(ភ្នំពេញ)៖ កម្លាំងនគរបាលប៉ុស្ដិ៍ស្វាយប៉ាក នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួនជាក់ស្ដែងលើជនសង្ស័យ ចំនួន៣នាក់ រកឃើញថ្នាំញៀនជាកញ្ចប់តូចៗ ចំនួន៣៤កញ្ចប់ ក្នុងបទល្មើសប្រើប្រាស់ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
បើតាមការបញ្ជាក់ឲ្យបានដឹងពីលោកវរសេនីយ៍ទោ គល់ យី អធិការនគរបាលខណ្ឌ ការឃាត់ខ្លួនជាក់ស្ដែងនេះ គឺបានអនុវត្តឡើងស្ថិតនៅត្រង់ចំណុចក្រុមទី៩ ភូមិលូសង្កាត់ ស្វាយប៉ាក ខណ្ឌឫស្សីកែវ នាវេលាម៉ោង០៩៖០០នាទីយប់នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩។
លោកអធិការខណ្ឌឫស្សីកែវបញ្ជាក់ថា ជនសង្ស័យទាំង៣នាក់ ទី១៖ឈ្មោះ ស្មាស សាហ្វីអី អាយុ២៩ឆ្នាំ មានទីលំនៅក្រុមទី៤ ភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ (ជួញដូរ), ទី២៖ឈ្មោះ វិន យ៉ាំងថាន់ អាយុ៣៦៣ឆ្នាំ មានទីលំនៅផ្ទះលេខ៦៩១ ផ្លូវលំ ក្រុមទី៩ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ (ជួញដូរ) និងទី៣៖ឈ្មោះ ហា ណាហ្វី អាយុ២៨ឆ្នាំ មានទីលំនៅផ្ទះលេខ១៤១៦ ផ្លូវជាតិលេខ៥ ក្រុមទី៦ ភូមិ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ (ប្រើប្រាស់) ដោយប្រតិបត្តិការនោះដែរ ដកហូតបានក្រាមពណ៌សថ្លា ចំនួន៣៤កញ្ចប់តូចៗ សម្រាប់ធ្វើការជួញដូរ និងដាវកែឆ្នៃ១ដើម ទូរស័ព្ទដៃចំនួន៣គ្រឿង។
អធិការខណ្ឌរូបនេះ បានឲ្យដែរថា ក្រោយពីបង្ក្រាបពួកគេទាំង៣នាក់ និងវត្ថុតាងថ្នាំញៀន បាននិងកំពុងស្ថិតក្រោមការឃុំខ្លួនសាកសួរបណ្ដោះអាសន្ន នៅអធិការដ្ឋានខណ្ឌ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនិតិវិធី៕