(ភ្នំពេញ)៖ និស្សិតខ្មែរដំបូងគេ ដែលបានបញ្ចប់ការសិក្សាវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ទទួលបានអាហារូបករណ៍ ១០០% សម្រាប់ទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) នៅសាកលវិទ្យាល័យស្ទែនហ្វត៍ (Stanford University) នៅសហរដ្ឋអាមេរិក ដែលជាសាកលវិទ្យាល័យលំដាប់ទី៣ លើពិភពលោក។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ The Knight-Hennessy Scholars នៃសាកលវិទ្យាល័យ ស្ទែនហ្វត៍ ដែលបានចេញផ្សាយក្នុងសប្តាហ៍នេះបានឱ្យដឹងថា ក្នុងចំណោមបេក្ខជនដែល បានដាក់ពាក្យប្រឡងអាហារូប ករណ៍ចំនួន ៤៤០០នាក់ និស្សិត លេន សៀវឡាន បានឈ្នះអាហារូបករណ៍ពីសាកលវិទ្យាល័យកំពូលនេះក្នុងចំណោមនិស្សិត ឆ្នើម ៦៨ នាក់ទៀតមកពីបណ្តាប្រទេស ផ្សេងៗជុំវិញពិភពលោក។
សៀវឡាន មានស្រុកកំណើតនៅខេត្តសៀមរាប។ នាងបានបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញកិច្ចការសាកល នៅសាកលវិទ្យាល័យ AUPP ដោយទទួលបានអាហារូបករណ៍ ១០០ % ពីស្ថាបនិកសាកលវិទ្យាល័យ AUPP និងស្នាក់នៅក្នុងអន្តេវាសិកដ្ឋានហាប់ស្វ៊ែល។
សៀវឡាន បានចូលរួមសកម្មភាពដឹកនាំជាច្រើនក្នុងសង្គម និងការបង្កើតគោលនយោបាយសម្រាប់ស្វែងរកដំណោះស្រាយ លើវិស័យអប់រំនិងសង្គមនៅកម្ពុជា។ សៀវឡាន ជាជំនួយការស្រាវជ្រាវ ផ្នែកសង្គម និងជាអ្នកស្មគ្រចិត្តសម្រាប់មូលិធីអាល្លឺម៉ង់ឈ្មោះ Konrad-Adenauer-Stiftung។ នាងក៏ជាស្ថាបនិកនិងជាអ្នកកែរសម្រួលនៃសារព័ត៌មាន The Eagle Times នៅសាកលវិទ្យាល័យ AUPP ផងដែរ។
សៀវឡាន បានបង្ហាញពីអារម្មណ៍រំភើបបន្ទាប់ពីទទួលដំណឹងលទ្ធផលអាហារូបករណ៍នេះថា «ក្តីស្រម៉ៃរបស់នាងបានក្លាយជាការពិតហើយបន្ទាប់ពីការតស៊ូយ៉ាងស្វិតស្វាញ។ នាងស្ទើរតែមិនជឿចំពោះលទ្ធផលដ៏ត្រចេះត្រចង់នេះ»។
លោកសាស្រ្តាចារ្យបណ្ឌិត Kenneth Dunn សាកលវិទ្យាធិកា AUPP បានមានប្រសាសន៍ថា “នេះជាលើកទី១ ក្នុងប្រវត្តិសាស្រ្តអប់រំកម្ពុជា ដែលនិស្សិតខ្មែរទទួលបានអាហារូបករណ៍ ពីសាកលវិទ្យាល័យលំដាប់កំពូលរបស់ពិភពលោកនេះ។ AUPP សូមចូលរួមអបអរសាទរយ៉ាងជ្រាលជ្រៅដល់និស្សិតឆ្នើមរបស់យើង សម្រាប់ជ័យជម្នះដ៏ត្រចះត្រចង់នេះ។
លោកបណ្ឌិត Kenneth Dunn បានបន្តទៀតថា «AUPP សូមជូនពរ សៀវឡាន ឱ្យទទួលបានជោគជ័យពីការសិក្សា។ យើងនៅតែបន្តលើកទឹកចិត្ត សៀវឡាន ឱ្យត្រឡប់មកកម្ពុជាវិញ បន្ទាប់ពីបញ្ចប់ការសិក្សា ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិ»។
បណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា «AUPP បានកំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងវិស័យអប់រំ និងកិច្ចអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា តាមរយៈការផ្តល់ជូននិស្សិតខ្មែរនូវការអប់រំប្រកបដោយគុណភាពខ្ពស់ និងសញ្ញាបត្រដែលចេញដោយគ្រឹះស្ថានឧត្តមសិក្សានៅសហរដ្ឋអាមេរិក។ លោកជឿជាក់យ៉ាងមុតមាំថា AUPP នឹងក្លាយជាសាកលវិទ្យាល័យគម្រូ សម្រាប់គ្រឹះស្ថានឧត្តមសិក្សានៅកម្ពុជា និងក្នុងតំបន់»។
AUPP ជាសាកលវិទ្យាល័យតែមួយគត់នៅកម្ពុជា ដែលបើកបណ្តុះបណ្តាលកម្មវិធីបរិញ្ញាបត្រសញ្ញាបត្រពីរ (០២) ដែលមានការទទួលស្គាល់ជាសាកល ជាមួយសាកលវិទ្យាល័យអាមេរិកធំៗពីរ គឺសាកលវិទ្យាល័យអារីហ្សូណា និងសាកលវិទ្យាល័យរដ្ឋហ្វតហេស៍៕