(ភ្នំពេញ)៖ លោក ស្រី ដា អ្នកនាំពាក្យក្រសួងផែនការ បានប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៩នេះថា ក្រសួងគ្រោងបន្ថែម រយៈពេល២ថ្ងៃ សម្រាប់ការចុះធ្វើជំរឿន នៅតាមមណ្ឌលមួយចំនួន ក្នុងប្រទេសកម្ពុជា ដោយសារតែចំនួនគ្រួសារមានការកើនឡើងលើសការគ្រោងទុក។
លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ជំរឿនទូទៅប្រជាជននៅកម្ពុជាឆ្នាំ២០១៩នេះ តាមការប៉ាន់ស្មានតំបន់មណ្ឌលជំរឿនមួយចំនួន ប្រហែលនឹងត្រូវពន្យារពេលរយៈពេល២ថ្ងៃ គឺរហូតដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ ដោយសារមណ្ឌលជំរឿនទាំងនោះ មានចំនួនគ្រួសារកើនឡើងច្រើនជាងការគ្រោងទុក»។
សូមជម្រាបថា តាមការគ្រោងទុក ការធ្វើជំរឿននៅកម្ពុជាលើកនេះ មានរយៈពេល១១ថ្ងៃ ចាប់ពីថ្ងៃទី០៣ រហូតដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩។ ជំរឿនទូទៅប្រជាជនកម្ពុជា មានសារសំខាន់ខ្លាំងណាស់ និងជាប្រភពតែមួយគត់ ដែលអាចផ្តល់ទិន្នន័យពេញលេញ និងច្បាស់លាស់ ព្រមទាំងបានកំណត់ចរិកលក្ខណៈ ស្ថានភាពរស់នៅពិតប្រាកដ របស់ប្រជាជននៅទូទាំងប្រទេស។ ជំរឿនប្រជាជន គឺជាប្រភពតែមួយគត់ ដែលអាចផ្តល់ទិន្នន័យពេញលេញអំពីចំនួនប្រជាជន និងចរិតលក្ខណៈប្រជាជន នៅក្នុងប្រទេស។
សម្ដេចតេជោ ហ៊ុន សែន ក្នុងនាមប្រមុខរាជរដ្ឋាភិបាល បានចេញសារអំពាវនាវដល់ជនរួមជាតិគាំទ្រ និងចូលរួមការធ្វើជំរឿនទូទៅប្រជាជនកម្ពុជា ចាប់ផ្ដើមពីថ្ងៃទី០៣ រហូតដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ ដោយត្រូវចូលរួមផ្ដល់ព័ត៌មានតាមសំណួរ សម្ភាសន៍ឲ្យបានគ្រប់គ្រាន់ ត្រឹមត្រូវ និងស្មោះត្រង់ ជូនមន្ដ្រីធ្វើជំរឿនប្រជាជន។
ប្រទេសកម្ពុជា ធ្លាប់ធ្វើជំរឿន៤លើករួចមកហើយ គឺនៅឆ្នាំ១៩២១, ឆ្នាំ១៩៦២ ឆ្នាំ១៩៩៨ និងឆ្នាំ២០០៨។ ប៉ុន្តែនៅឆ្នាំ១៩២១ ធ្វើឡើងដោយអាណាព្យបាលបារាំង មិនមែនជាការធ្វើជំរឿនដោយពិតប្រាកដឡើយ ពីព្រោះគោលបំណងជាចម្បងគឺចង់ដឹងអំពីចំនួនមនុស្សចាប់ពីអាយុ២០ឆ្នាំ ដល់៦០ឆ្នាំប៉ុណ្ណោះ ដើម្បីប្រមូលពន្ធដារ៕