនពិការ បានចូលមករស់នៅក្នុងមជ្ឈមណ្ឌលបច្ចុប្បន្នមាន ២៧០គ្រួសារ ក្នុងនោះយោធិនពិការ សរុបចំនួន ២៤៥គ្រួសារ និងមានសមាជិកសរុប ១,២៧០នាក់ ក្នុងនោះស្ត្រី ៦១៤នាក់។ ក្រៅពីនេះ មានគ្រូបង្រៀនស្ម័គចិត្ត ចំនួន២៣គ្រួសារ, ពេទ្យឆ្មបស្ម័គ្រចិត្ត ២គ្រួសារ, និងព្រះសង្ឃគង់នៅវត្ត ព្រះខ័នសែនជ័ន ចំនួន ៥អង្គ។ ចំណែកសិស្សានុសិស្ស ពីបឋមដល់វិទ្យាល័យ មានសិស្សសរុប ៥៨០នាក់។
បងប្អូនយោធិនពិការ លោកគ្រូអ្នកគ្រូ និងពេទ្យឆ្មបស្ម័គ្រចិត្ត ក្នុងរយៈពេលកន្លងមកសុទ្ធសឹង បានទទួលនូវរបបគោលនយោបាយដូចៗគ្នា ពីប្រមុខរាជរដ្ឋាភិបាល ក្នុងនោះដីចំនួន១ហិតាកន្លះ លំនៅដ្ឋាន១ខ្នង ក្នុងមួយគ្រួសារ សម្រាប់ស្នាក់នៅ និងបង្កបង្កើនផល។ ដោយបានការយកចិត្តទុកដាក់ឧបត្ថមជាបន្តបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានធ្វើឱ្យបងប្អូនយោធិនពិការ និងគ្រួសារមានលំនឹងលើផ្នែកជីវភាពរស់នៅបានល្អប្រសើរហូតមកដល់សព្វថ្ងៃនេះ។
ក្នុងឱកាសនោះ លោកអភិបាលខេត្ត បាននាំការផ្តាំផ្ញើរសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសម្តេចពិជ័យសេនា ទៀ បាញ់ ដល់បងប្អូនយោធិនពិការ និងបងប្អូនបានមករស់នៅ ក្នុងមជ្ឈមណ្ឌលអភិវឌ្ឍយោធិនពិការនេះ នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ខាងមុខនេះ។
លោកបានលើកឡើងថា សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែគិតដល់ពីសុខទុក្ខយោធិន និងប្រជាពលរដ្ឋ ទាំងអស់ដោយមិនបោះបង់ អ្នកណាម្នាក់ឡើយ។ លោកក៏បានផ្តាំផ្ញើរដល់បងប្អូនយោធិនពិការ សុំចូលរួមទប់ស្កាត់បញ្ហាគ្រឿងញៀន ដែលកំពុងរីករាលដាលពីទីក្រុងមកដល់ជនបទ ហើយនៅតាមជនបទងាយស្រួលឱ្យពួកគេ ធ្វើចរាចរណ៍លក់ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ហើយរួមគ្នាចូលរួមទប់ស្កាត់បទល្មើសព្រៃឈើគ្រប់ប្រភេទ។
ក្នុងនោះដែរ ក៏លោកបានផ្តាំឱ្យបងប្អូនត្រៀម និងរកប្រភពទឹក ឱ្យបានគ្រប់គ្រាន់ ដើម្បីប្រើប្រាស់ប្រចាំថ្ងៃយោងតាមការព្យាករណ៍មកថាកម្ពុជា និងរងចំណោទទឹកក្នុងរដូវប្រាំងឆ្នាំ២០១៩ ដែលជួបនិងគ្រោះសីតុណ្ហភាពកម្តៅ អែលនីញ៉ូ។ ក្នុងនោះលោកបាននាំយកអំណោយ របស់សម្តេចពិជ័យសេនា ទៀ បាញ់ ទៅចែកជូនដល់យោធិនពិការ លោកគ្រូ អ្នកគ្រូ គ្រូពេទ្យស្ម័កចិត្ត ចំនួន២៧៥នាក់ ក្នុងម្នាក់ៗទទួលបាន៣ម៉ឺនរៀល និងឃីដមួយកញ្ចប់ សម្រាប់សិស្សានុសិស្ស៥៨០នាក់ ដែលម្នាក់ៗទទួលបានថវិកា ៥,០០០រៀល និងសៀវភៅ/ប៊ិច។
ចំពោះព្រះសង្ឃ ៥អង្គ ទទួលបានស្លាដក់ ៥កញ្ចប់ និងបច្ច័យ ២៥ម៉ឺនរៀល, តាជី យាជី ១៧នាក់ ទទួលបានសំពត់ស១៧ដុំ និងថវិកា១៧ម៉ឺនរៀល និងបានប្រគេនអង្ករ ៥០០គ.ក ត្រីខកំប៉ុង ២កេស, ម៊ី ៥កេស, អំបិល ៥០គ.ក, ស្កសរ ២០គ.ក, ទឹកដោះគោ ២០កំប៉ុង, ទឹកក្រូច ២កេស, និងតែ ២គ.ក សម្រាប់ប្រើប្រាស់ក្នុងពិធីបុណ្យចូលឆ្នាំ នាពេលខាងមុខ ហើយអ្នកសម្រាកព្យាបាល១៥នាក់ ក្នុងម្នាក់ទទួលបាន៥ម៉ឺនរៀល និងឃីដមួយកញ្ចប់ ផងដែរ៕