(ព្រះសីហនុ)៖ អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន បានទូរស័ព្ទស្នើសុំអន្តរាគមន៍ទៅរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដើម្បីជួយសម្រួលបញ្ហាទឹកស្អាតនៅខេត្តព្រះសីហនុ នៅតាមតំបន់មួយចំនួន ក្នុងក្រុងកំពុងជួបបញ្ហាខ្វះទឹកប្រើមិនគ្រប់គ្រាន់។
សំណើសុំអន្តរាគមន៍នេះធ្វើឡើង គ្រាដែលលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩ អញ្ជើញទៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បន្ទាប់ពីទទួលដំណឹងថា មន្ទីរពេទ្យរដ្ឋនេះជួបបញ្ហាខ្វះខាតទឹកស្អាតប្រើប្រាស់។
ក្រោយពេលទទួលបានការបញ្ជាក់ពីគណៈគ្រប់គ្រងមន្ទីរបង្អែកនេះ អភិបាលខេត្ត បានជំរុញឲ្យមន្ត្រីជំនាញរដ្ឋាករទឹក ពិនិត្យដោះស្រាយបញ្ហានេះឲ្យបានលឿនបំផុត។ លោក យន្ត មីន បានណែនាំដល់ប្រធានអង្គភាពរដ្ឋាករទឹកខេត្តព្រះសីហនុ ធើ្វយ៉ាងណារកវិធីដោះស្រាយទឹកជូន មន្ទីរពេទ្យឱ្យបានទាន់ពេលវេលា ព្រោះអ្នកជំងឺ និងគ្រូពេទ្យត្រូវការទឹកចាំបាច់មិនអាចខ្វះបាន ហើយបញ្ហាទឹក ភ្លើងជារឿងសំខាន់ដែលយើងជាមន្ត្រីជានាញរួមគ្នាគិត រួមគ្នាធ្វើ និងដោះស្រាយឱ្យបានទាន់ពេលវេលា។
ចំពោះមុខនេះ លោកអភិបាលបានណែនាំឲ្យឡានដឹកទឹករបស់រដ្ឋបាលខេត្ត ដឹកទឹកយកមកជួយផ្គត់ផ្គង់បណ្តោះអាសន្ន រង់ចាំការដោះស្រាយបញ្ហាទឹករបស់អង្គភាពរដ្ឋាករទឹកដល់មន្ទីរពេទ្យ ក៏ដូចប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុ មានដំណើរការប្រក្រតីឡើងវិញ។
លោក ផន រតនៈ ប្រធានអង្គភាពរដ្ឋាករទឹកខេត្តព្រះសីហនុ បច្ចុប្បន្នរដ្ឋាករទឹកទទួលទឹកស្អាតពីក្រុមហ៊ុន អានកូ យកមកចែកចាយបំរើជាឲ្យប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុ។
ហើយបញ្ហាទឹកស្អាតនេះ កំពុងចោទជាបញ្ហាផងដែរ ដោយសារក្រុមហ៊ុនអានកូផ្គត់ផ្គង់មិនគ្រប់ចំនួន។
លោកបានបន្តថា តម្រូវការទឹកប្រើប្រាស់ជាក់ស្តែង នៅក្រុងព្រះសីហនុក្នុងមួយថ្ងៃ ចាប់ពី ៣៨.០០០ ទៅ ៤០.០០០ម៉ែត្រគូប ប៉ុន្តែខាងក្រុមហ៊ុន អានកូ បានផលិតទឹកបញ្ជូនមកឲ្យខាងរដ្ឋាករទឹកខេត្ត បានត្រឹមតែ ២៨.០០០ ទៅ ៣០.០០០ម៉ែត្រគូបតែប៉ុណ្ណោះ ជាហេតុនាំឲ្យតំបន់មួយចំនួន ក្នុងក្រុងព្រះសីហនុ ខ្វះខាតទឹកស្អាតប្រើប្រាស់។
លោកបន្តថា រដ្ឋាករទឹក ក៏ដូចជាអាជ្ញាធរខេត្ត បានប្រជុំដោះស្រាយជាបន្តបន្ទាប់ ជាមួយក្រុមហ៊ុន អានកូ ក៏ប៉ុន្តែខាងក្រុមហ៊ុន (អានកូ) នៅតែមិនបានផ្គត់ផ្គង់ទឹកមកខាងរដ្ឋាករទឹកខេត្ត តាមតម្រូវការនៅឡើយ។ ជាមួយគ្នានេះដែរ ក្រុមហ៊ុន អានកូ ខ្លួនឯងក៏រកស៊ីចែកចាយផ្គត់ផ្គង់ទឹកទៅឱ្យសណ្ឋាគារ ខុនដូរ និងអាគារពាណិជ្ជកម្មដោយផ្ទាល់តែម្តង។
ទោះជាបែបនេះ បញ្ហាទឹកស្អាតនេះត្រូវបានគេលើកឡើងស្រដៀងៗគ្នាថា រឿងនេះមានតែក្រសួងទេ ទើបអាចដោះស្រាយបញ្ហាទឹកស្អាតជាមួយក្រុមហ៊ុនអានកូនៅខេត្តព្រះសីហនុបាន។
បើតាមលោក សេង ណុង ប្រធានមន្ទីរពេទ្យបង្អែកចំការចេក ក្រុងព្រះសីហនុ មានឲ្យដឹងថា បច្ចុប្បន្នមន្ទីរពេទ្យមានអ្នក ជំងឺចូលមកសម្រាកព្យាបាលជាមធ្យម ក្នុងមួយថ្ងៃ២០០នាក់ នេះមិនទាន់គិតបញ្ចូលអ្នកមកថែទាំអ្នកជំងឺ និងបុគ្គលិកពេទ្យផង។ ហើយតម្រូវការប្រើប្រាស់ទឹកស្អាតប្រមាណ៤០ម៉ែត្រគូប ក្នុងមួយថ្ងៃ ប៉ុន្តែទឹកស្អាតមិនចេញ មន្ទីរពេទ្យធ្វើការបួមទឹកចេញពីអណ្ដូង ស្នប់របស់មន្ទីរពេទ្យដើម្បីជាជំនួយ ក៏ប៉ុន្តែការបួមនេះ មិនអាចផ្គត់ផ្គង់ដល់ការប្រើប្រាស់ក្នុងមន្ទីរពេទ្យបានទេ៕